នៅក្នុងពិធីជួបជុំជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុន សម្ដេច ហ៊ុន សែន បានថ្លែងហាក់ដូចជាចំអកអោយសហភាពអឺរ៉ុបករណីត្រៀមដកការអនុគ្រោះពន្ធពីកម្ពុជា។ ក្នុងគ្រានោះសម្ដេច ប្រមុខរាជរដ្ឋាភិបាល ឲបានលើកឡើងថា កម្ពុជាមិនជ្រកក្រោមឥទ្ធិពលបរទេសទេ គឺកុំយកជំនួយ មកជាន់ឈ្លីកម្ពុជា។ សម្ដេចថា ចង់ដកការអនុគ្រោះពន្ធពីកម្ពុជាក៏ស្រេចតែចិត្ត គឺកម្ពុជានឹងបង់ពន្ធជូនតាមការតម្រូវរបស់អ្នក។ តែយ៉ាងណា កាលពីថ្ងៃទី ១០តុលានេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដោយសម្ដែងការខកចិត្តជាខ្លាំងចំពោះសហភាពអឺរ៉ុបដែលបានធ្វើមកលើកម្ពុជាដូចនេះ។ ក្រសួងការបរទេសដែលតំណាងអោយរាជរដ្ឋាភិបាលបានហៅសេចក្ដីសម្រេចការត្រៀមដកការអនុគ្រោះពន្ធពីកម្ពុជាថា « គឺជាការខ្វះតម្លាភាព និងអយុត្តិធម៌បំផុត»។
លោក នួន បូរិន រាយការណ៍លំអិត៖
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការលើការដកជាបណ្ដោះអាសន្ននូវការផ្ដល់អនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែអាវុធ ហៅកាត់ថា EBA» គឺជាការខ្វះតម្លាភាព និងអយុត្តិធម៌បំផុតចំពោះកម្ពុជា។
ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាគឺធ្វើឡើងឆ្លើយតបទៅនឹងលិខិតរួមរបស់លោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី ប្រមុខការទូតនិងលោកស្រី សេស៊ីល្យ៉ា ម៉ាលស្រ្ដម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលផ្ញើជូនរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ពុជា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់សហភាពអឺរ៉ុបស្ដីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធដែលក្រសួងការបរទេសធ្វើការឆ្លើយតបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាលដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុបកាលពីខែកក្កដាកន្លងទៅនេះ។
រាជរដ្ឋាភិបាលបានចាត់ទុកសេចក្ដីថ្លែងការរណ៍របស់សភាសហភាពអឺរ៉ុប ខ្វះតម្លាភាព និងមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្ដីសម្រេចចិត្តលំអៀងរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការឆ្លើយតបទៅសភាសហភាពអឺរ៉ុបទៀតថា ចាប់តាំងពីប្រទេសកម្ពុជា សម្រេចបានសន្ដិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមក កម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុត ការស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋាន ដែលសូម្បីតែប្រទេសអឺរ៉ុបខ្លួនឯងក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ ទម្រាំអាចសម្រេចបានផ្នែកខ្លះ។ សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេលក្ខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យ។ សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្ដែភាពស្ងប់ស្ងៀមនិងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអឺរ៉ុបច្បាស់ណាស់ថា បានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ដោយហេតុនេះ វាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយនៅពីក្រោយសេចក្ដីសម្រេចមកលើប្រទេស កម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអនុវត្តវិធានការដកអនុគ្រោះពន្ធកម្ពុជាពីគណៈកម្មការអឺរ៉ុបគឺប្រថុយប្រថាន ហើយមិនបានទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទាញមនុស្សប្រុសស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ។
សេចក្ដីថ្លែងការណ៍ឆ្លើយតបនិងការសម្រេចរបស់សភាសហភាពអឺរ៉ុបដែលមានកម្រាស់២ទំព័រដដែលនេះបង្ហាញថា ស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបានដែលនាំឲ្យរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យនិងអធិបតេយ្យភាពក្នុងការចាត់វិធានការនានាតាមផ្លូវច្បាប់កន្លងមក។ ប្រសិនបើស្ថាប័នអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរនេះវានឹងធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀតក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។
សេចក្ដីបញ្ចប់នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើនេះបានបង្ហាញទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយដោយគោរពសិទ្ធិប្រជាពលរដ្ឋទាំងអស់ស្របតាមគុណតម្លៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្ដែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្ដី ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្ដី។ ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះ ដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។
តើមានផលប៉ះពាល់អ្វីខ្លះប្រសិនបើសហភាពអឺរ៉ុបសម្រចព្យួរឬក៏ដកការអនុគ្រោះពន្ធពីកម្ពុជា ?
