(ភ្នំពេញ)៖ ក្រោមសំឡេងឆ្នោតគាំទ្រ ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លោក ស៊ឹម កា បានជាប់ធ្វើជាអនុប្រធានទី១នៃព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា ដែលបានបង្ហាញរូបភាពសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមទំព័រហ្វេសប៊ុកដដែល សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកមិញនេះ មានរបៀបវារៈចំនួន២ ដែលអនុម័ត ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងទី២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤។
តាមសេចក្តីប្រកាសលទ្ធផលផ្លូវការនៃព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា ដែលបានទទួលមរណភាព ក្នុងនោះ លោក ស៊ឹម កា ទទួលបានសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្រៅពីបោះឆ្នោតនេះ ព្រឹទ្ធសភា ក៏ទទួលស្គាល់ លោកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥ ជំនួស លោក នៃ ប៉េណា ផងដែរ។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
សូមជំរាបជូនថា លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភាបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៤ឆ្នាំ៕