en     km
en     km

តើ​អវត្ដមាន​សម្ដេច​ ឪ​ ៦​ឆ្នាំ​ នយោបាយ​កម្ពុជា​ក្លាយទៅជា​អ្វី​?

Share

​ភ្នំពេញ​ ៖​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ មើលឃើញ​ថា​ ស្ថានភាព​នយោបាយ​ បាន​ដើរទៅ​ហាក់​មិន​រលូន​ តាំងពី​តែ​ពី​ពេល​ដែល​ អង្គ​ព្រះ​មហា​វីរៈក្សត្រ​ខ្មែរ​ សម្ដេច​ នរោត្ដម​ សីហ​នុ​ យាង​ចូល​ទិវង្គត​។​ ពួក​គាត់​យល់​ថា​ បើ​សម្ដេច​ សីហ​នុ​ គង់នៅ​ ទ្រង់​នឹង​ហៅ​ អ្នកនយោបាយ​ខ្មែរ​ អង្គុយ​ទល់មុខ​ ដោះស្រាយ​បញ្ហា​។​ អ្នកនយោបាយ​ខ្មែរ​ គួរ​ងាក​ទៅ​មើល​គំរូ​អតីត​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​ តែ​យ៉ាងណា​ មន្ដ្រី​បក្ស​កាន់​អំណាច​ធ្លាប់​អះអាង​ថា​ ខ្លួន​ខិតខំ​ហើយ​ ប៉ុន្ដែ​ក្រុម​បក្ស​ប្រឆាំង​គឺជា​អ្នក​បំផ្លាញ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រាប់​តាំងពី​ឆ្នាំ​២០១២​ មក​ដល់​ឆ្នាំ​២០១៨​នេះ​ គឺ​មាន​រយៈពេល​ ៦​ឆ្នាំ​ហើយ​ ដែល​អតីត​ព្រះមហាក្សត្រ​ សម្ដេច​ សីហ​នុ​ ព្រះ​មហា​វិ​រក្ស​ត្រ​ខ្មែរ​ បាន​យាង​ចូល​ទិវង្គត​។​ ការ​បាត់​ទៅ​ នៃ​វត្ដមាន​របស់​ “​ព្រះ​មហា​វិ​រក្ស​ត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​”​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ កត់សម្គាល់​ឃើញ​ថា​ នយោបាយ​នៅ​កម្ពុជា​ ហាក់​មាន​បញ្ហា​ជា​ច្រើន​ ខុស​ឆ្ងាយ​កាលពី​មាន​ព្រះ​វត្ដមាន​ ព្រះ​បរម​រតន​កោដ្ឋ​ ទ្រង់​គង់នៅ​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ថា​ បើ​ក្រឡេក​មើល​ស្ថានភាព​ស្រុក​ទេស​ កាលពី​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្ដម​ សីហ​នុ​ គង់នៅ​ ព្រះមហាក្សត្រ​មាន​ឥទ្ធិពល​ខ្លាំង​ ពីព្រោះ​តែ​ទ្រង់​ជា​មហាក្សត្រ​ដែល​ដែល​តែងតែ​ចេញ​ព្រះរាជ​សកម្មភាព​ គ្រប់ពេល​ដែល​មានការ​ថ្វាយ​លិខិត​ណាមួយ​សុំ​អន្ដរាគមន៍​ពី​ប្រជារាស្ដ្រ​របស់​ទ្រង់​។​

​បន្ថែម​ពី​នេះ​លោក​បណ្ឌិត​បន្ដ​ថា​ ព្រះ​បរម​រតន​កោដ្ឋ​ ក្រៅពី​វីរភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​ ព្រះ​អង្គ​គឺជា​ព្រះមហាក្សត្រ​ដែល​ខិតខំ​បំផុត​ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។​ បើ​ទោះជា​ក្នុង​អំឡុង​សម័យ​កាលដែល​ព្រះ​អង្គ​គ្រប់គ្រង​មាន​បញ្ហា​ចម្រូងចម្រាស់​មួយ​ចំនួន​ក្ដី​។​ បន្ថែម​ពី​លោក​ថា​ អតីត​ព្រះមហាក្សត្រ​ ទ្រង់​គឺជា​បុគ្គល​ដែល​មិន​ចេះ​នៅ​ស្ងៀម​ឡើយ​ ខណៈ​ដែល​ប្រទេស​ជាតិ​មាន​វិបត្ដិ​នយោបាយ​កើតឡើង​ម្ដងៗ​។​ ពោល​គឺ​ទ្រង់​តែងតែ​កោះហៅ​ ឬ​ក៏​ចេញ​លិខិត​ ដើម្បី​ឲ្យ​អ្នកនយោបាយ​ទាំងអស់​ ស្រុះស្រួល​នឹង​គ្នា​ឡើង​វិញ​ ៖«​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការ​នយោបាយ​ផ្សេងៗ​ បើ​ទោះជា​ព្រះ​អង្គ​មិន​បាន​បំពេញ​តួនាទី​បាន​ដូចដែល​ព្រះ​អង្គ​ចង់​ក៏​ដោយ​ ក៏​ប៉ុន្ដែ​ជា​ញឹកញាប់​ឃើញ​ថា​ នៅ​ពេល​មាន​វិបត្ដិ​នយោបាយ​ម្ដងៗ​ គឺ​សម្ដេច​តា​ ព្រះ​អង្គ​ទ្រង់​មិន​នៅ​ស្ងៀម​ទេ​។​ ព្រះ​អង្គ​តែងតែមាន​ប្រតិកម្ម​ ឬ​យ៉ាង​ហោច​ក៏​ព្រះ​អង្គ​ចេញ​សេចក្ដី​អំពាវនាវ​ឲ្យ​កូនចៅ​ស្រុះស្រួល​គ្នា​អ​ញ្ចឹ​ង​ទៅ​។​ នេះ​ជា​រឿង​មួយ​ដែល​មិនឃើញ​នៅ​សម័យ​ក្រោយ​ពី​ព្រះ​អង្គ​ចូល​ទិវង្គត​ទៅ​»​។​

​ទាក់ទិន​ត្រង់​ចំណុច​នេះ​ លោក​ សាស្ដ្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ក៏​មាន​ទស្សន​ដូច​គ្នា​និង​លោក​បណ្ឌិត​ មាស​ នី​ ដែរ​។​ លោក​សាស្ដ្រាចារ្យ​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ អតីត​ព្រះមហាក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ទ្រង់មាន​ព្រះ​សមត្ថភាព​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកនយោបាយ​មិន​ថា​ ក្រុម​ណា​ទេ​ តែងតែ​ព្រម​ស្ដាប់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​។​ លោក​ជឿជាក់​ថា​ ប្រសិនបើ​ព្រះ​បរម​រតន​កោដ្ឋ​ទ្រង់មាន​ព្រះ​វត្ដ​មាននៅ​ នយោបាយ​កម្ពុជា​ នឹង​ធ្លាក់​ដល់​ស្ថានភាព​ដូច​សព្វ​ថ្ងៃនេះ​ទេ​ ៖«​អ​ញ្ចឹ​ង​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​យើង​អាច​មើលឃើញ​ទិដ្ឋភាព​ស្នាដៃ​របស់​ព្រះ​អង្គ​អតីត​ព្រះ​មហា​វីរក្សត្រ​ហ្នឹង​ លោក​មាន​ឥទ្ធិពល​ទៅ​លើ​អ្នកនយោបាយ​ ជាង​ព្រះ​អង្គ​បច្ចុប្បន្ន​។​ អ្វី​ដែល​សំខាន់​ហ្នឹង​គឺ​អាច​ជួយ​បន្ថយកម្ដៅ​នយោបាយ​នៅ​កម្ពុជា​ហ្នឹង​ ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​មិន​ពុះកញ្ជ្រោល​ដូច​បច្ចុប្បន្ន​នេះ​ពេក​ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្ដរជាតិ​មានការ​បារម្ភ​ រហូត​ដល់​សហគមន៍​អន្ដរជាតិ​ហ្នឹង​ លូកដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ជាដើម​នេះឯង​»​។​

​លោក​សាស្ដ្រា​ សុ​វ​ណ្ណា​រ៉ា​ បញ្ជាក់​ថា​ ការ​ដែល​លោក​អះអាង​ដូច្នេះ​ គឺ​យោង​ទៅ​ព្រះ​សមត្ថភាព​របស់​អតីត​ព្រះមហាក្សត្រ​ និង​ព្រះ​ជន្ម​ ដែល​ទ្រង់​ជា​អ្នកនយោបាយ​ជើង​ចាស់​ដ៏​មាន​ឥទ្ធិពល​មួយ​ព្រះ​អង្គ​ ក្នុង​ឆាកនយោបាយ​កម្ពុជា​។​

​កាលពីដើម​ខែតុលា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ ដែល​ជាទី​ផ្សារ​ដ៏​ធំ​ក្នុង​ការ​នាំ​ទិញ​គ្រប់​ប្រភេទ​ពី​កម្ពុជា​ ដោយ​មិន​គិត​ពន្ធ​ លើកលែងតែ​អាវុធ​ និង​គ្រាប់រំសេវ​ បាន​ប្រកាស​ពី​ដំណើរការ​នីតិវិធី​ក្នុង​ការ​ដក់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​ ដោយ​បញ្ជាក់​ហេតុផល​ថា​ កម្ពុជា​មានការ​រំលោភ​សិទ្ធ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ និង​បាន​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ រួម​ជាមួយ​ការ​បិទ​សិទ្ធិ​នយោបាយ​ របស់​មន្ដ្រីជាន់ខ្ពស់​បក្ស​នេះ​ចំនួន​ ១១៨​រូប​ មិន​ឲ្យ​ធ្វើ​នយោបាយ​ ព្រមទាំង​រឹង​អូស​តំណែង​មេឃុំ​ ចៅសង្កាត់​ និង​ក្រុមប្រឹក្សា​ឃុំ​ ដែល​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១៧​។​ តែ​យ៉ាងណា​សហភាព​អឺរ៉ុប​ក៏​ទុក​រយៈពេល​ ៦​ខែ​ ទៀត​ ឲ្យ​កម្ពុជា​ ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​។​

​លោក​ សាស្ដ្រាចារ្យ​ យល់​ថា​ អ្នកនយោបាយ​ខ្មែរ​គួរតែ​យក​គំរូ​ របស់​អតីត​ព្រះ​មហា​វិ​រក្ស​ត្រមក​អនុវត្ដ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​រួច​ផុត​ពី​គំនាប​ផ្នែក​សេដ្ឋកិច្ច​របស់​អន្ដរជាតិ​។​ លោក​សង្កត់ធ្ងន់​ថា​ បើ​អ្នកនយោបាយ​ខ្មែរ​នៅ​តែ​រឹងទទឹង​មិន​ព្រម​ងាក​មក​រក​តុ​ចរចា​ ដើម្បី​បង្ហាញ​ទៅ​អន្ដរជាតិ​ទេ​ នោះ​កម្ពុជា​ប្រឈម​នឹង​វិបត្ដិ​ជា​ច្រើន​ពុំខាន​ ហើយ​មិនមែន​មាន​តែ​អ្នកនយោបាយ​ទេ​ ដែល​នឹង​ជួប​បញ្ហា​ ពោល​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ក៏​នឹង​ត្រូវ​ប្រឈម​វិបត្ដិ​ជាមួយ​ដែរ​ ៖«​បញ្ហា​ឧទាហរណ៍​ ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ Everything​ But​ Arms​ ហ្នឹង​ចេញពី​កម្ពុជា​នេះ​ជា​កត្ដា​ប្រឈម​ធំ​ ហើយ​វា​អាច​ខាតបង់​ដល់​ប្រយោជន៍​ជាតិ​យ៉ាងច្រើន​ នេះ​ជា​កិច្ចការ​រួម​ដែល​កម្ពុជា​ប្រឈម​ មិនមែន​តែ​បក្ស​កាន់​អំណាច​មួយ​ទេ​ បាន​ន័យ​ថា​ ពលរដ្ឋ​ទាំងអស់​ត្រូវ​ឈម​ជាមួយ​គ្នា​ទាំងអស់​»​។​

​យ៉ាងណា​ជុំវិញ​នៃ​ការ​ចរាចរ​វាង​គណបក្សកាន់អំណាច​ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុខ​ ឥ​សាន្ដ​ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្លាប់​បាន​អះអាង​ថា​ គណបក្សកាន់អំណាច​បាន​ខិតខំ​ បង្កើត​វប្បធម៌​សន្ទនា​ឡើង​ ដើម្បី​ឲ្យ​មានការ​ស្រុះស្រួល​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​។​ ក៏​ប៉ុន្ដែ​ក្រុម​គណបក្សប្រឆាំង​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​បំផ្លាញ​ការ​ខិតខំ​របស់​គណបក្សកាន់អំណាច​។​

​សហភាព​អឺរ៉ុប​ បាន​បង្កើត​ប្រ័​ពន្ធ​អនុគ្រោះ​ Everything​ But​ Arms​ ហៅ​កាត់​ថា​ EBA​ ក្នុង​អំឡុង​ឆ្នាំ​២០០១​ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ដ​ល់​ប្រទេស​ ដែល​មានការ​អភិវឌ្ឍ​តិច​តូច​នៅ​លើ​ពិភពលោក​ នូវ​ការ​មិន​គិត​ពន្ធ​ ឬ​ទទួល​បាន​ប្រព័ន្ធ​សេរី​ ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់​ ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ លើកលែងតែ​អាវុធ​ និង​គ្រាប់រំសេវ​។​ ក្រោម​ការ​អនុគ្រោះ​ពន្ធ​នេះ​ កម្ពុជា​បាន​ចំណេញ​ប្រាក់​ ពី​ការ​មិនបាច់​បង់ពន្ធ​ក្នុង​តម្លៃ​ រហូត​ដល់​ជិត​ ៧០០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​។​

​ផ្អែក​តាម​បទបញ្ញត្ដិ​ លេខ​ ៩៧៨/២០១២​ របស់​សភា​ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ ក្រោយ​ពី​គណៈកម្មការ​អឺរ៉ុប​ ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ អំពី​ការ​ អនុវត្ដ​នីតិវិធី​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើការ​តាមដាន​ និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​នោះ​ រយៈពេល​ ៦​ខែ​ទៀត​ ចាប់ពី​ពេល​ដែល​ខ្លួន​បាន​ជូនដំណឹង​។​ បន្ទាប់​ពី​ចប់​រយៈពេល​នេះ​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើ​សេចក្ដីសម្រេច​មួយទៀត​ ថា​ តើ​គួរ​បញ្ឈប់​នីតិវិធី​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​ ឬ​ លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​តែ​ម្ដង​៕

Share

Image
Image
Image