ភ្នំពេញ ៖ របាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ថា ៩ ខែដើមឆ្នាំ២០១៨ រន្ទះបាញ់បានសម្លាប់មនុស្សជិត ១០០នាក់។ តែបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ចំនួននេះគឺមានការកើនឡើង។ មន្ដ្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អំពាវនាវឲ្យពលរដ្ឋអនុវត្ដ វិធានសុវត្ថិភាពដើម្បីការពាររន្ទះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
មន្ដ្រីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានវាយតម្លៃករណីគ្រោះធម្មជាតិឆ្នាំ២០១៨នេះ មានភាពកាចសាហាវជាងឆ្នាំកន្លងទៅ ដោយយោងលើតួលេខអ្នកស្លាប់ និងការរងផលប៉ះពាល់លើដំណាំរបស់ប្រជាពលរដ្ឋ។
លោក កែវ វី មន្ដ្រីនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយបានប្រាប់វិទ្យុស្ដ្រីថា គិតពីខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០១៨នេះ រន្ទះ បានបាញ់សម្លាប់ប្រជាពលរដ្ឋចំនួន ៩៦នាក់ និងរងរបួសចំនួន ៦៣នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៩៦នាក់ មានស្ដ្រី ២៦នាក់។ មន្ដ្រីនាំពាក្យបន្ដថា ជនរងគ្រោះទាំងអស់មាននៅខេត្ដពោធិ៍សាត់ កំពង់ធំ បន្ទាយមានជ័យ និងខេត្ដឧត្ដរមានជ័យ។ លើសពីនេះ ក៏មានសត្វគោ ក្របី ចំនួន ១០១ក្បាលផងដែរ ដែលត្រូវរន្ទះបាញ់ងាប់។
មន្ដ្រីនាំពាក្យ បន្ដទៀតថា បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ចំនួនប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ នៅឆ្នាំ២០១៨នេះ គឺមានការកើនឡើង។ ពីព្រោះតែបាតុភូតអាកាសធាតុឆ្នាំនេះ ហាក់មិនសូវល្អ ដោយសារតែការរងឥទ្ធិពលពីព្យុះ ដែលកើតនៅប្រទេសជិតខាងកម្ពុជា ៖«ឆ្នាំមុនតិចតូចទេ (២០១៧) ឆ្នាំមុនខ្ទង់មួយឆ្នាំហ្នឹងតែ ៧០ ទៅ៨០នាក់ទេ។ ឆ្នាំនេះគ្រោះថ្នាក់សាររន្ទះវាច្រើនជាង ដោយសារយើងមើលហើយស្ថានភាពអាកាសធាតុមានការផ្លាស់ប្ដូរច្រើន វាមានខ្យល់ព្យុះក្នុងតំបន់ច្រើន។ វាបង្កើតជាជ្រលងសម្ពាធផ្សេងៗដាក់មកលើស្រុកខ្មែរយើង មានខ្យល់ មានព្យុះអញ្ចឹងទៅ វាក៏បង្កឲ្យមានការរងគ្រោះដោយសាររន្ទះហ្នឹងក៏ច្រើនដែរ»។
ករណីរន្ទះបាញ់នេះ គឺជាគ្រោះធម្មជាតិដែលងាយនឹងកើតឡើង វាយប្រហារមិនថា មនុស្ស សត្វ ដើមឈើ ឬផ្ទះសំបែងនោះទេ។ ដើម្បីការពារខ្លួនកុំឲ្យក្លាយជាចំណុចគោលដៅរបស់រន្ទះ លោក ចាន់ យុត្ថា មន្ដ្រីនាំពាក្យ ក្រសួងធនធានទឹក មានប្រសាសន៍ថា កាលណាពលរដ្ឋបានសង្កេតឃើញ ផ្ទៃមេឃពពកឡើងខ្មៅ រកកលចង់ភ្លៀង គឺមិនត្រូវស្ថិតនៅកន្លែងដែលមានទឹកដក់ឡើយ។ លើសពីនេះ មិនត្រូវកាន់សម្ភារដែលធ្វើពីលោហៈ មានដូចជា កាំបិទ ពូថៅ ចបជីក និងចបកាប់ជាដើម