ក្រុងភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសតូច តែកម្ពុជាជាប្រទេសខ្លឹម។
សម្តេច ហ៊ុន សែន បានថ្លែងបង្ហាញឲ្យអន្តរជាតិដឹងថា កម្ពុជាជាប្រទេសតូចតែខ្លឹម តែបានផ្តល់ធាតុចូលនិងមានការជ្រោមជ្រែងជាច្រើនជូនពិភពលោក។
សម្តេចហ៊ុន សែនបានថ្លែងដូចនេះ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ៖ «កម្ពុជាតូចមែនពិត ប៉ុន្តែយើងក៏មានទស្សនវិស័យវែងឆ្ងាយ សម្រាប់ពិភពលោកមួយ ដែលយើងត្រូវចែកគ្នារស់នៅជាមួយបណ្ដាប្រទេសផ្សេងៗ និងរួមគ្នាថែរក្សាឱ្យបានយូរអង្វែង។ កិច្ចប្រជុំលើកនេះ យើងបានឃើញកាន់តែច្បាស់នូវស្ថានភាព «គីង្គក់ដើរលក់ថ្នាំស្រែង» ដែលផ្គើនចេញជាចំហ»។
នៅក្នុងអង្គការសហប្រជាជាតិ សម្តេចហ៊ុន សែន ក្នុងនាមតំណាងឲ្យប្រជាជាតិខ្មែរ បានអំពាវនាវឲ្យមានការគោរពសិទ្ធិអធិបតេយ្យ នៃប្រជាជាតិទាំងឡាយ ដោយមិនត្រូវលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះតូច ឬ យ៉ាងណាក្តី។
សម្តេចបានបញ្ជាក់ថា៖ « សូមខ្មែរគ្រប់រូបមានមោទនភាព លើជាតិរបស់ខ្លួនក្នុងឆាកអន្តរជាតិ។ កម្ពុជាដ៏តូចមួយនេះ បានផ្តល់ធាតុចូល និង ការជ្រោមជ្រែងច្រើនណាស់ជូនពិភពលោកទាំង មូលដូចពាក្យថា តូចតែខ្លឹម»។
កម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៣ នៃអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០១៨-២០១៩។ កម្ពុជាបានដើរតួនាទីជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិចំនួនពីរលើកហើយ គឺលើកទី១ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ២០០១-២០០២ និងលើកទី២ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ អាណត្តិឆ្នាំ២០១៨-២០១៩៕