ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំធ្វើឡើងជាលើកទី៣នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅតាមទីសាធារណៈ និងតាមសាលារៀនឱ្យមានភាពល្អប្រសើរ។នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ តុលា ២០១៨នេះ។
លោកស្រី ជា ចិន្តាមុនី ប្រធានគណៈកម្មការកិច្ចការសង្គមតំណាងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ACE បានឱ្យដឹងបន្ដថា នៅឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាន នឹងរៀបចំឡើងជាលើកទី៣ នៅរាជធានីភ្នំពេញ ដោយមានការសហការពីគាំទ្រពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ និងដៃគូសហការមួយចំនួនផ្សេងទៀត ។
នាឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគាំទ្រនូវរាល់សកម្មភាពអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានរបស់យុវជនក៏ដូចជា មហាជនទូទៅចូលរួមគាំទ្រវិស័យបរិស្ថានទាំងអស់គ្នា តាមរយៈសកម្មភាពសង្គមផ្សេងៗ ជាពិសេសការរត់ដើម្បីបរិស្ថានរៀបចំឡើងដោយមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ACE ដើម្បីគម្រោងលើកកម្ពស់អនាម័យនៅតាមសាលារៀន៕