ហើយរឹតតែសំខាន់ទៀតនោះ គឺមិនត្រូវជ្រកកោមដើមឈើ ហើយត្រូវទៅរកទីកន្លែងដែលស្ងួត ស្រឡះ និងអង្គុយចុះឲ្យទាប បន្ទាប់មកយកដៃក្ដោបស្លិត្រចៀក។ វិធីនេះ គឺត្រូវប្រើក្នុងករណីដែលប្រជាពលរដ្ឋ កំពុងស្ថិតនៅកណ្ដាលវាល៖«យើងត្រូវតែគេចពីដើមឈើ ហើយទៅរកវាល វាលឲ្យស្រឡះ ហើយយើងអង្គុយចុះឲ្យទាប បានយើងអង្គុយ អង្គុយចោងហោង ឱនទៅមុខ ហើយយកដៃទាំងពីរ ក្ដោបស្លឹកត្រចៀកធ្វើយ៉ាងណាឲ្យខ្លួនរបស់យើងកាន់តែទាប កាន់តែល្អ។ ចំណុចមួយទៀតដែរ ប្រសិនបើមានគ្រឿងអេឡិចត្រូចនិក ផ្សេងៗ មានដូចជា ទូរស័ព្ទ កូនវិទ្យុ កូនម៉ាញ៉េអី គឺថា សូមបិទវា ហើយបើយកល្អ គឺដោះថ្មចេញតែម្ដង ដើម្បីកុំឲ្យមានចរន្ដអគ្គិសនីឆ្លងកាត់»។
ទន្ទឹមនឹងនេះ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងផ្ទះ ខណៈដែលមានភ្លៀងធ្លាក់ គួរតែផ្ដាច់ចោលឲ្យអស់នូវចរន្ដអគ្គិសនី បញ្ឈប់ការមើលទូរទស្សន៍ ការស្ដាប់វិទ្យុ ការប្រើអ៊ិនធើណេត ឬការនិយាយទូរស័ព្ទជាដើម។ មន្ដ្រីពាក្យ ក្រសួងធនធានទឹក បញ្ជាក់ថា ប្រសិនបើ ពលរដ្ឋអាចអនុវត្ដន៍តាមអ្វីដែលជម្រាបជូនខាងលើនេះបាន គឺអាចកាត់បន្ថយគ្រោះថ្នាក់ដោយសាររន្ទះបាញ់បានក្នុងកម្រិតខ្ពស់។
សូមជម្រាបថា ក្នុងអំឡុងជាង ២ខែ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានវាយប្រហាររាជធានី ខេត្ដ ចំនួន ២៣ លើកលែងខេត្ដមណ្ឌលគិរី និងឧត្ដរមានជ័យ។ ជំនន់ទឹកភ្លៀង មិនបានបង្កឲ្យមនុស្សស្លាប់នោះទេ ក៏ប៉ុន្ដែជំនន់ទន្លេមេគង្គ បានឆក់យកជីវិតមនុស្ស ៦១នាក់។ ជនរងគ្រោះទាំង ៦១នាក់ មាននៅខេត្ដកំពង់ចាម ២៦នាក់ ព្រៃវែង ២៧នាក់ ស្ទឹងត្រែង ៤នាក់ ក្រចេះ ៣នាក់ និងខេត្ដត្បូងឃ្មុំ ម្នាក់។
លោក កែវ វី បានប្រាប់ទៀតថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ មានចំនួន ១៣៤ពាន់ ៨៥៧គ្រួសារ ស្ថិតក្នុងរាជធានី ខេត្ដទាំង ២៣។ ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន ១ម៉ឺ ២ពាន់ ០១២គ្រួសារ ត្រូវបានជម្លៀសចេញ ដោយសារទឹកលិច។ បន្ថែមពីនេះ ផ្ទះចំនួន ២៤០ខ្នង ត្រូវបានរុះរើ ពីព្រោះតែការបាក់ច្រាំងទន្លេ។ សាលារៀន ២៣៥កន្លែង វត្ដអារាម ១៣៤កន្លែង និងមណ្ឌលសុខភាព ២៨កន្លែង ទឹកបាលិច។
មន្ដ្រីនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ ប្រាប់ឲ្យដឹងទៀតថា ក្នុងរយៈពេលទឹកលិចជាង ២ខែនេះ គោ ក្របី ចំនួន ៣៥០០៧ក្បាល ត្រូវបានជម្លៀសចេញ ហើយមានងាប់ចំនួន ២៨ក្បាល។ ទឹកបានលិចស្រូវសម្ទូង និងស្រូវពង្រោះ ១០៦ពាន់ ០១៣ហិចតា ហើយខូចអស់ ៥ម៉ឺន ៤ពាន់ ៤៩៥ហិចតា។ មិនតែប៉ុណ្ណោះទឹកក៏បានលិចដំណាំរួមផ្សំប្រមាណ ១ម៉ឺន ៦ពាន់៧១៧ហិចតា បណ្ដាលឲ្យខូចអស់ ១ម៉ឺន ១ពាន់ ៣៨៥ហិចតាផងដែរ៕