ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនឹងត្រូវជាកូនច្បងរបស់សម្ដេចហ៊ុនសែនបានបដិសេធន៍នូវព័ត៌មានដែលចេញពីក្រុមអ្នកជំនាញខាងព័ត៌មានវិទ្យាដែលបានបញ្ចេញនូវសារទំនាក់ទំនងស្នេហារវាងរូបលោក និងកញ្ញា យុង ខេមរា ដោយលោកថាជារឿងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ ដោយឡែកក្រសួងមហាផ្ទៃមិនទាន់បានស្រាវជ្រាវករណីនេះនៅឡើយទេ ដោយសារមិនទាន់មានបណ្ដឹង។
យោងតាមហ្វេសបុករបស់កញ្ញា យុង ខេមរា បង្ហាញថា មានជនអនាមិកមិនស្គាល់ប្រភពមួយ បានផ្សព្វផ្សាយសារវីដេអូ ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារវាងកញ្ញាម្នាក់ឈ្មោះ យុង ខេមរា ជាមួយនឹងលោក ហ៊ុន ម៉ាណែត។
នៅក្នុងវីដេអូនោះទៀតសោត មានសារជាសំឡេង របស់គណនីហ្វេសប៊ុកឈ្មោះ យុង ខេមរា ឆ្លើយឆ្លង នឹងគណនីហ្វេសប៊ុកឈ្មោះ ហ៊ុន ម៉ាណែត។
រហូតមកដល់ពេលនេះ នៅលើគណនីហ្វេសបុករបស់លោក ហ៊ុន ម៉ាណែត ត្រូវបានបង្ហាញជាសាធារណៈជុំវិញការមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវីដេអូដែលបែកធ្លាយនោះ។
លោក ហ៊ុន ម៉ាណែត សរសេរក្នុងគណនីហ្វេសបុករបស់ខ្លួនថា មានក្រុមមនុស្សមួយចំនួនតូច ប្រើវិធីបង្កើត រឿងប្លែកៗដើម្បីបំផ្លាញកិត្តិយសរបស់លោក ខណៈពេលបច្ចុប្បន្ននេះ លោកកំពុងតែមាន ប្រជាប្រិយ៍ភាពខ្លាំង។
មិនខុសគ្នាពីនេះនោះទេ កញ្ញា យ៉ុង ខេមរា ជាមន្រ្តីយោធាដែលបម្រើការងារនៅអង្គភាពកងពលតូចលេខ៧០ វិញ ក៏បានអះអាងផងដែរថាគណនីហ្វេសបុករបស់ខ្លួនត្រូវបានជនអនាមិកគ្រប់គ្រងផងដែរ។
កញ្ញាម្នាក់នេះបន្ថែមទៀតថា ជនអនាមិកនោះ បានកែច្នៃឯកសារបស់នាង ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។
ជាងនេះទៅទៀត នាងបានបញ្ជាក់ថា គណនីរបស់នាងត្រូវបានគេលួចប្រើប្រាស់ និងគ្រប់គ្រងតាំងពីថ្ងៃទី ២៧ កញ្ញាមកម្ល៉េះ ខណៈពេលដែលនាងបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា យុង ខេមរា មិនទទួលស្កាល់ដាច់ខាតចំពោះឯកសារដែលបញ្ចេញតាមរយៈវីដេអូនេះ។
តាមរយៈអត្តន័យក្នុងហ្វេសបុករបស់នាង បញ្ជាក់ទៀតថារឿងនេះជារឿងនយោបាយ។ យ៉ាងណាក្ដី នាងមិនចង់ឱ្យមានការវាយប្រហារ ឬការលាបពណ៌ណាមួយដើម្បីកេងចំណេញនយោបាយ ដែលជាហេតុធ្វើឱ្យមានការបែកបាក់សាមគ្គីនៃក្រុមការងារ សាច់ញាតិ និងក្រុមគ្រួសារជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា យុង ខេមរា ខ្លួនឯងផ្ទាល់បានបញ្ជាក់ថា នាងនឹងប្ដឹងទៅស្ថាប័នមានសមត្តកិច្ចដើម្បីដោះស្រាយរឿងនេះ។
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបា្រប់វិទ្យុស្ត្រីនៅថ្ងៃទី ៤ តុលាថាថា ខាងក្រសួងមហាផ្ទៃមិនទាន់បានទទួលពាក្យបណ្ដឹងឱ្យស្វែងរកប្រភពរបស់ជនអនាមិកនោះនៅឡើយទេ។ យ៉ាងណា ខាងក្រសួងនឹងស្រាវជ្រាវប្រសិនបើមានពាក្យបណ្ដឹង។
«ធម្មតាចុះបើក្មួយឯងរឿងអីដែលស្រាវជ្រាវម៉េច អ្នកណាទៅដឹង។ ឧទាហរណ៍ថា ផ្ទះយើងអត់មានចោរលួចផង ឬចោរលួចអត់ទៅប្ដឹងប៉ូលីសផង ប៉ូលីសរកឃើញដែរ? ឧទាហរណ៍ថាក្មួយឯងបាត់មាន់ឬបាត់ខោអាវហើយអត់ប្ដឹងបូលីសចាំប៉ូលីសរកឱ្យម៉េចកូន!»
យ៉ាងណា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងបែបនេះ មិនមែនជាលើកទី១ទេ សម្រាប់រូបលោក។ ជាងនេះ លោកចង់ឱ្យជនអនាមិកនោះគួរតែបញ្ឈប់នូវសកម្មភាពដូចនេះលើកក្រោយទៀត៕