នៅកម្ពុជាក្រោម មានឆ្នេរសមុទ្រលាតសន្ធឹងពីខេត្តបារៀ ឬ ខេត្តព្រះសួគ៌ា រហូតដល់ខេត្តពាម ដោយឆ្លងកាត់តាមព្រៃនគរ កោះគង មេ-ស កំពង់ឫស្សី ព្រះត្រពាំង ឃ្លាំង ពលលាវ ទឹកខ្មៅ និងក្រមួនស។ តាមឆ្នេរទាំងនេះ មានកោះ ជាច្រើនដូចជា កោះបាកែវ កោះទុង កោះក្អាត ជាដើម ។ ក្រៅពីកោះទាំងនេះ គឺនៅមានកោះធំមួយទៀតគឺ កោះត្រឡាច ដែលជាកោះមួយរបស់ចក្រភពខ្មែរ មុនសតវត្សរ៍ទី ១៧ ។
តាមឯកសាររបស់ សហគមន៍ខ្មែរកម្ពុជាក្រោម កោះត្រឡាច ធ្លាក់នៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម តាមរយៈ អាណានិគមបារាំង។ ប៉ុន្តែមានតែ កោះត្រឡាចមួយគត់ ដែលមានប្រវត្តិជូរចត់បំផុត របស់អ្នកសេ្នហាជាតិខ្មែរ។
លោកនួន បូរិន ជូនអត្ថាធិប្បាយ !
កោះត្រឡាច យួនហៅថា “កូងដាវ” (Côn Đảo) ឬ “ កូងស៊ើង” (Côn Sơn) បារាំងហៅថា ពូលូកុងដ័រ (Poulo Condor) ។ ប្រជុំកោះត្រឡាច មានកោះទាំងអស់ចំនួន ១០ ទាំងតូចទាំងធំ មានផ្ទៃក្រឡាប្រមាណ ៧៦គីឡូម៉ែត្រការ៉េ ។នេះបើ តាមគេហទំព័ពរសំឡេង កម្ពុជាក្រោម។ តែបើតាមហ្វេសបុករបស់ លោកម៉ែន ណាត សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កោះត្រឡាច មានប្រជុំកោះតូចៗចំនួន ៨ នៅជុំវិញ មានទំហំប្រហែល ១៥០ គីឡូម៉ែត្រការ៉េ មានចម្ងាយ ៣០០ គីឡូម៉ែត្រ ពីដែនដីគោកកម្ពុជាក្រោម និង ២៣៧ គីឡូម៉ែត្រ ពីទីក្រុងព្រៃនគរ សព្វថ្ងៃនេះ ដែលវៀតណាម ហៅទីក្រុងហូជីមិញ។
ប្រវត្តិ គុកកោះត្រឡាច
គុកកោះត្រឡាចជាមជ្ឈមណ្ឌលព្រហ្មទណ្ឌមួយរបស់អាណានិគមបារាំងបារាំង។ គុកនេះបារាំងបង្កើតឡើង ដើម្បីឃុំឃាំងអ្នកទោសទាំងឡាយណាដែលគេចាត់ទុកថាធ្វើឲ្យគ្រោះថ្នាក់ដល់របបអាណានិគមរបស់បារាំង។ គុកនេះសម្រាប់ឃុំខ្លួន អ្នកនយោបាយ អ្នកស្នេហាជាតិ អ្នកទោសត្រូវប្រហារជីវិត សមាជិកបក្សកុម្មុយនិស្ត និងអ្នកជាតិនិយមនៅឥណ្ឌូចិន ដែលប្រឆាំងនឹងរបប អាណានិគមបារាំង ។
នៅលើកោះត្រឡាច នេះ មានមន្ទីរមួយដែលអាណានិគមបារាំង និង របបសាធារណរដ្ឋវៀតណាម បានបង្កើតឡើងឲ្យឈ្មោះថា “ទ្រុងខ្លា” ដើម្បីធ្វើទារុណកម្មលើសមាជិកដឹកនាំកំពូលនៃពួកកុម្មុយនិស្តក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាម និងឥណ្ឌូចិន ។ អ្នកទោសនយាបាយខ្មែរជាច្រើនរូប ក៏បានស្លាប់នៅ គុក កោះត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ,លោកតា ក្រឡាហោមគង់, លោក ប៉ាច ឈឺន លោក នួន ឌួង ជាដើម ។
យោងតាម សៀវភៅ ស្ដីពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចវៀតណាម” (Toàn cảnh kinh tế Việt Nam) ដែលរៀបរៀងដោយ លោក ង្វៀង ថាយ ហ្វាង (Quang Thái Nguyễn) បានបញ្ជាក់ថា នៅក្រោមរបបអាណានិគមនិយមបារាំង មានពលរដ្ឋវៀតណាម គ្រប់ស្រទាប់វណ្ណៈ ប្រមាណ ២០០០០ នាក់ បានស្លាប់នៅក្នុងគុកកោះត្រឡាច ហើយបានយកទៅបញ្ចុះនៅទីបញ្ចុះសពមួយ ឈ្មោះ ហាងយឿង (Nghĩa trang Hàng Dương) ។
តែបើយោងតាមសៀវភៅឯកសារប្រវត្តិសាស្ត្រ “កម្ពុជាក្រោម អំណាចគ្មានក្រោម ” វិញ លោកសាស្ត្រាចារ្យ ត្រាំង ឆាត ប៊ុត បញ្ជាក់ថា “ឆ្នាំ ១៩៣៩ នៅកោះនេះ មានអ្នកទោសនយោបាយចំនួន ២៤០០ នាក់ ហើយនៅពេលសង្គ្រាមលោកលើកទី ២ផ្ទុះឡើងចំនួនអ្នកទោស នយោបាយកើនឡើងដល់ ៦០០០ នាក់។
បើតាមអ្នកប្រវត្តិសាស្ត្រ កោះត្រឡាច ពិតជាមានរឿងរ៉ាវជាប្រវត្តិសាស្ត្រពិតៗរបស់កម្ពុជា ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង របស់វៀតណាម តាំងពីបារាំងសម្រេចកាត់ដោយទៅជាមួយដែនដីកម្ពុជាក្រោម។
គួររំលឹកដែរថា មានកោះត្រល់ វៀតណាមហៅថា កោះភូកុក (Phu Quoc) និងកោះត្រឡាច វៀតណាមហៅថា កូងដាវ កោះត្រី កោះទន្សាយ កោះធំ កោះវ៉ៃ ដែលនៅជាប់ព្រំប្រទល់ដែនសមុទ្រដីខ្មែរកម្ពុជាក្រោម។ ក្នុងចំណោមកោះទាំងនេះ កោះខ្លះត្រូវបានគេដឹងថា កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ប៉ុន្តែកោះត្រល់ដែលមានផ្ទៃក្រឡាធំជិតប៉ុនប្រទេសសិង្ហបុរី ត្រូវបានអ្នកស្រាវជ្រាវនិងក្រុមអ្នកនយោបាយមកពីបក្សប្រឆាំង និយាយថា បានបាត់ទៅវៀតណាមអំឡុងទសវត្ស ១៩៨០៕