ភ្នំពេញ៖សត្វខ្ទីងបង្កើតបានកូនឈ្លោល១ក្បាលនៃកម្មវិធីបង្កាត់ពូជសត្វព្រៃរបស់សួនសត្វនិងមជ្ឈមណ្ដលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ អ្នកអភិរក្សសត្វអះអាងថា សត្វខ្ទីងនៅមានវត្តមានខ្លះនៅក្នុងតំបន់អភិរក្សកែវ សីម៉ា ខេត្តមណ្ឌលគិរី ប៉ុន្តែសត្វខ្ទីងកំពុងឈមនឹងការផុតពូជដោយសារការបាត់បង់ទីជម្រកនិងការបរប៉ាញ់។
លោក ធូ វិរៈ រាយការណ៍
យោងតាមគេហទំព័រហ្វេសប៊ុករដ្ឋបាលព្រៃឈើ ឱ្យដឹងថា កាលពីថ្ងៃទី ១ តុលា ឆ្នាំ ២០១៨ សត្វខ្ទីងញីមួយក្បាលបានបង្កើតកូនជាលើកទី២បានកូនឈ្មោលមួយក្បាលនៅសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ខ្ទីងមេដដែលមួយនេះ កាលពីលើកមុនបានបង្កើតបានកូនខ្ទីងញីមួយក្បាល។
យោងតាមគេហទំព័រហ្វេសប៊ុកនេះ បញ្ជាក់ថា មេ និងកូនខ្ទីង ត្រូវបានថែទាំតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមបសុពេទ្យ និងក្រុមថែរក្សាសត្វព្រៃ។
សត្វខ្ទីងត្រូវបានចុះក្នុងបញ្ជីក្រហមនៅអង្គការ IUCN ជាសត្វកម្រងាយរងគ្រោះជិតផុតពូជជាសកល។
លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការWCS ប្រចាំដែនជម្រកសត្វព្រៃកែវ សីម៉ា ឱ្យដឹងថា ក្រុមអភិរក្សរបស់លោកធ្លាប់ថតជាប់សត្វខ្ទីងដោយម៉ាស៊ីតថតសត្វស្វាយប្រវត្តិ កាលពីឆ្នាំ ២០០៦ និង ឆ្នាំ ២០១៥ នៅដែនជម្រកកែវ សី ម៉ា ខេត្តមណ្ឌលគិរី ។
លោក វ៉ាន់ឌឿន អះអាងថា សត្វព្រៃកម្រជាច្រើនប្រភេទទៀត រួមទាំងសត្វខ្ទីងកំពុងកប្រឈមជិតផុតជូពព្រោះការបរបាញ់ ដាក់ទន្ទាក់ និងការទន្ទ្រានព្រៃធ្វើឱ្យហិនហោចទីជម្រកសត្វព្រៃទាំងនោះ។
លោក វ៉ាន់ឌឿន៖ « រាល់ថ្ងៃការបាត់បង់ទីជម្រកកំពុងគំរាមកំហែងយ៉ាងខ្លាំង ហើយការ បរបាញ់ ការអន្ទាក់គំរាមកំហែងខ្លាំងណាស់ចំពោះសត្វខ្ទីង។ ការបោះបាញ់យើងតែងឈប់វាស្លាប់នៅក្នុងព្រៃពេលគេបាញ់យកស្នែង ពេលនោះយើងឃើញសាកសព ឆ្អឹងវា ប៉ុន្តែក្បាលវាគេយកទៅបាត់ហើយ។ដូចនៅតាមផ្លូវនឹងខាងកម្លាំងសមត្ថកិច្ចជំនាញបរិស្ថាន រដ្ឋបាលព្រៃ គាត់អាសាចាប់បានណាស់ការដឹកជញ្ជូនសត្វនៅតាមផ្លូវ»។
លោកវ៉ាន់ ឌឿន ពន្យល់ថា ការមានជំនឿយកស្នែងសត្វខ្ទីងតាំងលំអរគេហដ្ឋាន ដើម្បីលើករាសីជាការយល់ខុសស្រឡះ ផ្ទុយទៅវិញជាការបំផ្លាញ់សត្វព្រៃកម្រជិតផុតពូជឱ្យវិនាសហិនហោចប៉ុណ្ណោះ។ លោកថា ប្រភេទសត្វគោសាទិសរួមមានសត្វខ្ទីង និងទន្សោងមានវត្តមានក្នុងដែនជម្រកកែវ សីម៉ា ខេត្តមណ្ឌលគិរីប្រហែល ៥០០ ក្បាល។
បើតាមកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រងប្រសាសន៍លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅថា មេខ្ទីងដែលទើបបង្កើនកូននៅដើមខែតុលានេះត្រូវបានបង្កាត់ពូជជាមួយខ្ទីងឈ្មោលមួយក្បាលនាំយកពីសូនសត្វក្រុងប៉ារីសប្រទេសបារាំងសម្រាប់កម្មវិធីបង្កាត់ពូជ។
លោករតនៈពេជ្រប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វខ្ទីងក្នុងសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃមានចំនួន ៥ក្បាល។ក្នុងចំណោមនោះ មានឈ្មោល ៣ ក្បាល និងញី ២ក្បាល៕