ប្រទេសម៉ាឡេស៊ីត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថាជារដ្ឋប្រជាធិបតេយ្យជឿនលឿនគួរអោយកត់សម្គាល់ ជាងគេ នៅក្នុងសមាគមអាស៊ីអាគ្នេយ៌ហៅកាត់ថា អាស៊ានបន្ទាប់ពីប្រទេសឥស្លាមមួយនេះ បានឆ្លងកាត់ការបោះឆ្នោតសភានីតិកាលទី១៤ ដែលជ័យជម្នះបានទៅលើគណបក្សប្រឆាំងដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាម៉ាតនិង អ្នកទោសនយោបាយ លោកអាន់វ៉ាអ៊ីប្រាហ៊ិម។ អ្វីដែលនាំឱ្យមានការកត់សម្គាល់ខ្លាំងនៅពេលនេះ គឺអតីតអ្នកទោសនយោបាយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីណាជីប គឺលោកអាន់វ៉ា បានជាប់ឆ្នោតជាសមាជិកសភា ហើយមានឱកាសឡើងធ្វើជានាយករដ្ឋមន្ត្រីជំនួសលោកមហាធានៅរយៈពេលជាងមួយឆ្នាំទៀតនេះ។
លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល ៖
ចាប់តាំងពីការចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រីនៃអតីតគណបក្សប្រឆាំងហៅថា សម្ព័ន្ធនៃក្ដីសង្ឃឹមកាលពីថ្ងៃទី១០ឧសភា ២០១៨មកនេះ គេសង្កេតឃើញប្រទេសម៉ាឡេស៊ីនេះ មានការប្រែប្រួលជាខ្លាំងទាំងនយោបាយនិងសេដ្ឋកិច្ច ហើយអ្វីជាការកត់សម្គាល់នោះគឺការត្រៀមចូលកាន់តំណែងរបស់អតីតអ្នកទោសនយោបាយ អាន់វ៉ាអ៊ីប្រាហ៊ិមជំនួសលោក មហាធា ដែលគេរំពឹងថា លោកអាន់វ៉ានឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២០។
លោកអាន់វ៉ាបានជាប់ពន្ធនាគារលើកទីពីររយៈពេល ជិត៥ឆ្នាំ នៅក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ដែលកំពុងក្លាយជាជនជាប់ចោទ ករណីកឹបកេងទ្រព្យសម្បតិ្តរដ្ឋរាប់រយលានដុល្លារអាមេរិក។ លោកត្រូវបានព្រះមហាក្សត្រ លើកលែងទោស ភ្លាមៗបន្ទាប់ពីអតីតសត្រូវរបស់លោកគឺលោកមហាធា បានឡើងជានាយករដ្ឋមន្ត្រី។
លោកជាប់ពន្ធនាគារ ដោយសារតែរដ្ឋអាជ្ញានិងក្រុមលោក ណាជីប បន្តប្ដឹងលោកពីបទរំលោភច្បាប់សាសនាឥស្លាមពាក់ព័ន្ធនឹងការស្រឡាញ់បុរសម្នាក់ជាជំនួយការរបស់លោកដែលសំណុំរឿងនេះនាំអោយលោក អាន់វ៉ា ជាប់ពន្ធនាគារដល់ទៅពីរដង គឺដំបូងជាប់ពន្ធនាគារនៅពេលលោក ម៉ាធាធ្វើជានាយករដ្ឋមន្ត្រី។
តើលោកមហាធានិងលោកណាជីបមួយណាដែលលោកអាន់វ៉ាអាចចងគំនុំឡើងវិញ?
កាលណាគេនិយាយពីគំនុំនយោបាយគឺគេត្រូវ គិតទៅរកបុគ្គលនយោបាយដែលរងគ្រោះដោយសារ ការបំពានណាមួយពីដៃគូប្រជែងខាងនយោ បាយ។ សម្រាប់លោកអាន់វ៉ាគឺពេលនេះ លោកគឺជាសមាជិកសភាថ្មីដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតពិសេសមួយកាលពីថ្ងៃសៅរិ៍ ទី ១៣ តុលា។ ជ័យជម្នះរបស់លោកអានវ៉ាបាននាំឱ្យលោកក្លាយជាសមាជិកសភា ពេញសិទ្ធិហើយ ជាឥស្សរជនលិចធ្លោជាងគេតែមួយគត់ នៃគណបក្សសម្ព័ន្ធ នៃក្ដីសង្ឃឹមត្រូវឡើងជំនួសលោកមហាធានៅឆ្នាំខាងមុខនេះ។
កាលណាគេនិយាយពីអំណាចកំពូលរបស់ប្រទេសម៉ាឡេស៊ី ក្នុងស្ថាប័ននីតិប្រតិបត្តិគឺមានតែនាយករដ្ឋមន្ត្រីហើយបុគ្គលនេះមានអំណាចលើសលប់។ នេះបើយោងតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី។ ដោយឡែងអំណាចដើម្បី បង្រួមបង្រួមជាតិគឺព្រះមហាក្សត្រ។
