ខេត្តកំពង់ធំ ប្រទេសកម្ពុជា ខែកក្ដដា ឆ្នាំ២០១៨ – ក្នុងយុគសម័យដែលមានទិន្នន័យសម្បូរបែប អ្នកជំនាញអប់រំក្នុងខេត្តកំពង់់ធំ ត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រមូល វិភាគ និងប្រើប្រាស់ទិន្នន័យ ទៅលើលទ្ធផលសិក្សា និងវត្តមានរបស់សិស្ស សម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចតែងការបង្រៀន និងលើកកម្ពស់សាលារៀនរបស់ពួកគេផងដែរ។ ដោយទទួលថវិកាពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) ដែលជាមូលនិធិមានការចូលរួមពីស្ថាប័នជាច្រើន អ្នកជំនាញអប់រំក្នុងខេត្តមួយនេះ ដែលស្ថិតក្នុងចំណោមខេត្តក្រីក្រជាងគេរបស់ប្រទេសកម្ពុជា អាចទទួលបានការបណ្តុះបណ្តាលជំនាញស្ថិតិ និងវិភាគទិន្នន័យ។
ក្រោមកិច្ចដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងការគាំទ្រពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងយូនីសេហ្វ មូលនិធិ CDPF មានគោលបំណងពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បីឱ្យពួកគេអាចផ្តល់សេវាអប់រំប្រកបដោយគុណភាព និងកាន់តែប្រសើរ ដល់កុមារក្នុងប្រទេសកម្ពុជា។ សកម្មភាពនានាដែលអនុវត្តក្រោមកម្មវិធីនេះ ធ្វើឡើងដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដូចជាអង្គការសេវាកម្មអ្នកស្ម័គ្រចិត្តក្រៅប្រទេស (VSO) ជាដើម។
ជំនាញថ្មីៗ ដែលពាក់ព័ន្ធនឹងស្ថិតិ និងការវិភាគទិន្នន័យទាំងនេះ មើលដំបូងហាក់ដូចជាជាជំនាញកម្រិតមូលដ្ឋាន ប៉ុន្តែសម្រាប់កុមារដែលរៀននៅសាលាបឋមសិក្សាកំពង់ថ្ម វាជាផ្លាស់ប្តូរមួយដ៏ល្អប្រសើរ។ ដោយមានការប្រមូល និងវិភាគទិន្នន័យអប់រំយ៉ាងសុក្រឹត ឥឡូវនេះលោកគ្រូ អ្នកគ្រូអាចរៀបចំកិច្ចតែងការបង្រៀន និងកម្មវិធីអប់រំក្នុងសាលារៀន ដែលអាចជួយឱ្យពួកគេឆ្លើយតបកាន់តែប្រសើរចំពោះតម្រូវការ និងបញ្ហាប្រឈមជាក់លាក់ ដែលសិស្សានុសិស្សកំពុងជួបប្រទះ។ ជាមួយនឹងការគាំទ្រថ្មីៗទាំងនេះ គេរំពឹងថា នៅចុងឆ្នាំសិក្សានេះ នឹងមានសិស្សច្រើននាក់បន្ថែមទៀត ចុះឈ្មោះចូលរៀន ឬចូលរៀនក្នុងសាលានេះ រួមទាំងអាចទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរជាងមុន។
ការបណ្តុះបណ្តាលអំពីការប្រមូល និងវិភាគទិន្នន័យ ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិ CDPF ត្រូវបានធ្វើឡើង ដើម្បីបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តឱ្យអ្នកគ្រប់គ្រងសាលារៀន និងបុគ្គលិកសិក្សាចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអប់រំឱ្យបានត្រឹមត្រូវ សម្រាប់ប្រមូលទិន្នន័យអប់រំ ពីតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ ទិន្នន័យទាំងនេះ ត្រូវបានគេយកទៅប្រើ សម្រាប់រៀបចំផែនការ និងផ្តល់សេវាអប់រំដល់កុមារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ដើម្បីធានាថា ប្រព័ន្ធទាំងនេះដំណើរការទៅប្រកបដោយប្រសិទ្ធភាព នាយកសាលាក្នុងខេត្តកំពង់ធំ បានចូលរួមក្នុងសិក្ខាសាលាស្តីពីស្ថិតិ និងការវិភាគទិន្នន័យ រៀបចំដោយការិយាល័យអប់រំស្រុក ហើយបន្ទាប់មកពួកគាត់ត្រូវបន្តរៀបចំកិច្ចប្រជុំអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ ជាមួយនឹងបុគ្គលិករបស់ពួកគាត់នៅតាមសាលារៀងៗខ្លួន។ អ្នកគ្រូ គង់ ស្រីម៉ៅ បង្រៀនថ្នាក់ទី ៥ ក្នុងសាលារៀននេះ រយៈពេល៣០ឆ្នាំមកហើយ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ អ្នកគ្រូបានពន្យល់ថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យគាត់ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនរបស់គាត់ទាំងស្រុង។ “មុនពេលទទួលបានការបណ្តុះបណ្តាលនេះ ខ្ញុំមិនដឹងពីរបៀបប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ ឬរបៀបប្រើប្រាស់ព័ត៌មាន ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនខ្ញុំឡើយ។ ខ្ញុំមិនមែនជាគ្រូតែម្នាក់ទេ ដែលមានអារម្មណ៍បែបនេះ – មានគ្រូជាច្រើននាក់នៅទីនេះ ជួបការលំបាកក្នុងការធ្វើការងារ ដោយសារពួកយើងមិនដឹងថាត្រូវធ្វើដូចម្តេច។”
ថ្ងៃនេះ ជាមួយនឹងចំណេះដែលទទួលបានពីវគ្គបណ្តុះបណ្តាល និងការជួយផ្តល់ការណែនាំ លោកគ្រូអ្នកគ្រូទាំងនេះ បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនាយកសាលា ដើម្បីលើកកម្ពស់លទ្ធផលនៃការបំពេញការងាររបស់សាលារៀន តាមរយៈការប្រៀបធៀបទិន្នន័យរវាងឆ្នាំ និងខែផ្សេងៗគ្នា ដើម្បីតាមដានវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពផែនការផ្តល់សេវាអប់រំរបស់ពួកគេ និងគោលការណ៍ណែនាំស្តីពីដំណើរការសាលារៀន។
ការប្រមូល និងការតាមដានទិន្នន័យអប់រំ ក៏ជួយឱ្យបុគ្គលិក ក្នុងសាលាបឋមសិក្សាកំពង់ថ្ម កំណត់ដឹង និងឆ្លើយតបចំពោះបញ្ហាបន្ទាន់នានា ក្នុងសហគមន៍ ដែលរារាំងមិនឱ្យកុមារមួយចំនួនបានមកចូលរៀនឱ្យបានទៀងទាត់ ឬមិនបានចុះឈ្មោះចូលរៀនសោះតែម្តង។ ព័ត៌មានដែលប្រមូលបាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ត្រូវបានយកមកប្រើប្រាស់ក្នុងផែនការអប់រំរបស់សាលារៀន សម្រាប់កំណត់នូវអាទិភាពកែលម្អបរិយាកាសក្នុងសាលា បង្កើនការចូលរៀនដល់អ្នកភូមិក្នុងមូលដ្ឋាននេះ និងបង្កើនគុណភាពឯកសារបង្រៀន និងរៀន។ អ្នកគ្រូបានមានប្រសាសន៍ថា “ឥឡូវនេះ ខ្ញុំសង្កេតឃើញថាសិស្សរៀនពូកែជាងមុន ហើយសិស្សណាដែលរៀនពុំទាន់គេ អាចទទួលបានការគាំទ្រជាក់លាក់ ដែលពួកគេត្រូវការ។ ឪពុកម្តាយក៏កាន់តែយល់ដឹងជាងមុន ព្រោះយើងប្រើទិន្នន័យ ដើម្បីពន្យល់ប្រាប់ពួកគាត់ពីមូលហេតុដែលកូនៗគាត់រៀនពូកែ ឬខ្សោយ”។
រហូតមកដល់បច្ចប្បន្ននេះ អ្នកគ្រូ ស្រីម៉ៅ តែងចូលរួមទៀងទាត់ក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងការងារអប់រំ ដែលនាយកសាលារបស់គាត់រៀបចំជាច្រើនលើកក្នុងមួយឆ្នាំៗ។ អ្នកគ្រូបានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គ បណ្តុះបណ្តាលនេះ ដោយបានលើកឡើងពីការផ្លាស់ប្តូរដែលគាត់បានសង្កេតឃើញនៅក្នុងសាលារៀនរបស់គាត់ ចាប់តាំងពីវគ្គបណ្តុះបណ្តាលដែលគាត់បានចូលរួមដំបូងកាលពីប្រាំឆ្នាំមុន។
អ្នកគ្រូបានបន្តទៀតថា “នៅពេលយើងមានសមត្ថភាពប្រមូលទិន្នន័យបានត្រឹមត្រូវ យើងកាន់តែអាចផ្តោតការយកចិត្តទុកដាក់លើគុណភាពការអប់រំ ព្រោះថាបច្ចុប្បន្ននេះ យើងមានព័ត៌មានច្បាស់លាស់អំពីការលំបាក ដែលសិស្សរបស់យើងជួបប្រទះនៅក្នុងថ្នាក់រៀន។ លទ្ធផលរបស់យើងមិនមែនតែផ្តោតលើចំនួនសិស្សដែលអាចទ្បើងថ្នាក់ទៅរៀនបន្តទៀតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តោតលើគុណភាពចំណេះដឹងដែលសិស្សទាំងនោះបានរៀនផងដែរ។” ៕ អត្ថបទដោយ Latifah Azlan