បុណ្យភ្ជុំបិណ្ឌជាពិធីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងក្នុងវប្បធម៌ខ្មែរ។ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ឬហៅថាថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗបានចែកវេណគ្នា ធ្វើបាយម្ហូប ជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ។ គេមានជំនឿថា ពេលមនុស្សស្លាប់ទៅ ព្រលឹងអ្នកស្លាប់នោះអាចទៅកើតនៅស្ថានទេវលោក ឬក៏ស្ថាននរកប្រេត ជាដើម។ ចំពោះករណីអ្នកទៅកើតនៅស្ថាននរកប្រេត គឺមានតែការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ឲ្យលោកឧទ្ទិសកុសលជូនទៅប៉ុណ្ណោះ ទើបអាចទៅដល់។ អាស្រ័យដោយពិធីបុណ្យនេះក្នុងមួយឆ្នាំមានរយៈពេល១៥ថ្ងៃ ហេតុដូច្នេះហើយ ទើបពលរដ្ឋខ្មែរនាំគ្នាធ្វើបុណ្យនេះតាមជំនឿពីដូនតាមក ដើម្បីឲ្យចិត្តជ្រះថ្លា។
ខណៈដែលវត្តអារាមនានាមមារញឹកខ្លាំង ជាមួយពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរប្រុសស្រីចូលរួមប្រតិបត្តិនៅក្នុងពិធីមួយនេះយ៉ាងច្រើនកុះករដែរ។ ជាក់ស្ដែង ដូចជា «វត្ដសន្សំកុសល» ដែលជាវត្តមួយ នៅក្នុងរាជធានីភ្នំពេញ ក៏មានសភាពមមារញឹកខ្លាំង កំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះដែរ ។ ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងថ្ងៃដ៏ពិសេសនេះ បានអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវសីលធម៌ និងទំនៀមទម្លាប់ ដែលខ្មែរមានតាំងពីបុរមបុរាណ។
ស្លៀកសំពត់ហូល ពាក់អាវប៉ាក់ ឈាងដោយកន្សែង សមជានារីខ្មែរ កញ្ញ សៀក ស៊ីម៉េង បាន និយាយថា ក្រោយពេលដែលកញ្ញាបានមកធ្វើបុណ្យ កញ្ញាសប្បាយចិត្ត។ ព្រោះអីការធ្វើបុណ្យនេះ បានឧទ្ទិសកុសលដល់អ្នកមានគុណ និងញាតិការទាំងប្រាំពីរសន្ដាន។ ស៊ីម៉េង បន្ដទៀតថា ការដែលធ្វើបុណ្យមិនចាំបាច់តែធ្វើបាយ សម្ល ប្រគេនព្រះសង្ឃក៏បានដែរ ព្រោះថាបើខ្ជិលណាស់ គ្រាន់តែទិញមី ទិញភេសជ្ជៈ ប្រគេនលោកក៏បានដែរ ឲ្យតែសប្បាយចិត្តក្នុងការធ្វើបុណ្យ គឺបានបុណ្យដូចគ្នា។ «និយាយទៅបានជួយ និយាយទៅបាន ទាំងសងខាង ទាំងពីរយ៉ាង គឺថា យើងបានឧទ្ទិសដល់ អ្នកមានគុណរបស់យើង