រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រតិកម្មភ្លាមៗទៅនឹងការរិះគន់របស់លោក សម រង្ស៊ី ទៅលើប្រព័ន្ធអប់រំនៅកម្ពុជាថា មានគុណភាពអប់រំខ្សោយជាទីបំផុត ហើយនិស្សិតចេញពីសាលាអត់ការងារធ្វើ និងសញ្ញាបត្រនៅស្រុកខ្មែរមិនសូវមានតម្លៃ។ មិនតែប៉ុណ្ណោះលោក ហង់ ជួនណារ៉ុន បានលើកឡើងថា ការរិះគន់របស់លោកសម រង្ស៊ី ជាការមើលងាយ និងមិនឲ្យតម្លៃការអប់រំនៅកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា នាឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០១៥ នៅសាលាបច្ចេកវិទ្យាកម្ពុជា លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការលើក
ឡើងពីបញ្ហាគុណភាពអប់រំរបស់លោកសម រង្ស៊ី គឺមិនបានមើលទៅលើបញ្ហាដែលកើតឡើងក្នុងសង្គមកម្ពុជា។ លោកថា កម្ពុជាទើបតែរួចផុតពីសង្គ្រាមរយៈពេល១៥ឆ្នាំនេះទេ ហើយគ្រូបង្រៀនស្ទើរតែទាំងអស់ត្រូវបានខ្មែរក្រហមសម្លាប់ ដែលជាបញ្ហាធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជានៅមានកម្រិត។
លោកបន្តទៀតថា អ្វីដែល លោកសម រង្ស៊ីវាយប្រហារ និងមិនឱ្យតម្លៃប្រព័ន្ធអប់រំនៅកម្ពុជា ដោយសារតែរូបលោក សម រង្ស៊ី និងគ្រួសាររបស់លោក មិនដែលបានសិក្សានៅកម្ពុជា។«មិនបានគិតអំពីការទិតៀនមួយ វាយប្រហារមិនមែនជាការទិតៀនមួយ ជួយគេហៅថាកែលម្អទេ។ ដូច្នេះការវាយប្រហារនេះ វាជាការគ្មានន័យ ក៏ដូចជាការគ្មានសារអីដែរ ដោយហេតុថាទី១ អ្នកនយោបាយ បានតែថា ប៉ុន្តែមិនដែលបានធ្វើ យើងមិនដែលឃើញថា ឯកឧត្តមសម រង្ស៊ី ហ្នឹង បានកៀងគរធនធានទៅសាងសង់សាលាតែមួយ ណាមួយនៅកម្ពុជា មិនដែលឃើញទេ។ យើងក៏មិនច្បាស់ថា គាត់ហ្នឹងសរសេរខ្មែរបានល្អដែរ»។
លោក ហង់ ជួនណារ៉ុនបានឱ្យដឹងដែរថា ប្រព័ន្ធអប់រំនៅកម្ពុជាបច្ចុប្បន្ន មានភាពប្រសើរឡើងជាងមុន ហើយក្រសួងនឹងយកចិត្តទុកដាក់បណ្តុះបណ្តាលគ្រូបន្ថែមទៀត ជាពិសេសនឹងដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀនឱ្យបានសមរម្យនៅឆ្នាំ២០១៦ ។
សូមជ្រាបថា ក្នុងពិធីពិធីប្រគល់ វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សទើបបានបញ្ចប់វគ្គសិក្សា ជំនាញកុំព្យូទ័រ និងភាសាអង់គេ្លស រយៈពេល៣ខែ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល គ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០៤ តុលា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងរិះគន់ពីប្រព័ន្ធអប់រំនៅកម្ពុជាថា និស្សិតចេញពីសាលាគ្មានការងារធ្វើ ប្រព័ន្ធអប់រំមានភាពទន់ខ្សោយ ធ្វើឲ្យបាត់បង់តម្លៃគ្រូបង្រៀនជាដើម ។ លោកក៏បានថ្លែងចំអកចំពោះសញ្ញាបត្រ ដែលសិស្សនិស្សិតទទួលបានពីសកលវិទ្យាល័យនានា នៅក្នុងស្រុកថា មិនសូវមានតម្លៃ មានតែសញ្ញាបត្រ តែគ្មានគុណភាព ហើយសញ្ញាបត្រដែលទទួលបានបិទនៅលើជញ្ជាំងទុកសម្រាប់មើល តែមិនអាចយកទៅប្រើការបាន ។
លោកសមរង្ស៊ីក៏បានលើកឡើងដែរថា ប្រសិនបើគណបក្សសង្គ្រោះជាតិជាប់ឆ្នោតនៅអាណត្តិក្រោយ លោកនឹងរៀបចំប្រ័ពន្ធអប់រំឡើងវិញ កំណត់គោលដៅច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាព និងធនធានយុវជន ជាពិសេសធ្វើឲ្យប្រទេសកាន់តែរីកចម្រើនថែមទៀត៕