ខណៈនេះ មានការងើយឆ្ងល់ជាខ្លាំងអំពីនិន្នាការរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយសហគមន៍អន្តរជាតិដែលធ្វើអោយមជ្ឈដ្ឋានខ្លះ មើលឃើញខុសៗគ្នា។ អ្នកខ្លះថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃទី ១០តុលា ឆ្លើយតបទៅកាន់សហភាពអឺរ៉ុបហាក់បង្ហាញភាពទន់ភ្លន់ជាខ្លាំងបន្ទាប់ពីអង្គការធំនេះរៀបចំវិធានការដកការអនុគ្រោះពន្ធពីកម្ពុជា។ តែមជ្ឈដ្ឋានខ្លះហាក់មិនយល់ស្របនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានោះទេគឺដូចជាថ្ងៃនេះសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បែរជាប្រកាសគាំទ្រជំហររបស់សម្ដេច ហ៊ុន សែនដែលមិនឱនក្បាលឱ្យបរទេសជាន់។
លោក នួន បូរិន ជូនសេចក្ដីរាយការណ៍៖
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃសុក្រទី១២តុលានេះ បានចេញញត្តិមួយប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
លោកសោម អូន ប្រធានក្រុមប្រឹក្សាភិបាល នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបញ្ជាក់ខ្លឹមសារក្នុងញត្តិរបស់លោកថា៖ « សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាលជាមួយ សហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យជាតិជាមួយបរទេស និងមិនយកសុខសន្តិភាព របស់ប្រទេស ទៅដោះដូរជាមួយជំនួយ។ មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជំហររឹងមាំ យ៉ាងច្បាស់ថា កម្ពុជាត្រូវការរស់ងើបឈរឡើងដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និងសន្តិភពរបស់ប្រទេស» ។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលអះអាងថាសមាជិករបស់ខ្លួន មានជាង៤៥ម៉ឺននាក់ នៅទូទាំងប្រទេសនិងមានអង្គការ សមាគមជាដៃគូរបស់ខ្លួនមាន៥៤ បានបញ្ជាក់ទៀតថា៖« យើងខ្ញុំទាំងអស់គ្នាសូមប្រកាស ប្រឆាំងដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួនដែលមាននិន្នាការផ្ទុយដែលព្រមអោនក្បាល ដាក់បរទេស ដើម្បីជំនួយណាមួយ ហើយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រៀកមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ និងឯករាជ្យ»។
កាលពីថ្ងៃម្សិលមិញ គេសង្កេតឃើញក្រសួងនិងស្ថាប័នរបស់រដ្ឋជិត៣០ បានចេញសេចក្តីប្រកាសគាំទ្រប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ដែលថាមិនឱនក្បាលចំពោះការគំរាមកំហែង ឬព្រមានពីបរទេសឡើយ។
ស្ថាប័នដែលប្រកាសគាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន រួមមានអង្គភាពកងទ័ព និង ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ ក្រសួងសុខាភិបាល ក្រសួងធនធានទឹក និងក្រសួងយុត្តិធម៌ជាដើម។ស្ថាប័នទាំងនេះចេញសេចក្តីប្រកាសដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា ពួកគេគាំទ្រប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។ ខ្លឹមសារញតិ្តរបស់ស្ថាប័នទាំងនេះ គឺមានខ្លឹមដូចនឹងញតិ្តរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជានេះដែរ។
ការប្រកាសគាំទ្ររបស់ស្ថាប័ននិងសភាសហជីពជាតិកម្ពិជានេះធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ក្នុងអំឡុងពេលសម្ដេចទៅចូលរួមប្រជុំ ប្រទេសតំបន់មេគង្គនិងប្រទេសជប៉ុននៅទីក្រុងតូក្យូ។
ក្នុងឱកាសនោះ សម្ដេចហ៊ុនសែន បានថ្លែងក្នុងន័យនេះថា«ឥឡូវអ្នកណាចង់ចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជា ត្រូវរឹងមាំ ចំពោះគោល ការណ៍ការពារឯករាជ្យអធិបតេយ្យភាពរបស់ខ្លួន កម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
តែយ៉ាងណាក៏ដោយ អ្នកបញ្ចេញមតិលើបណ្ដាញសង្គម ទាក់ទិននឹងជំហរកម្ពុជា ជាមួយសហគមន៍អន្តរជាតិក៏មានមតិផ្ទុយគ្នាដែរ។ អ្នកខ្លះគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់ជំហរមិនឱនក្បាលនឹងបរទេសដោយចាត់ទុកកម្ពុជារដ្ឋអធិបតេយ្យ។ តែអ្នកខ្លះ មើលឃើញថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១០តុលា ថាមានចរិកទន់ភ្លន់ខុសពីជំហររបស់សម្ដេចហ៊ុនសែន។ ពួកគាត់ បង្ហាញទស្សនៈថា ដល់ពេលគេរៀបចំដាក់អន្ទាក់ចង់ប្រាប់គេអោយដកចេញហើយថា ខ្លួនត្រូវការយុត្តិធម៌ពីសហភាពអឺរ៉ុបដែរ។ ពួកគាត់សួរថា លោកយើងមានយុត្តិធម៌មកពី បើខ្លួនជាអ្នកសាងអំពើអយុត្តិធម៌ហើយនោះ។
កាលពីថ្ងៃទី៥តុលា គណៈកម្មការអឺរ៉ុបដែលជាស្ថាប័នមួយ របស់សហភាពអឺរ៉ុបបានជូនដំណឹងមកកម្ពុជាថា ចាប់ពីពេលនេះទៅ គឺជានីតិវិធីនៃការររៀបចំការដកឬព្យួរការអនុគ្រោះពន្ធពីកម្ពុជាដែលនាំទំនិញចូលទីផ្សារអឺរ៉ុបដោយគេគិតថា ក្នុងមួយឆ្នាំៗកម្ពុជា បានចំណេញដោយលក្ខខណ្ឌការអនុគ្រោះពន្ធនេះ នូវថវិកា ជិត៧០០លានដុល្លារអាមេរិក។
កាលដែលសហភាពអឺរ៉ុប ឈានដល់ការរៀបចំវិធានការដូចនេះ បន្ទាប់ពីសភាសហភាពអឺរ៉ុបបានអនុម័តជាឯកច្ឆ័ន្ទបង្គាប់ឱ្យ ស្ដាប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុប រៀបចំវិធានការនេះ នូវអ្វីដែលគេមើលឃើញថា សភាសហភាពអឺរ៉ុបថ្កោលទោស បក្សកាន់អំណាចនៅកម្ពុជាប្ដឹងតុលាកម្ពុជារំលាយគណបក្សសង្រ្គោះជាតិ មិនអោយមានឱកាសប្រកួតយកអាសនៈសភាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨។
តែយ៉ាងណា សម្ដេចហ៊ុនសែន ប្រកាសថា ទោះជាសហគមន៍អន្តរជាតិគាបសង្កត់មកលើបក្សកាន់អំណាចយ៉ាងណា គឺគ្មានការបោះឆ្នោតមុនអាណត្តិនោះទេ គឺ ត្រូវរង់ចាំឆ្នាំ ២០២៣៕