ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាការរំឮកនឹកគុណដល់ដល់ឪពុក-ម្ដាយ និងចាស់ព្រឹទ្ធាចារ្យ ដែលជាមេបា។ លោកសាស្ដ្រាចារ្យ យល់ថា កូនខ្មែរគ្រប់រូប គួរតែវិលទៅជួបមេបារបស់ខ្លួនក្នុងឱកាសបុណ្យនេះ ដើម្បីបង្ហាញថា ខ្លួនជាមនុស្សមានជាតិកំណើត និងមិនបានភ្លេចដើមកំណើតរបស់ខ្លួន។
ជាបន្ដសូមស្ដាប់លោក លៀ ស៊ីណា ដូចតទៅ ៖
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យជាតិដ៏ធំរបស់ព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃចាប់ផ្ដើមពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌ គឺជាពៃណីទំនៀមទម្លាប់របស់ខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ ទាក់ទិនពិធីបុណ្យជាតិនេះមានតំណាលជាច្រើន បានចារទុក រៀបរាប់ពីប្រវត្ដិនៃពិធីនេះ។
ជុំវិញពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ សំបូរ មាណ្ណារ៉ា បានឲ្យនិយមន័យទៅលើពិធីបុណ្យមួយនេះថា គឺជាពិធីសំយោគ នៃទំនាក់ទំនងសង្គម សាសនា និង វប្បធម៌។ លោកបន្ដថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីមួយដែលរំឮក នូវកត្ដញ្ញូធម៌ ដែលជាតម្លៃដ៏ពិសិដ្ឋ នៃគុណធម៌របស់ប្រជាជនខ្មែរ ដែលឲ្យតម្លៃទៅលើការគោរពអ្នកមានគុណ និងអ្នកទាំងឡាយដែលជាចាស់ព្រឹទ្ធាចារ្យ ។
លើសពីនេះ លោកសាស្ដ្រាចារ្យបន្ដថា រាល់ពេលបុណ្យភ្ជុំបិណ្ឌម្ដងៗ មនុស្សគ្រប់គ្នាដែលបានចាកស្រុកកំណើតទៅឆ្ងាយ តែងតែស្ទុះស្ទាម្នីម្នា វិលត្រឡប់ទៅរកស្រុកំណើត របស់ខ្លួនវិញ ដើម្បីបង្ហាញថា ខ្លួន មានជាតិកំណើត មាន មានមេ មានបា ៖«អញ្ចឹងពិធីបុណ្យភ្ជុំបិណ្ឌគឺជាបង្ហាញប្រាប់អំពី សំយោគ សង្គម។ អ្នកមានបងប្អូនដូនតា យាតា ម៉ែ ឪ នៅកន្លែងណា គឺទៅរកស្រុកកំណើត។ ដើម្បីកុំឲ្យគេដៀលថា មនុស្សអត់កំណើត មនុស្សភ្លេចកំណើត។ អញ្ចឹងខ្មែរយើងកាលណាឮពាក្យហ្នឹងគឺមានការឈឺចាប់ណាស់។ អញ្ចឹងទេ បុណ្យភ្ជុំបិណ្ឌនេះគឺបង្ហាញប្រាប់ទៅអ្នកទាំងឡាយថា ខ្ញុំមានកំណើត ខ្ញុំមានមេ ខ្ញុំមានបា ខ្ញុំមានចាស់ព្រឹទ្ធាចារ្យ ខ្ញុំមានភូមិ ខ្ញុំមានស្រុក ខ្ញុំមានកន្លែងរបស់ខ្ញុំ។ អញ្ចឹងសម្រាប់ខ្ញុំពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីសំយោគ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសេដ្ឋកិច្ចសង្គម»។
បន្ថែមលើនេះលោកសាស្ដ្រាចារ្យ បន្ដថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកមិននិយាយដល់ ទេវកថា ឬអបិយជំនឿ អ្វីទេ តែលោកចង់លើកយកពីសីលធម៌សង្គម មករំឮកកូនខ្មែរ។ លោកថា ឪពុក ម្ដាយ គ្រប់រូបឲ្យតែដល់រដូវបុណ្ឌភ្ជុំនេះ ពួកគាត់តែងតែរង់ចាំផ្លូវកូនៗរបស់ខ្លួន។ លោកសាស្ដ្រាចារ្យ លើកទឹកចិត្ដថា កូនៗគួរតែទៅជួបឪពុក ម្ដាយ របស់ខ្លួន ដើម្បីបង្ហាញពីការគោរព ដល់លោកទាំងពីរ និងបង្ហាញពីការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ និងបព្វបុរសរបស់ខ្លួន ៖«ឪពុក ម្ដាយ ចាស់ទុំ ទាំងឡាយតែងតែរំពឹងមើលផ្លូវកូន នៅរដូវភ្ជុំដាច់ខាត។ ឲ្យតែពេលហ្នឹងមានកូនមានចៅមកជិត រៀបចំ សម្ភារ របស់របរដើម្បីបូជា ចំពោះលោក ដើម្បីជូនទៅលោក។ ឪពុក ម្ដាយ ទាំងឡាយនោះ មានក្ដីសុខខាងផ្លូវចិត្ដ មានតម្លៃក្នុងជីវិត ដោយគិតថា កូនទាំងឡាយហ្នឹង គេមានកំណើតព្រោះដោយសារតែគេហ្នឹង ស្គាល់គុណ ស្គាល់កត្ដញ្ញូចំពោះអ្នកមានគុណ មនុស្សចាស់ ហើយមិនត្រឹមតែដឹងគុណចំពោះមនុស្សចាស់មានជីវិតទេ គឺការដឹងគុណចំពោះមនុស្សចាស់ ដែលបានបូជាជីវិត ដែលបានចែកឋានទៅហើយក៏មាន»។
ពិធីបុណ្យភ្ជុំបិណ្ឌ ញ៉ាំងឲ្យមនុស្សទាំងឡាយប្រើប្រាស់នូវឧត្ដមគតិរបស់ខ្លួនធ្វើអំពើល្អនៅពេលដែលមានជីវិត ថែរក្សាកូនចៅ និង អប់រំកូនចៅឲ្យបានល្អ។ ការធ្វើបែបនេះ គឺជាបច្ច័យល្អដើម្បីបង្ហាញគំរូដល់កូនចៅ ជំនាន់ក្រោយ ឲ្យចេះដឹងគុណ ឪពុក ម្ដាយ និងចាស់ព្រឹទ្ធាចារ្យរបស់ខ្លួន ទាំងនៅមានជីវិត និងក្រោយពេលចែកឋានទៅ។ លោកសាស្ដ្រាចារ្យ អំពាវនាវដល់យុវជន យុវនារី ត្រូវធ្វើយ៉ាងណាញ៉ាំងពេលវេលានៃការធ្វើបុណ្យភ្ជុំបិណ្ឌនេះ ឲ្យទៅជាពេលវេលា តម្លៃនៃគុណធម៌ កត្ដញ្ញូរបស់ខ្មែរយើង៕