ភ្នំពេញ ៖ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានលិចលង់ខេត្តជាង ២០ ហើយមានមនុស្ស ១២៣នាក់រងគ្រោះព្រោះពស់ចឹក ប៉ុន្ដែមិនមានការរងគ្រោះដល់អាយុជីវិតនោះទេ។ តែយ៉ាងនេះក្ដី វេជ្ជបណ្ឌិតអំពាវនាវឲ្យប្រជាពលរដ្ឋ រូសរាន់នាំជនរងគ្រោះទៅពេទ្យភ្លាមៗ ប្រសិនបើត្រូវពស់ចឹក។
លោក លៀ ស៊ីណា រាយការណ៍៖
ទឹកទន្លេមេគង្គបានហក់ឡើងភ្លាមៗ បង្កជាជំនន់ទន្លេមេគង្គ ក្រោយពីទំនប់វារីអគ្គិសនី នៃគម្រោង សេពា-សេណាំណយ នៃប្រទេសឡាវ បានបាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ។ គិតតាំងពីពេលនោះ រហូតដល់ចុងខែកញ្ញា ជំនន់មានរយៈពេលជាង ២ខែ។ ក្រោយពីទឹកទន្លេមេគង្គបានហក់ឡើង ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ក្នុងបរិមាណច្រើនផងដែរ។ អំឡុងជាង ២ខែ គិតទាំងជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានខេត្ដចំនួន ២៣ បានរងគ្រោះ ហើយមានតែខេត្ដ២ប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ នោះគឺមណ្ឌលគិរី និងខេត្ដឧត្ដរមានជ័យ។
មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានប្រាប់វិទ្យុស្ដ្រីថា ជំនន់នៅឆ្នាំ២០១៨នេះ គឺមានភាពខ្លាំងក្លាជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារតែមានការបាក់ទំនប់វារីអគ្គិសនីនៅឡាវ។ លោកបន្ដថា ក្នុងរយៈពេលជាង ២ខែមកនេះ មានមនុស្ស ១២៣នាក់ បានរងគ្រោះព្រោះសត្វពស់ចឹក។ ក៏ប៉ុន្ដែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ព្រោះពលរដ្ឋបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យទាន់ពេល។ ក្នុងចំណោមអ្នកទាំង ១២៣នាក់នេះ មាន ១១៥នាក់ ស្ថិតក្នុងខេត្ដកំពង់ចាម ៖«ទាំងអស់ ១២៣ ទាំងគ្រោះថ្នាក់ផ្សេងៗ។ ភាគច្រើនពស់ចឹកនៅក្នុងខេត្ដកំពង់ចាម១១៥នាក់ ហើយមិនមែនតែពស់ទេ មានសត្វផ្សេងៗ មានដូជាក្អែប ខ្ទួយ អីហ្នឹង ពេលដែលទឹកឡើង ធម្មតាវារត់រកតាមផ្ទះតាមអីហ្នឹងហើយ»។
កន្លងមកគេតែសង្កេតឃើញពលរដ្ឋមួយចំនួន នៅពេលដែលត្រូវពស់ចឹក ពួកគាត់តែតែងទៅរកគ្រូបុរាណ ដើម្បីស្ដោះផ្លុំ បន្សាបពិសពស់។ ចំណុចនេះ សម្រាប់លោក កែវ វី លោកមិនបានហាមឃាត់ ឬបដិសេធអ្វីទេ ព្រោះជាជំនឿដូនតាបន្សល់ទុកមក។ តែយ៉ាងណាលោក សំណូមពរថា ក្នុងករណីដែលសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋគួរនាំជនរងគ្រោះទៅពេទ្យ ៖«សំខាន់បំផុត ឲ្យគាត់រូសរាន់ ទៅកាន់មន្ទីរពេទ្យ ឬមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតអញ្ចឹង។ ទោះបីយ៉ាងម៉េចពេទ្យហ្នឹង គេមានវិធីសាស្ដ្រទាន់សម័យដើម្បីស្រោចស្រង់អាយុជីវិតរបស់គាត់ ហើយយើងក៏មិនភ្លេចដែរ ជំនឿផ្សេងៗដែលដូនតារបស់យើងគាត់ធ្លាប់បន្សល់ទុកមក ក៏យើងមិនភ្លេចដែរ។ ប៉ុន្ដែសំខាន់គឺពេលដែលត្រូវសង្គ្រោះបន្ទាន់ គឺត្រូវទៅពេទ្យ»។
