en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បន្ដ​ឡើង​វិញ​ នូវ​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​ អា​មេ​រិ​ក​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​យល់ព្រម​ បន្ដ​ឡើង​វិញ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក​ និង​ទាហាន​ អា​មេ​រិ​ក​ ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ POW/MIA​ នៅ​កម្ពុជា​ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ជាង​ មួយ​ឆ្នាំ​។​ នេះ​បើ​តាម​លិខិត​ដែល​សម្ដេច​ ហ៊ុន​ សែន​ ផ្ញើ​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​ និង​តំណាងរាស្ដ្រ​ នៅ​រដ្ឋធានី​វ៉ា​ស៊ិ​ន​តោន​ សហរដ្ឋអាមេរិក​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​។​

​លិខិត​មួយ​ច្បាប់​នេះ​ បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​បំណង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ គ្រប់​វិស័យ​ទាំងអស់​ ជាមួយ​អា​មេ​រិ​ក​ ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រយោជន៍​រួម​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។​ លើស​ពី​នេះ​ សម្ដេច​ ថា​ កិច្ច​សហប្រតិបត្ដិកា​រលើ​កម្មវិធី​ POW/MIA​ តាំង​តែ​ពី​មុន​ពេល​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វិញ​នៅ​ទស​វត្ស​ឆ្នាំ​១៩៩០​ គឺជា​ឧទាហរណ៍​ យ៉ាង​ច្បាស់​អំពី​ការ​ខិតខំ​របស់​កម្ពុជា​ ហើយ​ក៏​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​រួម​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ នឹង​ក្រុម​គ្រួសារ​ឈ្លើយសឹក​ និង​ទាហាន​អា​មេ​រិ​ក​ ដែល​បាត់​ខ្លួន​។​

​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៧​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្អាក​ភ្លាមៗ​នូវ​កិច្ច​សហប្រតិបត្ដិការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​នៅ​កម្ពុជា​ ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​ មិន​ឲ្យ​មន្ដ្រី​ការទូត​ជាន់ខ្ពស់​ខ្ពស់​មួយ​ចំនួន​ របស់​កម្ពុជា​ ចូល​ទឹកដី​អា​មេ​រិ​ក​។​ ការ​សម្រេច​របស់​អា​មេ​រិ​ក​ធ្វើ​ឡើង​ បន្ទាប់​ពី​កម្ពុជា​សុំ​ឲ្យ​អា​មេ​រិ​ក​ផ្ដល់​ការ​ពិចារណា​បន្ថែម​ ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្ដ​ខ្មែរ​ដែល​មានទោស​នៅ​អា​មេ​រិ​កមក​កម្ពុជា​។​ ករណី​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ចាត់​ទុក​ថា​ គឺជា​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​អយុត្ដិធម៌​មក​លើ​កម្ពុជា​។​

​តែ​បែប​នេះ​ក្ដី​សម្ដេច​ ហ៊ុន​ សែន​ សង្កត់ធ្ងន់​ថា​ បើ​ទោះបីជា​ការ​រឹតត្បិត​ទិដ្ឋាការ​ពី​សំណាក់​សហរដ្ឋអាមេរិក​មក​លើ​កម្ពុជា​ នៅ​តែ​មាន​សុពលភាព​ក៏​ដោយ​ ក៏​លោក​ឈរ​លើ​ស្មារតី​មេត្ដា​ដូច​កន្លង​មក​ ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​ និង​តំណាងរាស្ដ្រ​ នៅ​រដ្ឋធានី​វ៉ា​ស៊ិ​ន​តោន​ យល់ព្រម​ចាប់ផ្ដើម​ឡើង​វិញ​ នូវ​ប្រតិបត្ដិការ​រុករក​អដ្ឋ​ធាតុ​ POW/MIA​ ដ៏​សំខាន់​នេះ​។​

​សូម​ជម្រាប​ថា​ យ៉ាង​ហោច​ណាស់​មាន​ទាហាន​របស់​សហរដ្ឋអាមេរិក​ចំនួន​ ៨០​ នាក់​ បាន​ស្លាប់​នៅ​លើ​ទឹកដី​កម្ពុជា​។​ គិត​ចាប់តាំងពី​កិច្ច​សហប្រតិបត្ដិការ​រុករក​អដ្ឋិធាតុ​បាន​ចាប់ផ្ដើម​មុន​ពេល​ត្រូវ​ផ្អាក​ កម្មវិធី​នេះ​បាន​រក​ឃើញ​អដ្ឋិធាតុ​ ទាហាន​ អា​មេ​រិ​ក​ ចំនួន​ ៤០​នាក់​តែ​ប៉ុណ្ណោះ​៕

Share

Image
Image
Image