ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា នឹងពិនិត្យលទ្ធភាពជួយកៀងគរវិនិយោគិនកាណាដាឱ្យបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ការអះអាងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនេះ នាំឱ្យកម្ពុជាបន្តកិច្ចព្រមព្រៀងរវាងប្រទេសនេះ ជាមួយនឹងប្រទេសកាណាដា ស្ដីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនេះ។
នាឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងពិនិត្យលទ្ធភាពដោយជួយកៀងគរវិនិយោគិនកាណាដា ឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។
សូមជម្រាបថា រវាងកម្ពុជា និងកាណាដា បានសម្រេចទំហំពាណិជ្ជកម្មលើទឹកប្រាក់សរុបប្រមាណជាង ១ពាន់លានដុលា្លរអាមេរិកកាលពីឆ្នាំ ២០១៧។
ដោយឡែកទំហំទឹកប្រាក់នៃការវិនិយោគពីកម្ពុជាទៅកាណាដាមានចំនួន ១ពាន់លានដុលា្លរអាមេរិក ហើយចំណែកការនាំចូលមកវិញមានចំនួន ៤០ លានដុល្លារអាមេរិក។
បញ្ជាក់ផងដែរថា សម្រាប់ការនាំចេញផលិតផលពីកម្ពុជាទៅកាណាដា មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ប្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម៕
អត្ថបទ៖ លោក សោម លាភ