ភ្នំពេញ៖ នាពេលថ្មីៗនេះ ធនាគាពិភពលោក បង្ហាញពីរបាយការណ៍កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិច ទំនងជាមានល្បឿនមធ្យម ក៏ប៉ុន្តែសេដ្ឋកិច្ចក្នុងតំបន់នៅមានភាពរឹងមាំដែល។ ការបញ្ចេញរបាយការនេះ នឹងជំរុញឲ្យប្រទេសក្នុងតំបន់បន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធនិងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកឱ្យកាន់តែប្រសើរបន្ថែមទៀត។ ទន្ទឹមគ្នានេះ ធនាគាពិភពលោកបានបង្ហាញសារសំខាន់ៗ នៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនៅអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិច នៅខែតុលា ឆ្នាំ ២០១៥ ផងដែរ។
តំបន់អាស៊ីបូព៌ានៅតែជាចលករមួយក្នុងចំណោមចលករជាច្រើនក្នុងការរុញច្រានឱ្យកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ប្រហែលស្មើនឹងពីរភាគប្រាំនៃកំណើនសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចនៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៦,៥ ភាគរយនៅក្នុងឆ្នាំ ២០១៥ មានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០១៤ ដែលមាន ៦,៨ ភាគរយ។
បរិយាកាសនៅក្នុងពិភពលោកនៅតែមានលក្ខណៈប្រកួតប្រជែង។ សេដ្ឋកិច្ចនៅបណ្តាលប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅតែបន្តវិលមករកភាពដើមវិញបន្តិចម្តងៗ ទន្ទឹមនឹងកំណើនពាណិជ្ជកម្មពិភពលោកកំពុងងើបឡើងក្នុងល្បឿនមួយយឺតបំផុតចាប់តាំងពីឆ្នាំ ២០០៩ មក ហើយសេដ្ឋកិច្ចនៅក្នុងបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងតែថយចុះដែរ។
សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៧ ភាគរយនៅក្នុងឆ្នាំ ២០១៥ នេះ និងធ្លាក់ចុះវិញនៅឆ្នាំបន្ទាប់ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិននៅបន្តផ្លាស់ប្តូរទៅជាប្រភេទមួយដែលមានលក្ខណៈដឹកមុខដោយសារតម្រូវការប្រើប្រាស់ និងតម្រូវការសេវាកម្មក្នុងស្រុកច្រើន ដែលជាហេតុនាំឱ្យកំណើនសេដ្ឋកិច្ចរបស់ចិនមានការធ្លាក់ចុះបន្តិចម្តងៗ។ ចំណែកកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទែទៀតនៅក្នុងតំបន់អាស៊ីបូព៌ា ត្រូវបានគេរំពឹងថានឹងកើនឡើងបាន ៤,៦ ភាគរយ លើសកំណើនសេដ្ឋកិច្ចឆ្នាំមុនបន្តិច ឬអាចប្រហាក់ប្រហែលឆ្នាំ ២០១៥ កន្លងទៅ។
កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបូព៌ា ត្រូវបានគេរំពឹងថា ធ្លាក់ចុះបន្ថែមទៀតដោយសារឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងប្រឹងប្រែងធ្វើឱ្យមានតុល្យភាពឡើងវិញដល់សេដ្ឋកិច្ចរបស់ខ្លួន និងឥទ្ធិពលលើគោលនយោបាយស្តីពីអត្រាការប្រាក់របស់សហរដ្ឋអាមេរិច។ កត្តាទាំងនេះអាចបង្កឲ្យមានអស្ថេរភាពផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលខ្លី ក៏ប៉ុន្តែចាំបាច់តម្រូវឲ្យមានការកែតម្រូវឡើងវិញ ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចដែលមានចីរភាពក្នុងរយៈពេលវែង។
ប្រទេសនាំចេញទំនិញជាច្រើនដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងម៉ុងហ្គោលី នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងមុន និងមានប្រាក់ចំណូលសាធារណៈទាបជាងមុនសម្រាប់ឆ្នាំនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីតម្លៃទំនិញនៅលើពិភពលោកកាន់តែធ្លាក់ទាបទៅៗ។ ប៉ុន្តែប្រទេសអ្នកនាំចូលទំនិញនឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចថេរឬអាចរឹងមាំ។
