ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ តុលានេះបានចេញសេចក្តីជូនដំណឹងរំលឹកដល់ ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានាត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីការងារ ពិសេសមិនត្រូវប្រើប្រាស់ពលកម្មកុមារក្នុងសង្វាក់ផលិតកម្មនោះឡើយ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងការងារបានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវបន្តប្រឆាំងរាល់ទម្រង់កេងប្រវ័ញ្ចពលកម្មកុមារ។ក្រសួងក៏ហាមឃាត់ដាច់ខាតការប្រើប្រាស់បំណុលនៃទំនាក់ទំនងបុគ្គល និងបំណុលនៃគ្រឹះស្ថានហិរញ្ញវត្ថុមកដាក់បន្ទុកសេរីភាពការងាររបស់កម្មករ និយោជិត ទោះបីក្នុងលក្ខណៈម៉ៅការ ឬកិច្ចសន្យាបន្តក្តី។
ក្រសួងការងារក៏តម្រូវឱ្យគ្រប់អាជីកម្ម សិប្បកម្ម និងសេវាកម្មទាំងអស់ មិនត្រូវប្រើប្រាស់កុមារក្រោមអាយុ ១៥ឆ្នាំឡើយ។
ភ្ជាប់ជាមួយសេចក្តីអំពាវនាវនេះ ក្រសួងការងារក៏ប្រកាសពីវិធានការផាកពិន័យ និងវិធានការផ្លូវច្បាប់ក្នុងករណីក្រុមអធិការកិច្ចការងាររបស់ក្រសួងរកឃើញនូវកំហុសទាំងនេះ។
ពលកម្មលើកុមារជាការងារមួយដែលមានការគម្រាមកំហែងទៅដល់សិទ្ធជាមូលដ្ឋានរបស់កុមារ ក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការលូតលាស់ផ្នែកបញ្ញា និងរូបរាងកាយ ការទទួលបានការការពារពីការរំលោភបំពាន និងការចូលរួមក្នុងសហគមន៍របស់អ្នកទាំងនោះ។ កម្មករជាកុមារធ្វើការទៅតាមវិស័យមួយចំនួនដូចជា៖ ការងារតាមផ្ទះ ក្នុងរោងចក្រកាត់ដេរ ការប្រមូលសម្រាម នេសាទ កសិកម្ម កម្មករឡឥដ្ឋ និងសំណង់។
តាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO)ក្នុងឆ្នាំ២០១២ រកឃើញថា មានកុមារចំនួនជាង ៧៥ម៉ឺននាក់ កំពុងធ្វើការក្នុងប្រទេសកម្ពុជា។
ក្នុងនេះមានចំនួនជាង ៤២ម៉ឺននាក់ ស្មើនឹង ៥៦.៩% ត្រូវបានចាត់ទុកថា ជាកម្មករកុមារ ហើយចំនួនជាង ២៣ម៉ឺននាក់ ស្មើនឹង ៣១.៣% បានធ្វើការក្នុងលក្ខខ័ណ្ឌគ្រោះថ្នាក់ដែលអ្នកទាំងនោះត្រូវបានរងផលប៉ះពាល់ពីសារធាតុ ឬសម្ភារៈគីមី៕