ភ្នំពេញ៖ ធនាគារពិភពលោក(World Bank) បានពន្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងកម្រិត ៧ ភាគរយ នៅឆ្នាំ ២០១៨នេះ។ កំណើននាំចេញសម្លៀកបំពាក់ និងស្បែងជើងក្នុងវិស័យវាយនភ័ណ្ឌ និងកំណើនភ្ញៀវទេសចរណ៍បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
ការនាំចេញសម្លៀកបំពាក់ និង ស្បែកជើងទៅក្រៅប្រទេសបានកើនឡើង១៦,២ ភាគរយ ក្នុងរយៈពេលឆមាសទី១ដើមឆ្នាំ ២០១៨នេះ ហើយការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរមានកំណើនពីរឆ្នាំជាប់គ្នាគឺកើនឡើង ៨,៣ ភាគរយ នៅចុងឆ្នាំ ២០១៧។នេះបើតាមរបាយការណ៍របស់ធានាគារពិភពលោកចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី ៤ ខែ តុលា ឆ្នំា ២០១៨។
កំណើននាំចេញសម្លៀកបំពាក់ និងស្បែងជើងខ្ពស់បាននាំឱ្យតម្រូវការវត្ថុធាតុដើមដូចជាក្រណាត់មានការកើនឡើង។ ជាក់ស្តែងក្នុងរបាយការណ៍របស់ធនាគារពិពភលោកបង្ហាញថា កម្ពុជានាំចូលក្រណាត់កើនឡើង ៣៧,១ ភាគរយ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ពោលគឺមានកំណើនបីឆ្នាំជាប់ៗគ្នា។
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ជាមួយសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់គួរឲ្យគាត់សម្គាល់។ ទំនិញកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកកើនឡើងពី ៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ រហូតដល់ ១៦០ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៦ ខែដើមឆ្នាំ២០១៨នេះ។
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកើនឡើងរហូតដល់ ៤ ពាន់លានដុល្លារក្នុងឆមាសទី ១ ដើមឆ្នាំ ២០១៨នេះ។ ការនាំចេញនេះកើនឡើង ១១ ភាគរយ ដោយកើនឡើងជិតទ្វេដងគឺ ៦, ៩ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
កំណើនភ្ញៀវទេសចរណ៍មកកម្ពុជាក៏បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៧ ភាគរយ ព្រោះរបាយការណ៍ដដែលបញ្ជាក់ថា ភ្ញៀវទេសរណ៍មកទស្សនាកម្ពុជាកើនរហូតដល់ ៣លាននាក់នៅពាក់កណ្តាលឆ្នាំនេះ។ ភ្ញៀវទេសចរណ៍អន្តរជាតិមានកំណើន ១៣,៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧មានកំណើន ១១,៨ ភាគរយ។ ក្នុងនោះអ្នកទេសចរណ៍ចិនមានសន្ទុះកំណើនខ្លាំងជាងគេ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ចំណូលទេសចរណ៍ប្រមូលបានពីភ្ញៀវបរទេសមានប្រមាណ ៣ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ ដើមឆ្នាំ ២០១៨នេះ។ ក្នុងនោះភ្ញៀវទេសចរណ៍ចិនឈរនៅលំដាប់ទី១ ចំនួនប្រមាណ ៩៣ ម៉ឺននាក់។
ក្នុងរបាយការណ៍របស់ធនាគារពិពភលោកបន្ថែមថា លំហូរវិនិយោគធំៗពីបរទេសផ្ទាល់បន្តធ្វើជាគ្រឹះដ៏រឹងមំា ជួយទំនុកបម្រុងដល់វិស័យសំណងនៅកម្ពុជា។ ធនាគារពិពភលោកពន្យល់ថា វិនិយោគិនបរទេសផ្ទាល់មកកម្ពុជាកើនឡើងប្រមាណ ១៤, ៣ ភាគរយ គិតចាប់ពីខែមករា ដល់ មិថុនា ឆ្នាំ ២០១៨នេះ។ ប៉ុន្តែទុនវិនិយោគជាងពាក់កណ្តាលហូរមកពីប្រទេសចិនទៅលើសង់សំណង់អគារពាណិជ្ជកម្ម និងអគារខុនដូរ ហើយមួយភាគទៀតនៃការវិនិយោគរបស់ចិនទៅលើផ្នែកផលិតកម្ម និងផ្នែកកសិកម្ម។
ជាក់ស្តែងចិនបោះទុនវិនយោគខ្លាំងលើវិស័យសំណង់នៅខេត្តព្រះសីហនុ ដែលមានប្រាក់វិនិយោគបរទេសផ្ទាល់អនុម័តរួចមានចំនួន ១២៦ លានដុល្លារអាមេរិក ។នេះតួលេខសម្រាប់ខែ មិថុនា ឆ្នាំ២០១៨នេះ។
ការអភិវឌ្ឍន៍ឆាប់រហ័សក្នុងវិស័យសំណង់នាំឱ្យតម្រូវការនាំចូលដែកថែប និងយានយន្ត ដើម្បីបំពេញតម្រូវការសាងសង់ក្នុងស្រុកកើនឡើងជាង៨១ភាគរយ និងកើនឡើង ៥០ ភាគរយសម្រាប់ខែមិថុនា។
ទោះបីយ៉ាងណា ក្នុងរបាយការណ៍ធនាគារពិភពលោកឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងប្រឈមហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិនអាចនឹងជះឥទ្ធិពលអាក្រក់មកកម្ពុជា។ ម្យ៉ាងទៀត ការស្រុតចុះគំហុកណាមួយរបស់សេដ្ឋកិច្ចប្រទេសចិនក៏ជាហានិភ័យមួយទៀតសម្រាប់កម្ពុជាផងដែរ។
ធនាគារពិភពលោកពន្យល់ថា ដើម្បីរក្សាកំណើនសេដ្ខកិច្ចរឹងមាំក្នុងរយៈពេលមធ្យមកម្ពុជាចំបាច់គៀងគរការសន្សំសំចៃផលិតផលក្នុងស្រុក៕