en     km
en     km

ចិន​ គ្រោង​បើក​សាលារៀន​តាម​ Online​ នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ចិន​ គ្រោង​បើក​សាលារៀន​តាម​ Online​ ឯកជន​ដំបូង​គេ​នៅ​កម្ពុជា​។​ ក្រសួង​ការងារ​គ្រោង​ជំរុញ​សាលា​នេះ​ ឲ្យ​បើក​ដំណើរការ​បាន​ឆាប់ៗ​ ព្រោះ​ក្រសួង​គិត​ថា​ ជា​សាលា​ល្អ​សម្រាប់​យុវជន​ និង​អ្នកធ្វើការ​មួយ​ចំនួន​ អាច​រៀន​បាន​ដោយ​ងាយស្រួល​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ព័ត៌មាន​នេះ​ ៖

 

​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ព្រហស្បត្ដិ៍​ ទី​២៧​ ខែកញ្ញា​ កន្លង​ទៅ​ បាន​ជួប​ជាមួយ​ក្រុម​ចិន​មួយ​ ដែល​ពិភាក្សា​អំពី​ គម្រោង​បើក​សាលារៀន​តាម​ Online​ ឯកជន​ដំបូង​គេ​នៅ​កម្ពុជា​។​

​ក្រោយ​បញ្ចប់​ជំនួប​នេះ​ លោក​ ឡៅ​ ហ៊ឹ​ម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​អប់រំ​ បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មូលហេតុ​ដែល​ក្រុមហ៊ុន​ចិន​នេះ​ ចង់​បើក​សាលារៀន​នេះ​ គឺ​បំណង​ចង់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​ ឲ្យ​ស្រប​និង​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បន្ដ​ថា​ សាលារៀន​នេះ​ នឹង​បើក​បង្រៀន​នូវ​មុខ​វិជ្ជា​ ព័ត៌មានវិទ្យា​ (IT)​ ទេសចរណ៍​ ពាណិជ្ជកម្ម​ គណនេយ្យ​ និង​មុខ​វិជ្ជា​មួយ​ចំនួន​ទៀត​។​ លោក​ ឡៅ​ ហ៊ឹ​ម​ បន្ថែម​ថា​ ក្រសួង​ការងារ​ គ្រោង​និង​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​នេះ​ម្ដងទៀត​ ដើម្បី​ជំរុញ​ ឲ្យ​សាលារៀន​នេះ​ បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ ពីព្រោះ​តែ​វា​ជា​សាលា​ល្អ​ ហើយ​ផ្ដល់​ភាព​ងាយស្រួល​ដល់​យុវជន​ទាំង​មានការ​ងារ​ ឬ​គ្មាន​ ហើយ​មិនតែប៉ុណ្ណោះ​អ្នក​ដែល​មានការ​ងារ​ហើយ​ ក៏​អាច​ឈ្លៀតពេល​រៀន​បាន​ ៖«​អ​ញ្ចឹ​ង​នេះ​ក៏​ជា​លទ្ធភាព​មួយ​ ផ្ដល់​ឱកាស​អ្នក​ដែល​មានការ​ងារ​ធ្វើ​ហើយ​ អាច​រៀន​ ហើយ​អ្នក​ដែល​មិន​ទាន់​មានការ​ងារ​ក៏​អាច​រៀន​បាន​ដែរ​។​ អ​ញ្ចឹ​ង​វា​ផ្ដល់​នូវ​ជម្រើស​ច្រើន​ដល់​យុវជន​ខ្មែរ​យើង​ ដើម្បី​អាច​សិក្សា​បាន​»​។​

​បន្ថែម​លើ​នេះ​ លោក​ ឡៅ​ ហ៊ឹ​ម​ បញ្ជាក់​ថា​ គ្រូបង្រៀន​នៅ​សាលា​ Online​ របស់​ចិន​នេះ​ គឺ​ភាគច្រើន​ជា​គ្រូ​របស់​ប្រទេស​ចិន​ ដែល​មានបទពិសោធន៍​ក្នុង​ការ​បង្រៀន​យូរ​ឆ្នាំ​។​ តែ​យ៉ាងណា​ក្រសួង​ការងារ​ នៅ​តែ​បន្ដ​សិក្សា​នៅឡើយ​ ពី​កម្រិត​គ្រូ​ទាំងនោះ​ ថា​ តើ​សម​សម្រប​សម្រាប់​បង្រៀន​ពលរដ្ឋ​កម្ពុជា​ឬ​យ៉ាងណា​។​ ម្យ៉ាងវិញទៀត​ ក្រសួង​ការងារ​ចង់​ឲ្យ​សាលារៀន​នេះ​ គឺ​មាន​ស្ដង់ដា​តែ​មួយ​ដូច​សាលា​ដទៃ​ទៀត​ ដើម្បី​ងាយស្រួល​ក្រោយ​ពី​សិស្ស​បញ្ចប់​ការ​សិក្សា​ ពួក​គាត់​ មាន​ភាព​ងាយស្រួល​ទៅ​បន្ដ​ការ​សិក្សា​នៅ​សាលា​ផ្សេង​ ក៏​ដូច​ជា​ទៅ​ក្រៅប្រទេស​ជាដើម​។​

​ប្រទេស​ចិន​ គឺជា​ប្រទេស​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។​ បើ​គិត​ពី​ឆ្នាំ​១៩៩៤​ រហូត​ដល់​ឆ្នាំ​ ២០១៦​ មូលធនវិនិយោគ​ទុក​សរុប​មាន​ប្រហែល​ ១៤,៧​ពាន់​លាន​ដុល្លារ​ ដែល​បាន​ផ្ដោត​ទៅ​លើ​វិស័យ​ចំនួន​ ៤​ ដាច់​ដោយឡែក​ពី​គ្នា​នៅ​កម្ពុជា​។​ វិស័យ​ទាំងនោះ​រួម​មាន​ វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ​ និង​សេវាកម្ម​ និង​វិស័យ​ទេសចរណ៍​៕

Share

ព័ត៌មានទាក់ទង

Image