ភ្នំពេញ ៖ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធាន សហភាពសហជិពកម្ពុជា បានថ្លែងថា លំហនៃការប្រមូលផ្ដុំ និងការហែក្បូន កាន់តែរួមតូច។ ការថ្លែងនេះ គឺក្រោយពេលដែលសាលារាជធានី បដិសេធសំណើរបស់សមាគមសុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅសួនច្បារមុខវត្ដភ្នំ។ តែយ៉ាងណាមន្ដ្រីសាលារាជធានី បញ្ជាក់ថា ការបដិសេធនេះ គឺយោងទៅលើស្ថានភាពចរាចរណ៍ក្នុងរាជធានី។
លោក លៀ ស៊ីណា រាយការណ៍ ៖
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យថ្មី នៅថ្ងៃទី០៥ ខែតុលានេះ ។ ក្រោយពីទទួលបានលិខិតពីសាលារាជធានីភ្នំពេញ ស្ដីពីការហាមប្រាម យកសួនច្បារមុខវត្ដភ្នំ ឬសួនច្បារ CDC ដើម្បីប្រារព្ធទិវានេះ ដោយហាមការហែក្បូនយកញត្ដិទៅដាក់នៅស្ថាប័នមួយចំនួន។ ក្រោយពីទទួលបានលិខិតនេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យចាត់ទុកថា គឺជាការបង្រូមថែមទៀតនូវលំហសេរីភាពនៃការប្រមូលផ្ដុំ និងការហែក្បួន។
លោក រ៉ុង ឈុន ទីប្រឹក្សា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងនៅក្នុងទិវានេះថា សាលារាជធានី បានហាមប្រាមសមាគម ក្នុងការយកសួនច្បារមុខវត្ដភ្នំ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ខណៈដែលកាលខែឧសភា មានសហជីព ជាច្រើនរយនាក់ អាចប្រារព្ធ ទិវាពលកម្មអន្ដរជាតិ នៅសួនច្បារ CDC បាន។ លោកបន្ដថា ការហាមប្រាមនេះ គឺជាសញ្ញាបញ្ជាក់ថា លំហនៃសិទិ្ធសេរីភាព កាន់តែរួមតូច ៖«បើយើងធ្វើការប្រៀបធៀបកាលពីថ្ងៃទី០១ ឧសភា ២០១៨កន្លងទៅនេះ បើខ្ញុំចាំមិនភ្លេចទេ សហជីពប្រារព្ធគ្នារាប់ពាន់សាលាក្រុងឲ្យធ្វើ។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សុំធ្វើសាលាក្រុងថា មិនអាចអនុញ្ញាតឲ្យទេ ព្រោះវាប៉ះពាល់សណ្ដាប់ធ្នាប់។ គ្នាតែ ៥០នាក់ ១៥០នាក់ បែរជាសាលាក្រុងមិនអនុញ្ញាត ឲ្យ យើងឃើញថា លំហនៃការប្រមូលផ្ដុំ លំហរនៃការហែរក្បូន កាន់តែតូចទៅៗ»។
យ៉ាងណាទាក់ទិនករណីនេះ មន្ដ្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យយកសួនច្បារមុខវត្ដភ្នំដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះ គឺដោយសារតែទីនោះ ជាសួនច្បារ ហើយមិនមែនជាកន្លែងបញ្ចេញមតិនោះទេ។ លើសពីនេះលោកបញ្ជាក់ថា ដោយយោងលើស្ថានភាពចរាចរណ៍ក្នុងរាជធានី ទើបសាលារាជធានី បដិសេធការសុំហែក្បូន ដើម្បីយកញ្ញត្ដិទៅដាក់តាមស្ថាប័នមួយចំនួន។
នៅរយៈពេលចុងក្រោយនេះ គឺនៅមុនការបោះឆ្នោតសភានីតិកាលទី៦ និងក្រោយការបោះឆ្នោត លំហសេរីភាពត្រូវបានមើលឃើញថានៅតែរឹតត្បិតជាខ្លាំង។ ការរឹត្បិតនេះ ក៏ចំពេលដែលអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានតុលាការកំពូលរំលាយ និងហាមធ្វើនយោបាយប្រាំឆ្នាំចំពោះមន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨រូប។ ក្រៅពីនេះ ក៏មានរឹតបន្តឹកលើប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន ដែលចោទថាមាននិន្នាការទៅរកបក្សប្រឆាំងនេះ។ ករណីនេះសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ កំពុងជំរុញកម្ពជា ស្ដារសេរីភាពឡើងវិញ។ តែបែបនេះក្ដី បក្សកាន់អំណាចដែលបានឈ្នះឆ្នោត តែឯងកាលពីថ្ងៃទី២៩ កក្កដា បានអះអាងថា កម្ពុជា និងបក្សកាន់អំណាចមិនបាន រឹតត្បិតសេរីភាពពលរដ្ឋខ្លួនឯងនោះទេ គឺបើកចំហដូចប្រទេសឯទៀតដែរ។ តែថាសេរីភាពត្រូវតែមានក្នុងក្របខណ្ឌនៃច្បាប់ របស់ប្រទេស៕