ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល បានអះអាងថា កម្ពុជាប្ដេជ្ញាក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ក៏ដូចជាក្នុងពិភពលោក។ ប្រសាសន៍លោករដ្ឋមន្ដ្រី គឺធ្វើឡើងក្នុងឱកាសដែលលោកចូលរួមពិធីលើក “តម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅនិវេសនដ្ឋាន ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
យ៉ាងណាលោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា នារយៈពេលកន្លងមក រដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ មិនតែប៉ុណ្ណោះកម្ពុជាក៏បានសហការ ក្នុងនាម ជាដៃគូអន្ដរជាតិ ជាមួយប្រទេសអង់គ្លេសផងដែរ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់នៅលើពិភពលោក។ បន្ថែមលើនេះ លោក សាយ សំអាល់ បញ្ជាក់ថា ក្រសួងបរិស្ថាននឹងខិតខំបន្ថែមទៀតក្នុងការប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយលោកលើកទឹកចិត្ដដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យសហការគ្នាក្នុងការលុបបំបាត់ការជួញដូរសត្វព្រៃខុសច្បាប់៕