អ្នកសង្កេតការណ៍និងអ្នកសេដ្ឋកិច្ចឯករាជ្យមួយចំនួនបានធ្វើវិភាគនិងវាយតម្លៃថាប្រសិនបើករណីនេះកើតឡើងមែនចំពោះប្រទេសកម្ពុជា ដូចការព្រមានឬក៏ការជូនដំណឹងរបស់សហភាពអឺរ៉ុបនោះ គឺពលរដ្ឋកម្ពុជាប្រមាណជាជាពីរលាននាក់ អាចនឹងរងផលប៉ះពាល ជាពិសេស គឺកម្មករកម្មការិនីដែលមានកម្លាំងពលកម្មកំពុងប្រព្រឹត្តការងារនៅរោងចក្រនានានៅកម្ពុជាប្រមាណជាជាង៨០ម៉ឺននាក់អាចនឹងប្រឈមមុខមុនគេ។ក្រោយមកទៀតអាចប៉ះពាល់ក្រុមគ្រួសារសហគមន៍និងការប្រកបមុខរបរទទួលទានរបស់ពលរដ្ឋក្រីក្រមួយចំនួន ដែលទទួលបានផលប្រយោជន៍នៃវិស័យវាយនភ័ណ្ឌនៅកម្ពុជា ។
អ្នកសង្កេតការណ៍ធ្លាប់បានប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា វិធានការបស់សហភាពអឺរ៉ុបអាចប៉ះពាល់ដំបូងដល់កម្ពុជា ប្រមាណជា៣០ម៉ឺននាក់ហើយនឹងធ្វើអោយរោងចក្រមួយចំនួនអាចនឹងបិទទ្វារហើយមួយចំនួនទៀតអាចនឹងរើចេញពីកម្ពុជាទៅកានប្រទេសផ្សេងៗទៀត។
តើកត្តាអ្វីខ្លះនាំអោយសហភាពអឺរ៉ុបរៀបចំការដកការអនុគ្រោះពន្ធពីកម្ពុជា ?
អ្វីដែលនាំអោយសហភាពអឺរ៉ុប ត្រៀមដកការអនុពន្ធពកម្ពុជា គឺមកពីបញ្ហាសិទិ្ធមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះធ្ងន់ធ្ងរបន្ទាប់ពី តុលាការកំពូលរំលាយបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ ការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សនេះដាក់ពន្ធនាគារ និងការបិទសិទិ្ធនយោបាយ របស់មន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨រូប មិនអោយធ្វើនយោបាយព្រមទាំងការរឹបអូសតំណែងមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាឃុំរបស់ប្រទេសនេះដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។នេះ បើតាមសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានបង្កើតប្រព័ន្ធអនុគ្រោះពន្ធនេះឡើងក្នុងឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅលើពិភពលោក នូវការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញពីការមិនចាំបាច់បង់ពន្ធក្នុងតម្លៃដល់ទៅជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ផ្អែកតាមបទបទបញ្ញត្តិ លេខ ៩៧៨/២០១២ របស់សភា និងក្រុមប្រឹក្សាអឺរ៉ុប ក្រោយគណៈកម្មការ អឺរ៉ុប ជូនដំណឹងទៅប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA អំពីការអនុវត្តនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ គណៈកម្មការអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃស្ថានភាពក្នុងប្រទេសទទួលអត្ថប្រយោជន៍រយៈពេល ៦ ខែទៀតចាប់ពីពេលជូនដំណឹងនេះ។
បន្ទាប់ពីចប់រយៈពេលនេះ គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្ដីសម្រេចំួយទៀតថាតើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ ឬ លុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន នេះតែម្ដង។ តែយ៉ាងណាមុននឹងអនុវត្តវិធានការនេះ សហភាពអឺរ៉ុបចង់ឃើញបក្សប្រឆាំងដែលត្រូវបានរំលាយនិងបក្សកាន់អំណាចវិលមករកតុចរចាជាមួយគ្នាឡើងវិញគឺកុំអោយហួសរយៈពេល៦ខែទៀតនេះ៕