ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃដ៏កម្រជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងខេត្ដរតនគិរី។ មន្ដ្រីអង្គការអភិរក្សសត្វព្រៃ មើលឃើញថា ការរកឃើញនេះ គឺជាសញ្ញាវិជ្ជមាន នៃការករកើតឡើងវិញនូវវត្ដមានសត្វដ៏កម្រនៅក្នុងប្រទេសកម្ពុជា។
លើបណ្ដាញសង្គមរបស់ក្រសួងបរិស្ថាន ដែលផ្សព្វផ្សាយកាលពីថ្ងៃទី០៥ ខែតុលា បានបញ្ជាក់ថា សត្វខ្លាឃុំ សត្វស្វាត្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូស និងសត្វព្រៃជាច្រើនប្រភេទ ដែលសុទ្ធសឹងតែជាសត្វដ៏កម្រ កំពុងពឹងអាស្រ័យ នៅក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងខេត្ដរតនគិរី។ ទាក់ទិនរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរកឃើញវត្ដមានសត្វព្រៃដ៏កម្រទាំងនេះ គឺបន្ទាប់ពីមន្ដ្រីអនុរក្ស នៃឧទ្យានជាតិវីរៈជ័យ បានម៉ាស៊ីនថតដោយស្វ័យប្រវត្ដិ នៅក្នុងឧទ្យាននេះ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បន្ដថា ឧទ្យានវីរៈជ័យ គឺជាតំបន់ដែលសម្បូរទៅដោយ ជីវៈចម្រុះគ្រប់ប្រភេទ ដែលស្ថិតក្រោមការការពារដោយរដ្ឋាភិបាល។ នាពេលកន្លងមកម៉ាស៊ីនថតស្វ័យប្រវត្ដិក៏ធ្លាប់ចាប់រូបផាពសត្វព្រៃដ៏កម្រផ្សេងៗបានផងដែរ ដែលមានដូចជាសត្វដំរី ខ្លាឃ្មុំ ខ្លាពពក និងសត្វខ្ទីងជាដើម។ លោកបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានយកចិត្ដទុកដាក់លើកិច្ចការ ការពារ និងអភិរក្សធនធានធម្មជាតិនេះ ដោយបានរៀបចំផែនការយុទ្ធសាស្ដ្រផ្សេងៗ។
សូមជម្រាបដែរថា ក្រោយពីមានការកំណែទម្រង់ស៊ីជម្រៅលើតួនាទី និងការទទួលខុសត្រូវ របស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដែលមានការផ្ទេរនូវតំបន់អភិរក្សមួយចំនួន ពីក្រសួងកសិកម្ម ឲ្យទៅក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្ស។ លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា បច្ចុប្បន្ន តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ គឺស្ថិតក្រោមការគ្រប់គ្របរបស់ក្រសួងបរិស្ថាន មានទំហំជាង ៧,៥លានហិកតា និងមានមន្ដ្រីឧទ្យានុរក្សចំនួន ១២៦០ បាននិងកំបុងដើរល្បាត ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្បត្ដិធម្មជាតិ និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
ទន្ទឹមជាមួយគ្នានេះ លោក នេត្រ ភក្ដ្រា ក៏សង្កត់ធ្ងន់ផងដែរថា រាល់សកម្មភាពការពារ ថែរក្សា និងអភិរក្ស សត្វព្រៃដ៏កម្រគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា គឺចាំបាច់ណាស់ ដែលត្រូវការ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នឹងប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះលោកសំណូមពរ ឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ៕