ញាតិការទាំងប្រាំពីរសន្ដានហ្នឹង ហើយមិនត្រឹមតែ ប៉ុណ្ណឹងក៏យើង ជួយដល់វត្ត ធ្វើបានលោក ឆាន់ លោកអីចឹងដែរ។ ហើយពេលខ្លះខ្ញុំខ្ជិលធ្វើចង្ហាន់ចឹងទៅ ទិញភេសជ្ជៈ ហើយនិងមី ឲ្យលោក ព្រោះអីលោកឆាន់ក្រោយពេលភ្ជុំបិណ្ឌទៀត ។ អីក៏ដោយឲ្យតែយើងមានចិត្តធ្វើបុណ្យ គឺបានបុណ្យដូចគ្នា។ អូនសង្កេត ឃើញថាអ្នកធ្វើបុណ្យឆ្នាំនេះច្រើនដែលទេ? ហើយឆ្នាំទៅឆ្នាំហ្នឹងខុសគ្នាដូចម្ដេច? ខ្ញុំថា ឆ្នាំហ្នឹងរៀងច្រើនជាងមុន ។ ឆ្នាំមុនខ្ញុំឃើញមិនច្រើនដូចចឹងពេកទេ។ ដល់ពេលចឹង សប្បាយចិត្ត និយាយទៅធ្វើបុណ្យណ្ណឹង មានចង់តែបានបុណ្យខ្លួនឯងទេ យ៉ាងណាក៏ចង់ជួយព្រះពុទ្ធសាសនាដែរ»។
ជួបជាមួយយុវតី ពាក់អាសដៃខ្លីតឺណុយសំពត់ខ្មៅក្រោមជង្គង់វិញម្ដង កញ្ញាស្រី គាង បាន ប្រាប់ថា ក្រោយពេល បានយកបាយសម្ល ទៅប្រគេនព្រះសង្ឃ និងរាប់បាត្ររួចហើយ បានធ្វើ ឲ្យនាងមានអារម្មណ៍ស្រស់ស្រាយ និងរីករាយក្នុងការធ្វើបុណ្យ «មានអារម្មណ៍សប្បាយចិត្ត ហើយត្រេកអរក្នុងការធ្វើបុណ្យ ហើយមានអារម្មណ៍ថា ខ្លួនឯងហ្នឹងបានមកសន្សំកុសលជាថ្មីម្ដងទៀត»។
ស្រី គាង បានឲ្យដឹងទៀតថា ការដែលកញ្ញា យកបាយសម្លមកប្រគេនព្រះសង្ឃនៅវត្តនេះ គឺ ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា និងញាតិសន្ដាន ដែលបានចែយឋានទៅ «ដើម្បីជូនដល់យាយតា បងប្អូនទាំងអស់ ដែលបានចែកឋានទៅ»។
ឈរមិនឆាយពីគ្នាប៉ុន្មាន លោក តា វ័យប្រហែល៧០ឆ្នាំ ដៃមានយួរចានស្រាក់ គឺ លោកតា ញឹក សារុន មានប្រសាសន៍ថា តាមបរមបុរាណមក ខ្មែរតែងតែទៅវត្ត យកបាយសម្លទៅ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ទៅ។ ហើយទើបជំនឿបុណ្យភ្ជុំបិណ្ឌ និងការយកបាយសម្លទៅប្រគេនព្រះសង្ឃនេះ ប្រជាពលរដ្ឋខ្មែរចាប់អនុវត្តតគ្នាបែបនេះរៀងមក។ លោកតា បន្ដថា កាលណាបានធ្វើបុណ្យ ធ្វើឲ្យអារម្មណ៍ដែលសៅហ្មង មានការជ្រះស្រឡះក្នុងចិត្ត ។ ប៉ុន្ដែបើកាលណាលោកតាមិនបាន អញ្ជើញទៅវត្តប្រគេនចង្ហាន់ជូនព្រះសង្ឃ និងឧទ្ទិសកុសដល់ញាតិសន្ដាន នាឱកាសបុណ្យភ្ជុំបិណ្ឌមួយឆ្នាំម្ដងនេះទេ លោកតា មិនសប្បាយចិត្តនោះទេ។ «តាមបុរមបុរាណមកចឹង យើងមកវត្តដើម្បីយើងយកមកប្រគេនលោក ប្រគេន លោក