ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា មើលឃើញថា ស្ថានភាពនយោបាយ បានដើរទៅហាក់មិនរលូន តាំងពីតែពីពេលដែល អង្គព្រះមហាវីរៈក្សត្រខ្មែរ សម្ដេច នរោត្ដម សីហនុ យាងចូលទិវង្គត។ ពួកគាត់យល់ថា បើសម្ដេច សីហនុ គង់នៅ ទ្រង់នឹងហៅ អ្នកនយោបាយខ្មែរ អង្គុយទល់មុខ ដោះស្រាយបញ្ហា។ អ្នកនយោបាយខ្មែរ គួរងាកទៅមើលគំរូអតីតរបស់ព្រះបរមរតនកោដ្ឋ។ តែយ៉ាងណា មន្ដ្រីបក្សកាន់អំណាចធ្លាប់អះអាងថា ខ្លួនខិតខំហើយ ប៉ុន្ដែក្រុមបក្សប្រឆាំងគឺជាអ្នកបំផ្លាញ។
លោក លៀ ស៊ីណា រាយការណ៍ ៖
រាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៨នេះ គឺមានរយៈពេល ៦ឆ្នាំហើយ ដែលអតីតព្រះមហាក្សត្រ សម្ដេច សីហនុ ព្រះមហាវិរក្សត្រខ្មែរ បានយាងចូលទិវង្គត។ ការបាត់ទៅ នៃវត្ដមានរបស់ “ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ” អ្នកតាមដានស្ថានការណ៍សង្គម កត់សម្គាល់ឃើញថា នយោបាយនៅកម្ពុជា ហាក់មានបញ្ហាជាច្រើន ខុសឆ្ងាយកាលពីមានព្រះវត្ដមាន ព្រះបរមរតនកោដ្ឋ ទ្រង់គង់នៅ។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ថា បើក្រឡេកមើលស្ថានភាពស្រុកទេស កាលពីព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ គង់នៅ ព្រះមហាក្សត្រមានឥទ្ធិពលខ្លាំង ពីព្រោះតែទ្រង់ជាមហាក្សត្រដែលដែលតែងតែចេញព្រះរាជសកម្មភាព គ្រប់ពេលដែលមានការថ្វាយលិខិតណាមួយសុំអន្ដរាគមន៍ពីប្រជារាស្ដ្ររបស់ទ្រង់។
បន្ថែមពីនេះលោកបណ្ឌិតបន្ដថា ព្រះបរមរតនកោដ្ឋ ក្រៅពីវីរភាពរបស់ព្រះអង្គក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ ព្រះអង្គគឺជាព្រះមហាក្សត្រដែលខិតខំបំផុតដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។ បើទោះជាក្នុងអំឡុងសម័យកាលដែលព្រះអង្គគ្រប់គ្រងមានបញ្ហាចម្រូងចម្រាស់មួយចំនួនក្ដី។ បន្ថែមពីលោកថា អតីតព្រះមហាក្សត្រ ទ្រង់គឺជាបុគ្គលដែលមិនចេះនៅស្ងៀមឡើយ ខណៈដែលប្រទេសជាតិមានវិបត្ដិនយោបាយកើតឡើងម្ដងៗ។ ពោលគឺទ្រង់តែងតែកោះហៅ ឬក៏ចេញលិខិត ដើម្បីឲ្យអ្នកនយោបាយទាំងអស់ ស្រុះស្រួលនឹងគ្នាឡើងវិញ ៖«ក្នុងការឆ្លើយតបទៅនឹងស្ថានការនយោបាយផ្សេងៗ បើទោះជាព្រះអង្គមិនបានបំពេញតួនាទីបានដូចដែលព្រះអង្គចង់ក៏ដោយ ក៏ប៉ុន្ដែជាញឹកញាប់ឃើញថា នៅពេលមានវិបត្ដិនយោបាយម្ដងៗ គឺសម្ដេចតា ព្រះអង្គទ្រង់មិននៅស្ងៀមទេ។ ព្រះអង្គតែងតែមានប្រតិកម្ម ឬយ៉ាងហោចក៏ព្រះអង្គចេញសេចក្ដីអំពាវនាវឲ្យកូនចៅស្រុះស្រួលគ្នាអញ្ចឹងទៅ។ នេះជារឿងមួយដែលមិនឃើញនៅសម័យក្រោយពីព្រះអង្គចូលទិវង្គតទៅ»។
ទាក់ទិនត្រង់ចំណុចនេះ លោក សាស្ដ្រាចារ្យ ឯម សុវណ្ណារ៉ា ក៏មានទស្សនដូចគ្នានិងលោកបណ្ឌិត មាស នី ដែរ។ លោកសាស្ដ្រាចារ្យ សុវណ្ណារ៉ា មានប្រសាសន៍ថា អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់មានព្រះសមត្ថភាពដែលធ្វើឲ្យក្រុមអ្នកនយោបាយមិនថា ក្រុមណាទេ តែងតែព្រមស្ដាប់នូវព្រះបន្ទូលរបស់ព្រះអង្គ។ លោកជឿជាក់ថា ប្រសិនបើព្រះបរមរតនកោដ្ឋទ្រង់មានព្រះវត្ដមាននៅ នយោបាយកម្ពុជា នឹងធ្លាក់ដល់ស្ថានភាពដូចសព្វថ្ងៃនេះទេ ៖«អញ្ចឹងហើយនៅពេលបច្ចុប្បន្ននេះយើងអាចមើលឃើញទិដ្ឋភាពស្នាដៃរបស់ព្រះអង្គអតីតព្រះមហាវីរក្សត្រហ្នឹង លោកមានឥទ្ធិពលទៅលើអ្នកនយោបាយ ជាងព្រះអង្គបច្ចុប្បន្ន។ អ្វីដែលសំខាន់ហ្នឹងគឺអាចជួយបន្ថយកម្ដៅនយោបាយនៅកម្ពុជាហ្នឹង ឲ្យនៅក្នុងកម្រិតមួយមិនពុះកញ្ជ្រោលដូចបច្ចុប្បន្ននេះពេក ដែលធ្វើឲ្យសហគមន៍អន្ដរជាតិមានការបារម្ភ រហូតដល់សហគមន៍អន្ដរជាតិហ្នឹង លូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដើមនេះឯង»។
លោកសាស្ដ្រា សុវណ្ណារ៉ា បញ្ជាក់ថា ការដែលលោកអះអាងដូច្នេះ គឺយោងទៅព្រះសមត្ថភាពរបស់អតីតព្រះមហាក្សត្រ និងព្រះជន្ម ដែលទ្រង់ជាអ្នកនយោបាយជើងចាស់ដ៏មានឥទ្ធិពលមួយព្រះអង្គ ក្នុងឆាកនយោបាយកម្ពុជា។