ទាក់ទិនករណីពស់ចឹកនេះ លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ចាម មានប្រសាសន៍ថា ពិសពស់ គឺជ្រាបបានរហ័សបំផុតចូលទៅក្នុងខ្លួនមនុស្សតាមរយៈសរសៃឈាម។ សត្វពស់ មានច្រើនប្រភេទ ពស់ខ្លះមានពិសខ្លាំង និងពស់ខ្លះទៀត មានពិសខ្សោយ តែយ៉ាងណាគឺជាការចាំបាច់បំផុត ដែលត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីបន្សាបពិសពស់ឲ្យទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបន្ដថា ក្រោយពីពស់ចឹក បើបណ្ដោយឲ្យជនរងគ្រោះ នៅយូររហូតដល់២៤ម៉ោង ទើបនាំទៅពេទ្យ ជនរងគ្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ៖«ចឹករួចភ្លាមហ្នឹងគឺថា បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ បើកាលណាយើងទុករយៈពេលកាន់តែយូរ គឺពិសពស់ហ្នឹងវាជ្រាបកាន់តែពេញខ្លួន នាំឲ្យមានការលំបាក។ អញ្ចឹងក្រោយពីពស់ចឹកភ្លាមត្រូវប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់»។
លោកវេជ្ជបណ្ឌិតបន្ដថា នៅពេលពស់ចឹកមិនត្រូវឲ្យអ្នកជំងឺធ្វើចលនាច្រើននោះទេ ព្រោះអាចនាំឲ្យពិសពស់ឆាប់ជ្រាបលឿនចូលក្នុងខ្លួន។ នៅពេលសត្វពស់ចឹក ជនរងគ្រោះនឹងមានរោគសញ្ញា ហើម ឈឺ ស្ពឹក ហើយមិនតែប៉ុណ្ណោះត្រង់កន្លែងដែលពស់ចឹកនោះ នឹងឡើងពណ៌ក្រហម។ លោកបន្ថែមទៀតថា ជានិច្ចកាលប្រជាពលរដ្ឋ តែងតែយកក្រណាត់ ឬខ្សែ ចងនៅកន្លែងដែលពស់ចឹក ក៏ប៉ុន្ដែពលរដ្ឋភាគច្រើនបានធ្វើខុសបច្ចេកទេស ៖«យើងចង រុំមុខរបួសហ្នឹង គឺយើងមានកម្រិត តែមិនមែនយើងចង់ឲ្យរឹតឲ្យតឹងហ្មងទេ គឺយើងចងទប់កន្លែងមុខរបួស កន្លែងឈាមហ្នឹងបន្ដិចទៅ ហើយប្រញាប់ប្រញាល់នាំទៅពេទ្យភ្លាម។ ចំណែកអ្នកខ្លះឃើញចង កជើង ចងកដៃ កងភ្លៅឡើងរឹត ឡើងស្លាក់ឈាម ស្លាក់ខ្យល់។ អញ្ចឹងការចងហ្នឹងគឺខុសបច្ចេកទេសហើយ តាមពិតគេអត់ឲ្យចងអញ្ចឹងទេ គឺថា គ្រាន់តែរុំធម្មតាអញ្ចឹងទៅ ហើយប្រញាប់នាំមកពេទ្យភ្លាម»។
លោកវេជ្ជបណ្ឌិត អំពាវនាវថា ពលរដ្ឋគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបើដឹងថា កន្លែងដែលខ្លួនរស់នៅសំបូរពពួកពស់ពិស។ ម្យ៉ាងវិញទៀត ពលរដ្ឋពុំគួរចេញដើរកាត់វាដោយជើងទទេនោះទេ ពិសេសគឺនៅរដូវភ្លៀងធ្លាក់ ឬទឹកជំនន់។ តែយ៉ាងណាបើមានកិច្ចការត្រូវចេញដើរវាល គួរតែពាក់ស្បែកជើងកវែង ដែលផលិតពីជ័រកៅស៊ូ៕