ប្រជាជនវេណេហ្សូអេឡ បានភៀសខ្លួនជារៀងរាល់ថ្ងៃចេញពីប្រទេសប្រមាណជា ៥ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឱ្យកើនឡើងជិត៣លាននាក់ ចាប់តាំងផ្ទុះវិបត្តិនយោបាយនៅឆ្នាំ ២០១៦។ នេះបើតាម ឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិចុះផ្សាយឱ្យដឹងនៅថ្ងៃទី១៨តុលាឆ្នាំ២៩១៨នេះ។
លោក Matthew Raynolds មន្ត្រីនៃឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ការចាកចេញពីប្រទេសរបស់ប្រជា ជនវេណេហ្សូអេឡា ជារៀងរាល់ថ្ងៃនេះ បាននាំឱ្យវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។ លោកថា ពលរដ្ឋទាំងនោះ ត្រូវការជំនួយជាបន្ទាន់។
គេហទំព័រ The Conversation.com ចុះផ្សាយថា ពលរដ្ឋវេណេហ្សូអេឡា ដែលបានភៀសខ្លួន មកកាន់ប្រទេសជិតខាងកំពុងជួបគ្រោះទុរភក្សជាខ្លាំង។ ពួកគេចង់ត្រឡប់ទៅ ប្រទេសខ្លួនវិញ ប៉ុន្តែ ត្រូវការមេដឹកនាំថ្មី ហើយ សុំដោះដូររបបសង្គមនិយមពីលោកម៉ាឌូរ៉ូ។ ពលរដ្ឋទាំងនោះ ចង់ឃើញអាមេរិក ចូលអន្តរាគមន៍ដើម្បី បញ្ចប់របបរបស់លោកម៉ាឌូរ៉ូ។
នៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានទៅដល់ប្រទេស ម៉ិចស៊ិក និងប៉េរូ ដើម្បីសិក្សាអំពីការកសាងប្រជាធិបតេយ្យឡើងវិញនៅវេណេហ្សូអេឡានៅពេលរបបលោកម៉ាឌូរ៉ូត្រូវបានបញ្ចប់។
លោក ម៉ាឌូរ៉ូ បានបន្តកាន់អំណាចជាប្រធានាធិបតីមួយអាណត្តិទៀតបន្ទាប់ពីលោកបានជាប់ឆ្នោត នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០១៨ តែការបោះឆ្នោតនេះ មិនត្រូវបានអាមេរិក សហភាពអឺរ៉ុបនិងប្រទេសដទៃទៀតទទួលស្គាល់ថា បានធ្វើឡើងស្របនឹងឆន្ទៈរបស់ពលរដ្ឋដោយសារតែអវត្តមានបេក្ខជនគណបក្សប្រឆាំង៕