និយាយដល់ចំណុចនេះ គឺពិតណាស់ថា លោកអាន់វ៉ា ពិតជាមានអំណាចធំធេង នៅពេលលោកក្លាយជានាយករដ្ឋមន្ត្រីទី៨នៃប្រទេសម៉ាឡេស៊ីជំនួសលោកមហាធា ដែលសុំចូលនិវត្តន៍។
បុគ្គលដែលលោកអាច សងគុណគឺទំនងមានតែលោកមហាធាមួយគត់ ទោះជាធ្លាប់ប្ដឹងលោកឱ្យជាប់ពន្ធនាគារ ក្នុងសំណុំរឿងសេពសត្ថវៈបុរសដូចគ្នាក្ដីព្រោះ លោកមហាធាជាអ្នកធ្វើឱ្យលោករួចពីគុកហើយ ជួយបក្សលោកបានជ័យជម្នះលើ គណបក្សUMNO ដែលកាន់អំណាចជាង៦០ឆ្នាំ ហើយចាញ់ឆ្នោតយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០១៨នេះ។
នៅអំឡុងឃោសនាបោះឆ្នោត លោកមហាធាបានថ្លែងសុំទោស លោកអានវ៉ា ហើយសន្យាថា ជួយសមភាគីរបស់លោកអោយបានក្លាយជាអ្នកនយោបាយវិញ តាមរយៈអំណាចរបស់លោកជានាយករដ្ឋមន្ត្រី។ លោកក៏បានសន្យាថា នឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោកអាន់វ៉ានៅរយៈពេលយ៉ាងយូរពីរឆ្នាំ។ លោកថាការកាន់តំណែងរបស់លោកនៅពេលនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់លោកអាន់វ៉ា ផងដែរ។
បច្ចុប្បន្ននេះ លោកមហាធាមានអាយុ៩៣ឆ្នាំហើយ។ បើលោកកាន់តំណែងនេះ រហូតដល់ខែឧសភាឆ្នាំ២០២០គឺលោកមានអាយ៩៥ឆ្នាំ ដែលមើលទៅមានតែលោកម្នាក់គត់លើពិភពលោកបានកាន់តំណែងកំពូលរបស់ប្រទេសមួយ ក្នុងវ័យជិត១០០ឆ្នាំ។
តើលោកណាជីបអាចត្រូវលោកអាន់វ៉ាចងគំនុំនយោបាយឬទេ?
ទំនងដូចជាចៀសមិនរួចទេ។ អ្វីដែលអាចនិយាយបានដូចនេះ គឺគេនៅចងចាំថា ភ្លាមៗនៅពេល តុលាការចោទប្រកាន់លោកណាជីប ករណីពុករលួយ បំពានអំណាចរដ្ឋ និងសាបព្រោះ អំពើអយុត្តិធម៌សង្គម អតីតអ្នកទោសនយោបាយអាន់វ៉ាអ៊ីប្រាហ៊ិម បាន ថ្កោលទោស លោក ណាជីបជាខ្លាំងដោយហៅអតីតនាយករដ្ឋមន្ត្រីរូបនេះ ថាជាមេដឹកនាំបំផ្លាញជាតិដែលមិនត្រូវអត់ឱនទោសឡើយ។ លោកបានទាមទារឱ្យលោក ណាជីបសងយុត្តិធម៌មកអោយ ជនរងគ្រោះវិញ ដែល ពួកគាត់ធ្លាប់រងគ្រោះឈឺចាប់ដោយអំណាចរបស់លោកណាជិប។
លោកបានទាមទារឱ្យតុលាការដាក់បន្ទុកធ្ងន់ធ្ងរប្រឆាំងលោកណាជីបសមនឹងអ្វីដែលលោកហៅថា ជាអ្នកនយោបាយ បំផ្លាញជាតិ។ ជាការពិត ការបោះឆ្នោតសភា នៅប្រទេសម៉ាឡេស៊ី មិនត្រូវធ្វើឡើងនៅថ្ងៃទី៩ឧសភានោះទេ តែលោកណាជីប ដែលយោងតាមអំណាចរបស់លោកបាន ប្រកាសបោះឆ្នោតមុនអាណត្តិ។ ការពិតប្រទេសនេះ បោះឆ្នោតនៅចុងខែសីហាឯនោះទេ។ តែការបោះឆ្នោតមុនពេលកំណត់នេះត្រូវបានអ្នកសង្កេតការណ៍នយោបាយ ហៅថាជាល្បិចរបស់លោកណាជីប មិនចង់ឱ្យលោកអាន់វ៉ា មានឱកាសចេញមកឃោសនានយោបាយទាន់ពេលវេលា ព្រោះលោកត្រូវកំណត់ចេញពីពន្ធនាគារនៅចុងខែមិថុនាដោយសារលោកបានអនុទោស ២/៣ ហើយនៅតែរង់ចាំព្រះមហាក្សត្រលើកលែងទោសប៉ុណ្ណោះ។
តាមការទាញទឡ្ហីករណ៍នេះ ទំនងលោកអាន់វ៉ា នឹងធ្វើការសងសឹងនឹងលោកណាជីប ជាពុំខានបើទោះជាលោក អាចត្រូវប្រឈមនឹងការកាត់ទោស ក្រោមច្បាប់ប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីក៏ដោយ។ លោក ណាជីប បច្ចុប្បន្នស្ថិតក្នុងការបង់ប្រាក់សុំនៅក្រៅឃុំ ជាបណ្ដោះអាសន្ន។ លោកប្រឈមនឹងបទចោទធំៗជាង ២០បទចោទ ហើយបើរកកំហុសឃើញលោកនឹងមានទោសជាង ៣០ឆ្នាំ។ ករណីនេះ តុលាការបានបង្គាប់ឱ្យលោកនិងភរិយារបស់លោកមិនអោយចាកចេញពីប្រទេសឡើយ៕