ភ្នំពេញ ៖ សត្វព្រៃបីប្រភេទ ត្រូវបានក្រុមល្បាតខេត្ដកោះកុង ក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ជួយសង្គ្រោះ និងព្រលែងចូលក្នុងធម្មជាតិវិញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ។ នេះបើយោងតាមក្រសួងបរិស្ថាន ដែលបង្ហោះលើបណ្ដាញសង្គម។
ក្រសួងបរិស្ថានបានឲ្យដឹងទៀតថា មន្ដ្រីឧទ្យានុរក្ស រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ ប្រចាំស្នាក់ការល្បាតស្ទឹងព្រាត់ នៃឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង បានធ្វើការល្បាតជួបប្រទះ ការលាក់ទុកសត្វព្រៃចំនួន ១ករណី ស្ថិតក្នុងភូមិទឹកល្អក ឃុំជីផាត ស្រុកថ្មបាំង ខេត្ដកោះកុង។ កន្លែងលាក់ទុកសត្វព្រៃនោះ មានសត្វត្រកួតចំនួន ៤ក្បាល ទម្ងន់ ១០គីឡូ ងាប់២ក្បាល សត្វកន្ដ្រងចំនួន ៤ក្បាល ទម្ងន់ ៣គីឡូ ងាប់អស់ ៣ក្បាល និងសត្វអណ្ដើក ទម្ងន់ កន្លះគីឡូមួយក្បាល នៅរស់។ សត្វព្រៃដែលនៅរស់ ក្រុមល្បាតបានព្រលែងចូលក្នុងធម្មជាតិវិញ ចំណែកឯសត្វដែលងាប់អាជ្ញាធរបានសម្រេចដុតចោល។
សត្វព្រៃនៅកម្ពុជា នឹងប្រឈមការវិនាសបាត់បង់ទៅ ប្រសិនបើនៅតែមានការលួចបរបាញ់ ដើម្បីបម្រើឲ្យសេចក្ដីត្រូវការនៅលើទីផ្សារបន្ដទៀត។ លោក ប៊ូ វរសក្ស ប្រធានកម្មវិធី នៃអង្គការជីវិតសត្វស្លាប BirdLife International Cambodia Programme សំណូមពរសុំឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីថែរក្សា សត្វព្រៃគ្រប់ប្រភេទនៅកម្ពុជា។ លោកស្នើសុំប្រជាពលរដ្ឋពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដោយលោកអះអាងថា បើកាលណាគ្មានតម្រូវការទីផ្សារ នោះការលួចបរបាញ់ដោយខុសច្បាប់ក៏នឹងគ្មានដែរ។ លើសពីនេះ លោកស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឧស្សាហ៍ពិនិត្យលើទីផ្សារ ប្រសិនបើឃើញមានការលក់សត្វព្រៃកម្រ សូមឲ្យអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹង។
សូមជម្រាបថា យោងតាមច្បាប់ស្ដីពីព្រៃឈើ គឺតម្រូវឲ្យផ្ដន្ទាទោសថ្នាក់ទី១ គឺត្រូវជាប់ពន្ធនាគារ ចាប់ពី ៥ឆ្នាំទៅដល់ ១០ឆ្នាំ ចំពោះជនទាំងឡាយណា ដែលបានចូលទៅបរបាញ់សត្វ នៅក្នុងព្រៃការពារ ហើយសម្លាប់ដើម្បីធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្រុមជិតពូជ។ ក្នុងករណីដែលជននោះមិនរាងចាល នឹងត្រូវផ្ដន្ទាទោសទ្វេដង៕