en     km
en     km

កម្ពុជាថៃជំរុញការវិនិយោគលើទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនៅឆ្នាំ២០២០

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ ជំរុញប្រតិភូធុរជនថៃពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសដើម្បីសម្រេចឱ្យបាននូវគោលដៅបង្កើនទំហំទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ​២០២០។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមការចុះផ្សាយនេះបញ្ជាក់ទៀតថា ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ចាន់ នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមធុរកិច្ចថៃ នៅថ្ងៃទី ០១ តុលានេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិបានជម្រុញភាគីថៃលើការវិនិយោគនៅកម្ពុជាលើផ្នែកមួយចំនួន ដូចជា វិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជា។

ការចុះផ្សាយនេះបញ្ជាក់ទៀតថា ការវិនិយោគពីភាគីថៃនៅកម្ពុជា គឺដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្ត្រីរូបនេះ បានបញ្ជា្របទៅភាគីថៃអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ការផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ ១០០% និងការទទួលបានភាពអនុគ្រោះពន្ធ ដើម្បីនាំចេញទៅកាន់ប្រទេសទីបី ជាដើម។

លោក ប៉ាន សូរស័ក្ដិ បានសំណូមពរទៅភាគីថៃ ពិសេសក្រសួងសេដ្ឋកិច្ចថៃធ្វើការពន្លឿនការចុះអនុស្សរណៈលើកលែងពន្ធនៅតាមបន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានទឹកប្រាក់ ១៥ប៊ីលានដុល្លារ តាមផែនការនៅត្រឹមឆ្នាំ២០២០៕

អត្ថបទ៖ លោក សោម​ លាភ

Share

Image
Image
Image