en     km
en     km

ក្រសួងអប់រំ ថា គ្មានការយកលុយដើម្បីជាប់ជាគ្រូបង្រៀនទេ បើមានអ្នកនោះប្រឈមមុខនឹងច្បាប់

Share

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា មិនមានការយកលុយដើម្បីបានជាប់ជាគ្រូ ជំនួសឱ្យការប្រឡងគ្រូឡើយ ហើយក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសទាំងអស់ ដែលយកលុយមួយចំនួនដោយសន្យារត់ការឱ្យជាប់ជាគ្រូបង្រៀននៅកម្រិតណាមួយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២ តុលាម្សិលមិញ។

យោងតាមការចុះផ្សាយនេះបង្ហាញថា ក្រសួងអប់រំបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងគ្មានការអនុញ្ញាតឱ្យនរណាម្នាក់សូកលុយដើម្បីប្រឡងជាប់ជាគ្រូបង្រៀននៅកម្រិតណាមួយនោះទេ។

ក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មាននេះ​​ ដោយសារលេចឮព័ត៌មានថា បុគ្គលមួយចំនួនបានសន្យាថា ជួយដល់បេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនគ្រប់កម្រិត ឲ្យបានប្រឡងជាប់ ដោយថ្នូរនឹងថវិកាមួយចំនួន។

ក្រសួងបញ្ជាក់ទៀតថា ដំណើរការនៃការប្រឡងគ្រូគ្រប់កម្រិត ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ អំពាវនាវដល់មាតាបិតា អាណាព្យាបាល និងបេក្ខជនទាំងអស់ ចៀសវាងការចាញ់បោកពាក្យភូតកុហករបស់ ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអាសារបង់។ មិនត្រឹមតែប៉ុណ្ណោះ បេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញសមត្ថភាព និងគោរពតាមបទប្បញ្ញតិនានា ក្នុងដំណើរការប្រឡងជ្រើសរើស។

យ៉ាងណាមិញ ក្រសួងស្នើសុំកិច្ចសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាផ្តល់ព័ត៌មាននិងអត្តសញ្ញាណ ជនប្រព្រឹត្តកំហុសទាំងនោះ មកក្រសួងតាមគ្រប់មធ្យោបាយ ដោយក្រសួងធានាការសម្ងាត់ក្នុងការផ្តល់ព័ត៌មាន។ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះជននោះ ឲ្យមកទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image