កាលពីដើមខែតុលា ឆ្នាំ២០១៨ កន្លងទៅ គណៈកម្មការសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំក្នុងការនាំទិញគ្រប់ប្រភេទពីកម្ពុជា ដោយមិនគិតពន្ធ លើកលែងតែអាវុធ និងគ្រាប់រំសេវ បានប្រកាសពីដំណើរការនីតិវិធីក្នុងការដក់ប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា ដោយបញ្ជាក់ហេតុផលថា កម្ពុជាមានការរំលោភសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ បន្ទាប់ពីតុលាការកំពូលបានរំលាយ អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានចាប់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សនេះដាក់ពន្ធនាគារ រួមជាមួយការបិទសិទ្ធិនយោបាយ របស់មន្ដ្រីជាន់ខ្ពស់បក្សនេះចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយ ព្រមទាំងរឹងអូសតំណែងមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ ដែលជាប់ឆ្នោតកាលពីឆ្នាំ២០១៧។ តែយ៉ាងណាសហភាពអឺរ៉ុបក៏ទុករយៈពេល ៦ខែ ទៀត ឲ្យកម្ពុជា ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សឡើងវិញ។
លោក សាស្ដ្រាចារ្យ យល់ថា អ្នកនយោបាយខ្មែរគួរតែយកគំរូ របស់អតីតព្រះមហាវិរក្សត្រមកអនុវត្ដ ដើម្បីធ្វើឲ្យប្រទេសរួចផុតពីគំនាបផ្នែកសេដ្ឋកិច្ចរបស់អន្ដរជាតិ។ លោកសង្កត់ធ្ងន់ថា បើអ្នកនយោបាយខ្មែរនៅតែរឹងទទឹងមិនព្រមងាកមករកតុចរចា ដើម្បីបង្ហាញទៅអន្ដរជាតិទេ នោះកម្ពុជាប្រឈមនឹងវិបត្ដិជាច្រើនពុំខាន ហើយមិនមែនមានតែអ្នកនយោបាយទេ ដែលនឹងជួបបញ្ហា ពោលគឺប្រជាពលរដ្ឋខ្មែរទាំងអស់ក៏នឹងត្រូវប្រឈមវិបត្ដិជាមួយដែរ ៖«បញ្ហាឧទាហរណ៍ ការដកការអនុគ្រោះពន្ធ Everything But Arms ហ្នឹងចេញពីកម្ពុជានេះជាកត្ដាប្រឈមធំ ហើយវាអាចខាតបង់ដល់ប្រយោជន៍ជាតិយ៉ាងច្រើន នេះជាកិច្ចការរួមដែលកម្ពុជាប្រឈម មិនមែនតែបក្សកាន់អំណាចមួយទេ បានន័យថា ពលរដ្ឋទាំងអស់ត្រូវឈមជាមួយគ្នាទាំងអស់»។
យ៉ាងណាជុំវិញនៃការចរាចរវាងគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន្ដ មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានអះអាងថា គណបក្សកាន់អំណាចបានខិតខំ បង្កើតវប្បធម៌សន្ទនាឡើង ដើម្បីឲ្យមានការស្រុះស្រួលគ្នារវាងអ្នកនយោបាយខ្មែរ។ ក៏ប៉ុន្ដែក្រុមគណបក្សប្រឆាំងទៅវិញទេដែលជាអ្នកបំផ្លាញការខិតខំរបស់គណបក្សកាន់អំណាច។
សហភាពអឺរ៉ុប បានបង្កើតប្រ័ពន្ធអនុគ្រោះ Everything But Arms ហៅកាត់ថា EBA ក្នុងអំឡុងឆ្នាំ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្ដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតូចនៅលើពិភពលោក នូវការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។ ក្រោមការអនុគ្រោះពន្ធនេះ កម្ពុជាបានចំណេញប្រាក់ ពីការមិនបាច់បង់ពន្ធក្នុងតម្លៃ រហូតដល់ជិត ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
ផ្អែកតាមបទបញ្ញត្ដិ លេខ ៩៧៨/២០១២ របស់សភា និងក្រុមប្រឹក្សាអឺរ៉ុប ក្រោយពីគណៈកម្មការអឺរ៉ុប ជូនដំណឹងទៅប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA អំពីការ អនុវត្ដនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ គណៈកម្មការអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃស្ថានភាពក្នុងប្រទេសទទួលបានអត្ថប្រយោជន៍នោះ រយៈពេល ៦ខែទៀត ចាប់ពីពេលដែលខ្លួនបានជូនដំណឹង។ បន្ទាប់ពីចប់រយៈពេលនេះ គណៈកម្មការអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចមួយទៀត ថា តើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន ឬ លុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្នតែម្ដង៕