en     km
en     km

សារសំខាន់ៗ​នៃ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ ខែតុលា​ ឆ្នាំ​ ២០១៥​

Share

WB_Press Release Cover
ភ្នំពេញ​៖​ នា​ពេល​ថ្មីៗ​នេះ​ ធនាគា​ពិភពលោក​ បង្ហាញ​ពី​របាយការណ៍​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ ទំនងជា​មាន​ល្បឿន​មធ្យម​ ក៏​ប៉ុន្តែ​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​មាន​ភាពរឹងមាំ​ដែល​។​ ការ​បញ្ចេញ​របាយ​ការ​នេះ​ នឹង​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​បន្ត​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។​ ទន្ទឹម​គ្នា​នេះ​ ធនាគា​ពិភពលោក​បាន​បង្ហាញ​សារសំខាន់ៗ​ នៃ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ នៅ​ខែតុលា​ ឆ្នាំ​ ២០១៥​ ផង​ដែរ​។​

តំបន់​អាស៊ី​បូព៌ា​នៅ​តែ​ជា​ច​លករ​មួយ​ក្នុង​ចំណោម​ច​លករ​ជា​ច្រើន​ក្នុង​ការ​រុញច្រាន​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ ប្រហែល​ស្មើនឹង​ពីរ​ភាគ​ប្រាំ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​ សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ ៦,៥​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ មានការ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤​ ដែល​មាន​ ៦,៨​ ភាគរយ​។​

​បរិយាកាស​នៅ​ក្នុង​ពិភពលោក​នៅ​តែ​មាន​លក្ខណៈ​ប្រកួតប្រជែង​។​ សេដ្ឋកិច្ច​នៅ​បណ្តាល​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​តែ​បន្ត​វិល​មក​រក​ភាព​ដើម​វិញ​បន្តិច​ម្តងៗ​ ទន្ទឹម​នឹង​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ងើបឡើង​ក្នុង​ល្បឿន​មួយ​យឺត​បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០០៩​ មក​ ហើយ​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តាល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​កំពុង​តែ​ថយ​ចុះ​ដែរ​។​
​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ប្រហែល​ ៧​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ និង​ធ្លាក់​ចុះ​វិញ​នៅ​ឆ្នាំ​បន្ទាប់​ ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​បន្ត​ផ្លាស់​ប្តូរ​ទៅ​ជា​ប្រភេទ​មួយ​ដែល​មាន​លក្ខណៈ​ដឹកមុខ​ដោយសារ​តម្រូវការ​ប្រើប្រាស់​ និង​តម្រូវការ​សេវាកម្ម​ក្នុងស្រុក​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ចិន​មានការ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​។​ ចំណែក​កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ​ទែ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​បាន​ ៤,៦​ ភាគរយ​ លើស​កំណើនសេដ្ឋកិច្ច​ឆ្នាំ​មុន​បន្តិច​ ឬ​អាច​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​។​

​កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ត្រូវ​បាន​គេ​រំពឹង​ថា​ ធ្លាក់​ចុះ​បន្ថែម​ទៀត​ដោយសារ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កំពុង​ប្រឹងប្រែង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​ឥទ្ធិពល​លើ​គោលនយោបាយ​ស្តី​ពី​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អា​មេ​រិច​។​ កត្តា​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ខ្លី​ ក៏​ប៉ុន្តែ​ចាំបាច់​តម្រូវ​ឲ្យ​មានការ​កែតម្រូវ​ឡើង​វិញ​ ដើម្បី​ទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដែល​មាន​ចីរភាព​ក្នុង​រយៈពេល​វែង​។​

​ប្រទេស​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ដូច​ជា​ ឥណ្ឌូ​ណេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ និង​ម៉ុង​ហ្គោ​លី​ នឹង​មាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​មុន​ និង​មាន​ប្រាក់​ចំណូល​សាធារណៈ​ទាប​ជាង​មុន​សម្រាប់​ឆ្នាំ​នេះ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​តម្លៃ​ទំនិញ​នៅ​លើ​ពិភពលោក​កាន់តែ​ធ្លាក់​ទាប​ទៅៗ​។​ ប៉ុន្តែ​ប្រទេស​អ្នក​នាំ​ចូល​ទំនិញ​នឹង​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ថេរ​ឬ​អាច​រឹង​មាំ​។​

​ជា​ឧទាហរណ៍​ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ ៦,២​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ និង​៦,៣​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ។​ ក៏​ប៉ុន្តែ​ កំណើន​នេះ​នឹង​ថយ​ចុះ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូចៗ​។​ នៅ​កម្ពុជា​ទិន្នផល​កសិកម្ម​ដែល​ចុះ​ទាប​ជាង​មុន​ កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ ទោះបីជា​កំណើន​នេះ​នៅ​រក្សា​បាន​ក្នុង​កម្រិត​ ៦,៩​ ភាគរយ​ដដែល​ក៏​ដោយ​ក្នុងឆ្នាំនេះ​។​ នៅ​ប្រទេស​មី​យ៉ា​ន​ម៉ា​ គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​កាលពី​ខែកក្កដា​ នឹង​ទំនងជា​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦,៥​ ភាគរយ​ ពី​ ៨,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៤​ ។​ ប្រទេស​នៅ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​មាន​កំណើន​មធ្យម​។​

