ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រម បន្ដឡើងវិញនូវកម្មវិធីរុករកអដ្ឋិធាតុឈ្លើយសឹក និងទាហាន អាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាម POW/MIA នៅកម្ពុជា បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង មួយឆ្នាំ។ នេះបើតាមលិខិតដែលសម្ដេច ហ៊ុន សែន ផ្ញើទៅកាន់សមាជិកព្រឹទ្ធសភា និងតំណាងរាស្ដ្រ នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
លិខិតមួយច្បាប់នេះ បានបញ្ជាក់ថា កម្ពុជាមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ គ្រប់វិស័យទាំងអស់ ជាមួយអាមេរិក ដោយឈរលើមូលដ្ឋានប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។ លើសពីនេះ សម្ដេច ថា កិច្ចសហប្រតិបត្ដិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិក ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅទសវត្សឆ្នាំ១៩៩០ គឺជាឧទាហរណ៍ យ៉ាងច្បាស់អំពីការខិតខំរបស់កម្ពុជា ហើយក៏បានឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយ នឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិក ដែលបាត់ខ្លួន។
កាលពីខែកញ្ញា ឆ្នាំ២០១៧ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកភ្លាមៗនូវកិច្ចសហប្រតិបត្ដិការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ក្រោយពីសហរដ្ឋអាមេរិកបានដាក់បម្រាម មិនឲ្យមន្ដ្រីការទូតជាន់ខ្ពស់ខ្ពស់មួយចំនួន របស់កម្ពុជា ចូលទឹកដីអាមេរិក។ ការសម្រេចរបស់អាមេរិកធ្វើឡើង បន្ទាប់ពីកម្ពុជាសុំឲ្យអាមេរិកផ្ដល់ការពិចារណាបន្ថែម ចំពោះករណីកម្មវិធីធ្វើមាតុភូមិនិវត្ដខ្មែរដែលមានទោសនៅអាមេរិកមកកម្ពុជា។ ករណីនេះ សម្ដេច ហ៊ុន សែន ចាត់ទុកថា គឺជាការដាក់ទណ្ឌកម្មយ៉ាងអយុត្ដិធម៌មកលើកម្ពុជា។
តែបែបនេះក្ដីសម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា បើទោះបីជាការរឹតត្បិតទិដ្ឋាការពីសំណាក់សហរដ្ឋអាមេរិកមកលើកម្ពុជា នៅតែមានសុពលភាពក៏ដោយ ក៏លោកឈរលើស្មារតីមេត្ដាដូចកន្លងមក ហើយក៏ជាការឆ្លើយតបចំពោះសំណើរបស់សមាជិកព្រឹទ្ធសភា និងតំណាងរាស្ដ្រ នៅរដ្ឋធានីវ៉ាស៊ិនតោន យល់ព្រមចាប់ផ្ដើមឡើងវិញ នូវប្រតិបត្ដិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះ។
សូមជម្រាបថា យ៉ាងហោចណាស់មានទាហានរបស់សហរដ្ឋអាមេរិកចំនួន ៨០ នាក់ បានស្លាប់នៅលើទឹកដីកម្ពុជា។ គិតចាប់តាំងពីកិច្ចសហប្រតិបត្ដិការរុករកអដ្ឋិធាតុបានចាប់ផ្ដើមមុនពេលត្រូវផ្អាក កម្មវិធីនេះបានរកឃើញអដ្ឋិធាតុ ទាហាន អាមេរិក ចំនួន ៤០នាក់តែប៉ុណ្ណោះ៕