បានដល់អ្នកស្លាប់ទៅ។ បានដល់អ្នកស្លាប់ទៅ ម្ល៉ោះហើយជំនឿជឿតាំងពីណាពីណីមកចឹងទៅហើយ ធ្វើតាមគ្នាចឹង ព្រោះមកចឹង។ បានធ្វើបុណ្យ ធ្វើឲ្យអារម្មណ៍ជ្រះស្រឡះក្នុងចិត្ត ដូចថាយើង សប្បាយចិត្តរីករាយ បានធ្វើបុណ្យតែមួយឆ្នាំម្ដង ណឹងហើយចឹង ហើយណាស៎ កុំឲ្យថាមិនបានមកវាអត់សប្បាយចិត្ត មកនឹងគេនឹងឯងចឹងទៅវាសប្បាយចិត្ត ធូរចិត្ត»។
គ្រងដោយសំពត់ហួលនិងអាវប៉ាក់ ឈររង់ចាំស្វាមី អ្នកស្រី ហៀង មានប្រសាសន៍ថា ក្រោយ ពេលដែលបានយកបាយសម្លទៅប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលទៅដល់ញាតិសន្ដាន ដែលចែកឋានរួចហើយ ធ្វើឲ្យអ្នកស្រីមានអារម្មណ៍ ជ្រះស្រឡះក្នុងចិត្ត។ «មានអារម្មណ៍ថា ដូចយើងបានធ្វើបុណ្យទៅ វាស្រឡះក្នុងចិត្តចឹង។ ដល់ពេលយើងមិនបានមក ដូចយើងថា ដូចយើងមិនអស់ចិត្ត។ មិនអស់ចិត្តដូចថា ជីដូន ជីតាអី ចាំមើលចឹង។ យើងមិនបានធ្វើបុណ្យខ្លាចគាត់ចាំមើលផ្លូវកូនចៅចឹង»។
ក្នុងបរិវេណសាលាឆាន់ មានស្ត្រីចំណាស់មួយរូប គ្រងដោយសម្លៀកបំពាក់អាវស សំពត់បត់ពណ៌ខ្មៅវែង អង្គុយបត់ជើងទន្ទឹមនឹងស្ត្រីវ័យចំណាស់ជាច្រើនទៀត។
នោះជាលោកយាយ កង ស៊ឹម លោកយាយមានប្រសាសន៍ថា ការដែលគាត់យកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងថ្វាយព្រះ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅវត្ត មានប្រយោជន៍ ដោយសារតែថា បុណ្យដែលបានធ្វើនោះ នឹងបានដល់ជីដូនជីតា។ តែបើអ្នកដែលបានទៅធ្វើបុណ្យហើយ មានចិត្តមិនស្មោះចំពោះការធ្វើបុណ្យនេះ ក៏មិនបានដល់ជីដូនជីតាដែរ «ការធ្វើបុណ្យនឹងមានប្រយោជន៍ដល់គុណមាតាបិតា ចែកឋានប៉ុនណា មានគុណដល់ណ្ណឹង ដែលគាត់កើតទៅ ដែលគាត់កើតទៅ កើតទីឯណា ចេះតែធ្វើណ៎ះ កូនណ៎ះ។ ជំនឿពីម៉ែ ពីឪយើងមក ស្រេចតែជំនឿជឿវាអ៊ីចឹងហើយ ពុទ្ធសាសនាហ្នឹង។ ម៉ែឪយើងចែកឋានទៅណា ហើយគាត់ស្លាប់នៅទីណា អីណា យើងចេះតែធ្វើបុណ្យបន្ដទៅ ចឹងទៅកូន វាចឹងហើយកូន។ ហើយបើសិនអ្នកដែលមិនបានយកចង្ហាន់ទៅប្រគេនលោក ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះទេ អត់បានទេ ទាល់ត្រូវយកមកប្រគេនលោក ត្រូវប្រសិទ្ធក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌហ្នឹងមកកូន។ យើងយកមកបង្សុកូល ម៉ាកាក់ម៉ាសេនម៉ាបាត ថាសទ្ធាយើង មួយរយពីរយក៏បាន ប៉ុន្មានក៏បានដែរ ដល់គុណជីដូនជីតាយើង ទាំងប្រាំពីរសន្ដានចែកឋាន ទៅប៉ុន្មាន ។ លោកចែកឋានទៅកាន់ ទៅទីណា អីណា លោកមកទទួលផលយកទៅទៅ។ បើយើងមិនស្មោះចំពោះមកនេះ មិនបានបុណ្យដែរកូន»។
ត្រឡប់ទៅមើលការរាប់បាត្រ នៅខាងក្រៅសាលាឆាន់វិញ ឃើញមានប្រជាពលរដ្ឋខ្មែរច្រើនគួរសម ដែលម្នាក់ៗកំពុងមមាញឹកនឹងការរាប់បាត្រ។ ឈរមិនឆា្ងយពីទីនោះប៉ុន្មាន មានលោកតាមួយរូបដែលទំនងជាអ្នកចាត់ចែងការរាប់បាត្រ។ លោកតាបានប្រាប់ឲ្យដឹងថា លោកតា ជាអាចារ្យនៅក្នុងវត្តនេះរយៈពេលជាង២០ឆ្នាំហើយ។ លោកតា សារឿន មានប្រសាសន៍ថា ការរាប់បាត្រនេះ ជាប្រពៃណីពីបុរាណមក។ ហើយការរាប់បាត្រនេះដែរ ធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ ទៅដល់ញាតិសន្ដានដែលបានចែនឋានទៅ «ជាប្រពៃណីខ្មែរយើងពីបុរមបុរាណមក ហេតុដូច្នេះរាប់បាត្រហ្នឹង ដើម្បីបញ្ជូនមគ្គផល ដល់ញាតិការប្រាំពីរសន្ដាន ដែលបានចែកឋានទៅ ខណៈលោកខាងមុខ ។ គឺថា យើងមកត្រូវរាប់បាត្រហ្នឹងហើយ ដើម្បីឲ្យព្រះអង្គលោកវេរបញ្ជូនទៅឲ្យយើង ពីព្រោះអ្នកមានសីល។ យើងបញ្ជូនខ្លួនយើងអត់ដល់ទេ»។
លោក តា សារឿន បញ្ជាក់ ថា ការមកធ្វើបុណ្យទានក្នុងថ្ងៃបុណ្យ ភ្ជុំបិណ្ឌេនេះ ជាឱកាស ដែលមានតែមួយឆ្នាំម្ដង ដែលអាចបញ្ជូនកុសលផលបុណ្យទៅកាន់ជីដូជីតា «វាមានអត្ថប្រយោជន៍ដែលបាន ដូចថាយើងក្នុងមួយឆ្នាំធ្វើម្ដង ម្ដងហ្នឹង ដើម្បីបញ្ជូនឲ្យជីដូនជីតាយើងដែលបានស្លាប់ទៅ ជួនកាលគាត់ក៏បានទៅកើតខ្ពង់ខ្ពស់ទៅ ខ្លះក៏ទៅជាប្រេតទៅ។ ហេតុដូច្នេះ គឺថា យើងយកធ្វើក្នុងម្ដងហ្នឹង បញ្ជូនទៅឲ្យគាត់។ បញ្ជូនទៅឲ្យគាត់ហ្នឹង យើងបញ្ជូនខ្លួនឯងអត់បានទេ ទាល់តែលោកអ្នកមានសីល។ ម្ល៉ោះហើយ យើងរាប់បាត្រ ដើម្បីប្រគេនព្រះសង្ឃទៅ ហើយព្រះសង្ឃវេរបញ្ជូនទៅឲ្យ»។
ជម្រាបជូនដែរថា ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើន ដែលប្រជា ពលរដ្ឋខ្មែរតែងប្រារព្វពិធីនេះឡើងតាំងពីយូរណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះនៅតែមានការគោរព និងប្រតិបត្តិពីប្រជាពលរដ្ឋខ្មែ៕