en     km
en     km

អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវសុំពលរដ្ឋខ្មែរកុំព្រួយបារម្ភពីការគំរាមដកអនុគ្រោះពន្ធរបស់EU(មានសំឡេង)

Share

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវ ដល់ជនរួមជាតិខ្មែរកុំមានការព្រួយបារម្ភចំពោះការវិភាគនិងការវាយតម្លៃរបស់ក្រុមអ្នកវិភាគនិងអ្នកសង្កេតការណ៍ពាក់ព័ន្ធនឹងសហភាពអឺរ៉ុបដែលបានធ្វើសេចក្ដីសម្រេចអំពីដំណើរការនៃការដកការអនុគ្រោះពន្ធពីកម្ពុជាដោយចាត់ទុកថាការវាយតំលៃណាមួយនាពេលនេះ គឺមិនសមហេតុផលឡើយ។

លោក នួន បូរិន្ទ រាយការណ៍លំអិត៖

សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលត្រូវបានមើលឃើញក្នុងទំព័រហ្វេសបុករបស់អ្នកនាំពាក្យលោក ផៃ ស៊ីផាន ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី១២ តុលា។

តាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ បានសើរជាច្រើនអំពីគោលជំហររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ទល់ស្ថានការណ៍វាយប្រហាររបស់សហគមន៍អន្តរជាតិនិងក្រុមប្រឆាំង។

សេចក្ដីថ្លែងការណ៍នេះ បានសរសើរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសមភាគី សហភាពអឺរ៉ុប។

តែទន្ទឹមនឹងនេះ ការិយាល័យរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបាន ទទូចដល់ជនរួមជាតិទាំងអស់ កុំឱ្យមានការព្រួយបារម្ភតាមរយៈការវិភាគ និងការវាយតម្លៃមិនសមហេតុផល ស្តីពីពន្ធអនុគ្រោះ EBAs។

ការអនុគ្រោះពន្ធនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការដោះស្រាយ ដែលនឹងត្រូវចំណោយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា ។ នៅក្នុងន័យនេះ ដំណើរការនៃផលិតកម្មឧស្សាហកម្ម វាយណភ័ណ្ឌនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបនោះ មិនទាន់មានផលប៉ះពាល់អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ ។

ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា កម្ពុជា ពេលនេះពបាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នាទៅវិញទៅមក។ 
នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូ ក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីពន្ធអនុគ្រោះ (EBAs) ជាមួយនិងកិច្ចធានានូវអធិបតេយ្យ និងឯករាជ្យភាពរៀងៗខ្លួន ។ 

សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបិទបញ្ចប់ដោយបង្ហាញថា កម្ពុជាប្រទេសអធិបតេយ្យមួយ គឺកម្ពុជាត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងបូរណភាពរបស់ខ្លួនដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈដែលកម្ពុជាធ្វើការ ក្នុងភាពស្មើមុខមាត់ជាមួយសហគមន៍អន្តរជាតិ ។

ជាការកត់សម្គាល់ បន្ទាប់ពី គណៈកម្មការសហភាពអឺរ៉ុប បានជូនដំណឹងមកកាន់រាជរដ្ឋាភិបាលកម្ពុជា អំពីដំណើរដកការអនុគ្រោះពន្ធពីកម្ពុជា គេសង្កេត មេដឹកនាំបក្សកាន់អំណាច និង ក្រសួងការបរទេស កម្ពុជា ប្រតិកម្មនឹងបញ្ហានេះ ។ សម្ដេចហ៊ុនសែន បានប្ដេចជ្ញាមិនអោយបរទេសជាន់ដោយប្រកាសមិន ត្រូវការជំនួយ ដើម្បីដូរសន្តិភាពពីកម្ពុជា ដ៏រឹងមាំនេះទេ។ ចំណែកឯក្រសួងការបរទេស ដែលក្នុងនាមជា ស្ថាប័នការទូតផ្លូវការតំណាងអោយព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ហាក់ដោយចាត់ទុកសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបត្រៀមចាត់វិធានការដកការអនុគ្រោះពន្ធពីកម្ពុជា គឺជារឿងអាយុត្តិធម៌បំផុតចំពោះកម្ពុជា។

តែសូមរមលឹកថា បើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធពីកម្ពុជាមែននោះ គឺកម្ពុជា នឹងខាតប្រាក់លើ់ការបង់ពន្ធចូលទីផ្សារអឺរ៉ុប ក្នុងមួយឆ្នាំៗប្រមាណជា៧០០លានដុលា្លរអាមេរិកដែលអ្នកសង្កេតការណ៍ពព្រមានថា នឹងធ្វើប៉ះពាល់សេដ្ឋកិច្ចជាតិផងនិងប៉ះពាល់ដល់ការងារកម្មករកម្មការិនី ក្នុងវិស័យវាយនភណ្ឌទៀតផង៕

Share

ព័ត៌មានទាក់ទង

Image