ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងអង្គការJMASរបស់ជប៉ុនចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារ សម្រាប់បោសសម្អាតមីនលើផ្ទៃដីជាង៣០០ ហិកតា ក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមហេ្វសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ឱ្យដឹងថា អង្គការJMASរបស់ជប៉ុន បានផ្តល់ជំនួយថវិការចំនួន ៤២ម៉ឺនដុល្លារសម្រាប់បោសសម្អាតមីននៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជំនួយថវិកានេះត្រូវបានឧបត្ថមគាំទ្រពីរដ្ឋាភិបាលជប៉ុនផ្តោតលើគម្រោងគាំទ្រជនរងគ្រោះដោយសារមីន តាមរយៈការអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៃតំបន់សំអាតមីនផងដែរ។ គម្រោងនេះមានរយៈពេល ១២ ខែ គឺចាប់ពីថ្ងៃទី ៨ តុលា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ៨ តុលា ឆ្នាំ ២០១៩៕