របាយការណ៍​នេះ​ បាន​ធ្វើការ​សន្មត់​លើ​ការ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្នុង​ឆ្នាំ​ ២០១៦-​ ២០១៧​ ។​ ទិដ្ឋភាព​នេះ​ទំនងជា​ដោយសារ​ប្រទេស​ចិន​មាន​គោលនយោបាយ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ថយ​ចុះ​កាន់តែ​ច្រើន​ឡើង​ដែល​គួរ​ឲ្យ​កត់សម្គាល់​ រួម​ទាំង​កម្រិត​នៃ​បំណុល​សាធារណៈ​ដែល​មាន​ចំនួន​តិច​ បទ​បញ្ញា​ត្តិ​ជា​ច្រើន​ដែល​រឹត​បន្តឹង​ដល់​ការ​សន្សំ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​។​

​របាយការណ៍​នេះ​ បាន​គូសបញ្ជាក់​នូវ​អាទិភាព​សំខាន់ៗ​ចំនួន​ពីរ​សម្រាប់​តំបន់​នេះ​ ទី​មួយ​គឺ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​    វ័យឆ្លាត​ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ដល់​ភាព​ងាយ​រង​គ្រោះ​ពី​កត្តា​ខាងក្រៅ​ ព្រមទាំង​ផ្នែក​សារពើពន្ធ​ និង​ទី​ពីរ​គឺ​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ ដោយ​ផ្តោ​យ​ការ​យកចិត្តទុកដាក់​លើ​ការ​លើកទឹកចិត្ត​ដល់​វិនិយោគទុន​ឯកជន​។​

អ្នក​តាក់តែង​គោលនយោបាយ​នានា​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​និង​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព​។​ កំណែទម្រង់​ទាំងនេះ​រួម​មាន​ ការ​កែ​លម្អ​លិខិត​បទដ្ឋាន​លើ​ផ្នែក​ហិរញ្ញវត្ថុ​ ទីផ្សារ​ការងារ​និង​ផលិតផល​ ព្រមទាំង​វិធានការ​នានា​ដែល​លើកកម្ពស់​តម្លាភាព​និង​គណនេយ្យ​ភាព​។​ គោលនយោបាយ​ទាំងនេះ​ នឹង​ជួយ​កសាង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​និង​គាំទ្រ​ដល់ទី​ផ្សារ​ ហើយនឹង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​។​

ទន្ទឹម​នឹង​ការ​បង្ហាញ​របាយការណ៍​របស់​ធនាគា​ពិភពលោក​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ នេះ​ដែរ​ របាយការណ៍​ក៏​បាន​បង្ហាញ​ដែរ​ថា​ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​ធនាគា​ពិភពលោក​ប៉ាន់​ប្រមាណ​ថា​ នឹង​ថយ​ចុះ​បន្តិច​មក​ត្រឹម​ ៦,៩​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​ឆ្នាំ​ ២០១៤​ កំណើនសេដ្ឋកិច្ច​កើន​ដល់​ ៧,១​ ភាគរយ​។​ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ នៅ​តែ​ត្រូវ​បាន​នាំមុខ​ ដោយ​វិស័យ​សំណង់​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍​ ហើយ​ការ​ធ្លាក់​ចុះ​មក​ត្រឹម​ ៦,៩​ ភាគរយ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​ក្លាយ​ឡើង​។​

​ស្រប​ជាមួយ​គ្នា​នេះ​ ធនាគា​ពិភពលោក​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ក្នុង​ការ​កសាង​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ មាន​ដូច​ជា​ ការ​រីក​លូតលាស់​វិស័យ​សំណង់​ និង​ការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​នូវ​វិស័យ​ឥណទាន​ វា​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ធានា​ពង្រឹង​ការ​គ្រប់គ្រង​វិស័យ​ធនាគារ​កាន់តែ​រឹង​មាំ​និង​ប្រកបដោយ​ស្ថិរភាព​។​ ទន្ទឹម​គ្នា​នេះ​ អាទិភាព​ចំបង​របស់​ប្រទេស​ក្នុង​បរិបទ​នេះ​ គឺ​ការ​លើកកម្ពស់​ប្រាក់​ដុល្លារ​ ការ​បង្កើត​អោយ​មានការ​ប្រកួតប្រជែង​និង​បង្ករ​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគ​ទុក​ រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ឡើងថ្លៃ​អគ្គិសនី​។​

​ចុង​ក្រោយ​ការ​បង្កើន​ការ​វិនិយោគសាធារណៈ​ដោយ​លើកកម្ពស់​កសិកម្ម​ ការ​ផ្តល់​គ្រាប់ពូជ​ដល់​កសិករ​ ព្រមទាំង​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ទំនើប​នៅ​ក្នុង​វិស័យ​កសិកម្ម​ជាដើម​៕

WB Press Release1
Press Release2
WB Press Release3
WB Press Release4

Share

Image
Image
Image