en     km
en     km

​អគ្គនាយកដ្ឋាន​ពន្ធដារ​ ប្រមូល​ពន្ធ​បាន​ជិត​១​ពាន់​លាន​ដុល្លារ​ នៅ​៩​ខែ​ឆ្នាំ​២០១៥

Share

 

tax-cover
​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រមូល​ពន្ធ​បាន​ជិត​១​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ រយៈពេល​ ៩​ខែ​ ក្នុង​ឆ្នាំ​២០១៥​នេះ​។​ ការ​ប្រមូល​ពន្ធ​ឆ្នាំ​នេះ​ កើនឡើង​ចំនួន​២៥​ភាគរយ​ បើ​ធៀប​ទៅ​និង​ឆ្នាំ​២១០៤​ កន្លង​ទៅ​។​ ជុំវិញ​ការ​ប្រមូល​ពន្ធ​នេះ​ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លើ​ឡើង​ថា​ ជា​ផល​វិជ្ជមាន​មួយ​របស់​កម្ពុជា​នៃ​ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​។​

​ការ​បង្ហាញ​លទ្ធផល​នេះ​ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ ការងារ​ប្រមូល​ពន្ធ​ប្រចាំ​ខែកញ្ញា​ និង​ ប្រចាំត្រីមាស​ទី​៣​ ឆ្នាំ​២០១៥​ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី​០៦​ តុលា​ ។​

​ជុំវិញ​ការ​ប្រមូល​ពន្ធ​នេះ​ លោក​ គី​ សេរី​វ​ន្ឍ​ន៍​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូល​ពន្ធ​បាន​ជិត​១​ពាន់​លាន​ដុល្លារ​នេះ​ គឺជា​រឿង​ប្រសើរ​របស់​រដ្ឋាភិបាល​ សម្រាប់​ធ្វើការ​ចាយវាយ​របស់​រដ្ឋ​ ។​ លោក​ថា​ ការ​ប្រមូល​ពន្ធ​កើនឡើង​ ជាង​២៥​ភាគរយ​នេះ​ បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាន​លក្ខណ​ល្អ​ប្រសើរ​ជាង​មុន​ ព្រោះ​ថវិកា​ចូល​រដ្ឋ​ ជា​ជាង​ចូល​ហោប៉ៅ​ឯកជន​។​

tax-01​លោក​ថា​៖​ «​ជា​ទូទៅ​វា​តែងតែមាន​ហើយ​ លេច​ធ្លាយ​ មិន​គ្រប់​១០០​ភាគរយ​ទេ​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ ប៉ុន្តែ​យើង​ពី​វឌ្ឍនៈភាព​កើន​នៃ​ការ​កើន​នេះ​ តាម​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ គឺ​ ឃើញ​ថា​ បាន​ប្រសើរ​ជាង​មុន​»​។​
​ស្រ​ដៀង​គ្នា​នេះ​ដែរ​ លោក​ បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​ឲ្យ​ដឹង​ថា​ការ​ចំណូល​ពន្ធ​ដែល​កើនឡើង​ជាង​ ២៥​ភាគរយ​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ ជា​សញ្ញាណ​ល្អ​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​លោក​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ខំប្រឹង​បន្ថែម​ទៀត​ ទៅ​លើ​ការ​ប្រមូល​ពន្ធដារ​នេះ​ ព្រោះ​នៅ​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​មក​ដល់​នា​ខាង​មុខ​ ប្រទេស​កម្ពុជា​នឹង​មានការ​បន្ធូរ​ពន្ធ​ច្រើន​ ដូច្នេះ​កម្ពុជា​អាស្រ័យ​ទៅ​លើ​តែ​ការ​យកពន្ធ​ក្នុងស្រុក​ប៉ុណ្ណោះ​ ។​ លោក​មាន​ប្រសាសន៍​ថា​ «​ការ​ប្រមូល​ពន្ធ​ កើន​ប៉ុណ្ណោះ​ ក៏​មិន​ទាន់​អស់ពី​លទ្ធភាព​ដែល​ព័ន្ធ​នៅ​ប្រទេស​ខ្មែរ​អាច​ប្រមូល​បាន​នៅឡើយ​ទេ​ ។​ យើង​ឃើញ​ ថា​នៅ​មានការ​ហូរហៀរ​ចេញ​ទៅ​ក្រៅ​ច្រើន​ ប៉ុន្តែ​នេះ​ខ្ញុំ​គិត​ថា​ វា​ជា​ដំណើរ​វិជ្ជមាន​របស់​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​នៃ​ការ​ប្រមូល​ពន្ធ​»​។​

​សូម​បញ្ជាក់​ថា​ ក្នុង​រយៈពេល​០៩​ខែ​ ដូច​គ្នា​នេះ​ មានការ​កើនឡើង​នូវ​ចំណូល​ពន្ធ​តាម​ប្រភេទ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ ពន្ធលើប្រាក់ចំណេញ​មានការ​កើនឡើង​ប្រមាណ​ ២៧,៦​ភាគរយ​ ពន្ធលើប្រាក់បៀវត្ស​ មានការ​កើនឡើង​ប្រមាណ​ ២១,៣​ភាគរយ​។​

​ចំណែកឯ​ចំណូល​ពន្ធ​ តាម​សកម្មភាព​អាជីវកម្ម​ ក៏​មានការ​កើនឡើង​ស្ទើរ​ទាំងអស់​ដែរ​ ក្នុង​នោះ​រួម​មាន​ផ្នែក​សេវា​ហិរញ្ញវត្ថុ​ កើនឡើង​ប្រមាណ​៤០​ភាគរយ​ ផ្នែក​ទូរគមនាគមន៍​កើនឡើង​ប្រមាណ​១៤,៣​ភាគរយ​ ផ្នែក​ផលិត​ថ្នាំជក់​ កើនឡើង​ប្រមាណ​១២៧,៩​ភាគរយ​ ផ្នែក​ផលិត​សម្លៀក​បំពាក់​ កើនឡើង​ប្រមាណ​១៧,៥​ភាគរយ​ និង​ផ្នែក​ដឹក​ជញ្ជូន​ និង​ទេសចរណ៍​ កើនឡើង​ប្រមាណ​ ១១,៩​ភាគរយ​។​

​ចំណែក​រីឯ​ផ្នែក​កសិកម្ម​កើនឡើង​ប្រមាណ​ ៦២,៨​ភាគរយ​ ។​ ដោយឡែក​ផ្នែក​ផលិត​ម្ហូ​ម​អាហារ​កើនឡើង​ប្រមាណ​ ១៥​ភាគរយ​ និង​ផ្នែក​ផលិត​យានយន្ត​កើនឡើង​ប្រមាណ​ ១៧២,៨​ភាគរយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង