ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន បានជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ដ្រីកសិកម្មវៀតណាម ចិន ជប៉ុន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការលើការធ្វើពាណិជ្ជកម្ម កសិកម្ម ឆ្លងដែន។ នេះបើតាមទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្មផ្សព្វផ្សាយកាលពីថ្ងៃទី១៤ តុលា។
ជំនួបនេះធ្វើឡើងអំឡុងថ្ងៃទី១១ និងទី ១២ ខែតុលា ឆ្នាំ២០១៨ ខណៈដែលលោក វេង សាខុន និងគណប្រតិភូ អញ្ញើញចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្ដ្រីកសិកម្ម និងព្រៃឈើអាស៊ាន កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្ដ្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី និងកិច្ចប្រជុំស្ដីពីសហប្រតិបត្ដិការអនាម័យលើកទី៦ ថ្នាក់រដ្ឋមន្ដ្រីអាស៊ាន។
ក្រសួងកសិកម្មបន្ដថា ជំនួបរវាងលោក វេង សាខុន ជាមួយរដ្ឋមន្ដ្រីកសិកម្មវៀតណាម ចិន ជប៉ុន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្រៅតែពីពិភាក្សា ពីការពង្រឹងកិច្ចសហប្រតិបត្ដិការលើការធ្វើពាណិជ្ជកម្ម កសិកម្ម ឆ្លងដែនហើយ លោករដ្ឋមន្ដ្រីក៏បានពិភាក្សាផងដែរ ពីយន្ដការនៃការបង្ការ និងទប់ស្កាត់ជំងឺរាត្បាតតាមរយៈផលិតផលកសិកម្មឆ្លងដែន ការរៀបចំវិធានការចំពោះបទល្មើសឆ្លងដែន ការបោះទុកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្ដិការមួយចំនួន ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចេញនូវគោនយោបាយថ្មីៗ សំដៅដល់ការលើកទឹកចិត្ដអ្នកវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងអាចទទួលបាននូវការបោះទុនវិនិយោគបន្ថែមទៀតទាំងផ្នែកផលិតកម្មកសិកម្ម និងកសិកឧស្សាហកម្ម។ លើសពីនេះលោករដ្ឋមន្ដ្រី ក៏បានប្ដេជ្ញាបន្ដជំរុញការងារកំណែទម្រង់ វិស័យកសិកម្មនៅកម្ពុជា និងការធ្វើអាទិភាពការងារ ដើម្បីឲ្យស្របទៅនឹងការវិឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ និងថ្នាក់ដំបន់។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ ប្រទេសកម្ពុជា នឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៤១ នៃរដ្ឋមន្ដ្រីកសិកម្ម និងព្រៃឈើអាស៊ាន៕