ជាឧទាហរណ៍ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើង ៦,២ ភាគរយនៅក្នុងឆ្នាំ ២០១៥ និង៦,៣ ភាគរយនៅក្នុងឆ្នាំ ២០១៦ ។ ក៏ប៉ុន្តែ កំណើននេះនឹងថយចុះនៅក្នុងបណ្តាប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចៗ។ នៅកម្ពុជាទិន្នផលកសិកម្មដែលចុះទាបជាងមុន កំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាកំណើននេះនៅរក្សាបានក្នុងកម្រិត ៦,៩ ភាគរយដដែលក៏ដោយក្នុងឆ្នាំនេះ។ នៅប្រទេសមីយ៉ានម៉ា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងកាលពីខែកក្កដា នឹងទំនងជាធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះថយចុះមកនៅត្រឹម ៦,៥ ភាគរយ ពី ៨,៥ ភាគរយក្នុងឆ្នាំ ២០១៤ ។ ប្រទេសនៅកោះប៉ាស៊ីហ្វិក នឹងមានកំណើនមធ្យម។
របាយការណ៍នេះ បានធ្វើការសន្មត់លើការធ្លាក់ចុះបន្តិចម្តងៗនៃសេដ្ឋកិច្ចរបស់ចិននៅក្នុងឆ្នាំ ២០១៦- ២០១៧ ។ ទិដ្ឋភាពនេះទំនងជាដោយសារប្រទេសចិនមានគោលនយោបាយគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការថយចុះកាន់តែច្រើនឡើងដែលគួរឲ្យកត់សម្គាល់ រួមទាំងកម្រិតនៃបំណុលសាធារណៈដែលមានចំនួនតិច បទបញ្ញាត្តិជាច្រើនដែលរឹតបន្តឹងដល់ការសន្សំប្រាក់ក្រៅប្រព័ន្ធធនាគារ។
របាយការណ៍នេះ បានគូសបញ្ជាក់នូវអាទិភាពសំខាន់ៗចំនួនពីរសម្រាប់តំបន់នេះ ទីមួយគឺការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាព វ័យឆ្លាតក្នុងគោលបំណងដើម្បីទប់ទល់ដល់ភាពងាយរងគ្រោះពីកត្តាខាងក្រៅ ព្រមទាំងផ្នែកសារពើពន្ធ និងទីពីរគឺកំណែទម្រង់រចនាសម្ព័ន្ធដែលមានលក្ខណៈកាន់តែស៊ីជម្រៅជាងមុន ដោយផ្តោយការយកចិត្តទុកដាក់លើការលើកទឹកចិត្តដល់វិនិយោគទុនឯកជន។
អ្នកតាក់តែងគោលនយោបាយនានានៅក្នុងតំបន់នេះឲ្យបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងនិងលើគ្រប់វិស័យប្រកបដោយចីរភាព។ កំណែទម្រង់ទាំងនេះរួមមាន ការកែលម្អលិខិតបទដ្ឋានលើផ្នែកហិរញ្ញវត្ថុ ទីផ្សារការងារនិងផលិតផល ព្រមទាំងវិធានការនានាដែលលើកកម្ពស់តម្លាភាពនិងគណនេយ្យភាព។ គោលនយោបាយទាំងនេះ នឹងជួយកសាងទំនុកចិត្តដល់អ្នកវិនិយោគនិងគាំទ្រដល់ទីផ្សារ ហើយនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចដែលអាចជួយប្រជាពលរដ្ឋឲ្យរួចចាកផុតពីភាពក្រីក្របាន។
ទន្ទឹមនឹងការបង្ហាញរបាយការណ៍របស់ធនាគាពិភពលោកពីបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិច នេះដែរ របាយការណ៍ក៏បានបង្ហាញដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានធនាគាពិភពលោកប៉ាន់ប្រមាណថា នឹងថយចុះបន្តិចមកត្រឹម ៦,៩ ភាគរយ នៅក្នុងឆ្នាំ ២០១៥ ដែលឆ្នាំ ២០១៤ កំណើនសេដ្ឋកិច្ចកើនដល់ ៧,១ ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែត្រូវបាននាំមុខ ដោយវិស័យសំណង់ ការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍ ហើយការធ្លាក់ចុះមកត្រឹម ៦,៩ ភាគរយនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងក្លាយឡើង។
ស្របជាមួយគ្នានេះ ធនាគាពិភពលោកបានលើកឡើងនូវចំណុចមួយចំនួនក្នុងការកសាងកំណើនសេដ្ឋកិច្ចនៅកម្ពុជា មានដូចជា ការរីកលូតលាស់វិស័យសំណង់ និងការរីកលូតលាស់យ៉ាងឆាប់រហ័សនូវវិស័យឥណទាន វាក៏ជាផ្នែកមួយដើម្បីធានាពង្រឹងការគ្រប់គ្រងវិស័យធនាគារកាន់តែរឹងមាំនិងប្រកបដោយស្ថិរភាព។ ទន្ទឹមគ្នានេះ អាទិភាពចំបងរបស់ប្រទេសក្នុងបរិបទនេះ គឺការលើកកម្ពស់ប្រាក់ដុល្លារ ការបង្កើតអោយមានការប្រកួតប្រជែងនិងបង្ករភាពងាយស្រួលដល់អ្នកវិនិយោគទុក រួមទាំងការកាត់បន្ថយការឡើងថ្លៃអគ្គិសនី។
ចុងក្រោយការបង្កើនការវិនិយោគសាធារណៈដោយលើកកម្ពស់កសិកម្ម ការផ្តល់គ្រាប់ពូជដល់កសិករ ព្រមទាំងការកសាងប្រព័ន្ធធារាសាស្ត្រដើម្បីឱ្យមានលក្ខណៈទំនើបនៅក្នុងវិស័យកសិកម្មជាដើម៕