en     km
en     km

​តើ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ប្រជាពលរដ្ឋខ្មែរ​?

Share

pchum-ben-cover

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ក្នុង​វប្បធម៌​ខ្មែរ​។​ ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​បាន​ចែក​វេ​ណ​គ្នា​ ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​។​ គេ​មាន​ជំនឿ​ថា​ ពេល​មនុស្ស​ស្លាប់​ទៅ​ ព្រលឹង​អ្នក​ស្លាប់​នោះ​អាច​ទៅ​កើត​នៅ​ស្ថាន​ទេវលោក​ ឬ​ក៏​ស្ថាន​នរក​ប្រេត​ ជាដើម​។​ ចំពោះ​ករណី​អ្នក​ទៅ​កើត​នៅ​ស្ថាន​នរក​ប្រេត​ គឺ​មាន​តែ​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ឲ្យ​លោក​ឧទ្ទិស​កុសល​ជូន​ទៅ​ប៉ុណ្ណោះ​ ទើប​អាច​ទៅ​ដល់​។​ អាស្រ័យ​ដោយ​ពិធីបុណ្យ​នេះ​ក្នុង​មួយ​ឆ្នាំ​មាន​រយៈពេល​១៥​ថ្ងៃ​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើបុណ្យ​នេះ​តាម​ជំនឿ​ពី​ដូនតា​មក​ ដើម្បី​ឲ្យ​ចិត្ត​ជ្រះថ្លា​។​

​ខណៈ​ដែល​វត្ត​អារាម​នានា​មមារ​ញឹក​ខ្លាំង​ ជាមួយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដែល​មាន​រយៈពេល​១៥​ ថ្ងៃនេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចូលរួម​ប្រតិបត្តិ​នៅ​ក្នុង​ពិធី​មួយ​នេះ​យ៉ាងច្រើន​កុះករ​ដែរ​។​ ជាក់ស្ដែង​ ដូច​ជា​ «​វត្ដ​សន្សំ​កុសល​»​ ដែល​ជា​វត្ត​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​មាន​សភាព​មមារ​ញឹក​ខ្លាំង​ កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ​ ។​ ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​ន​នូវ​សីលធម៌​ និង​ទំនៀមទម្លាប់​ ដែល​ខ្មែរ​មាន​តាំងពី​បុ​រម​បុរាណ​។​

ស្លៀកសំពត់​ហូល​ ពាក់អាវ​ប៉ាក់​ ឈាង​ដោយ​កន្សែង​ សមជា​នារី​ខ្មែរ​ ក​ញ្ញ​ សៀ​ក​ ស៊ី​ម៉េ​ង​ បាន​ និយាយ​ថា​ ក្រោយ​ពេល​ដែល​កញ្ញា​បាន​មក​ធ្វើបុណ្យ​ កញ្ញា​សប្បាយចិត្ត​។​ ព្រោះ​អី​ការ​ធ្វើបុណ្យ​នេះ​ បាន​ឧទ្ទិស​កុសល​ដល់​អ្នក​មានគុណ​ និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​។​ ស៊ី​ម៉េ​ង​ បន្ដ​ទៀត​ថា​ ការ​ដែល​ធ្វើបុណ្យ​មិន​ចាំបាច់​តែ​ធ្វើ​បាយ​ សម្ល​ ប្រគេន​ព្រះសង្ឃ​ក៏​បាន​ដែរ​ ព្រោះ​ថាបើ​ខ្ជិល​ណាស់​  គ្រាន់តែ​ទិញ​មី​ ទិញ​ភេសជ្ជៈ​ ប្រគេន​លោក​ក៏​pchum-ben-03បាន​ដែរ​ ឲ្យ​តែ​សប្បាយចិត្ត​ក្នុង​ការ​ធ្វើបុណ្យ​ គឺ​បាន​បុណ្យ​ដូច​គ្នា​។​ «​និយាយ​ទៅ​បាន​ជួយ​ និយាយ​ទៅ​បាន​ ទាំង​សងខាង​ ទាំង​ពីរ​យ៉ាង​ គឺថា​ យើង​បាន​ឧទ្ទិស​ដល់​ អ្នក​មានគុណ​របស់​យើង​ ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ហ្នឹង​ ហើយ​មិន​ត្រឹមតែ​ ប៉ុណ្ណឹង​ក៏​យើង​ ជួយ​ដល់​វត្ត​ ធ្វើ​បាន​លោក​ ឆាន់​ លោក​អីចឹង​ដែរ​។​ ហើយ​ពេល​ខ្លះ​ខ្ញុំ​ខ្ជិល​ធ្វើ​ចង្ហាន់​ចឹ​ង​ទៅ​ ទិញ​ភេសជ្ជៈ​ ហើយ​និង​មី​ ឲ្យ​លោក​ ព្រោះ​អី​លោក​ឆាន់​ក្រោយ​ពេល​ភ្ជុំបិណ្ឌ​ទៀត​ ។​ អី​ក៏​ដោយ​ឲ្យ​តែ​យើង​មានចិត្ត​ធ្វើបុណ្យ​ គឺ​បាន​បុណ្យ​ដូច​គ្នា​។​ អូន​សង្កេត​ ឃើញ​ថា​អ្នក​ធ្វើបុណ្យ​ឆ្នាំ​នេះ​ច្រើន​ដែល​ទេ​?​ ហើយ​ឆ្នាំទៅ​ឆ្នាំ​ហ្នឹង​ខុស​គ្នា​ដូច​ម្ដេច​?​ ខ្ញុំ​ថា​ ឆ្នាំ​ហ្នឹង​រៀង​ច្រើន​ជាង​មុន​ ។​ ឆ្នាំ​មុន​ខ្ញុំ​ឃើញ​មិន​ច្រើន​ដូច​ចឹ​ង​ពេក​ទេ​។​ ដល់​ពេល​ចឹ​ង​ សប្បាយចិត្ត​ និយាយ​ទៅ​ធ្វើបុណ្យ​ណ្ណឹ​ង​ មាន​ចង់​តែ​បាន​បុណ្យ​ខ្លួនឯង​ទេ​ យ៉ាងណា​ក៏​ចង់​ជួយ​ព្រះពុទ្ធ​សាសនា​ដែរ​»​។​

​ជួប​ជាមួយ​យុវតី​ ពាក់​អាស​ដៃខ្លី​តឺ​ណុ​យ​សំពត់​ខ្មៅ​ក្រោម​ជង្គង់​វិញ​ម្ដង​ កញ្ញា​ស្រី​ គាង​ បាន​ ប្រាប់​ថា​ ក្រោយ​ពេល​ បាន​យក​បាយ​សម្ល​ ទៅ​ប្រគេន​ព្រះសង្ឃ​ និង​រាប់បាត្រ​រួច​ហើយ​ បាន​ធ្វើ​ ឲ្យ​នាង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​រីករាយ​ក្នុង​ការ​ធ្វើបុណ្យ​ «​មាន​អារម្មណ៍​សប្បាយចិត្ត​ ហើយ​ត្រេកអរ​ក្នុង​ការ​ធ្វើបុណ្យ​ ហើយ​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ហ្នឹង​បាន​មក​សន្សំ​កុសល​ជា​ថ្មី​ម្ដងទៀត​»​។​

​ស្រី​ គាង​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ដែល​កញ្ញា​ យក​បាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​នេះ​ គឺ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជីដូន​ជីតា​ និង​ញាតិសន្ដាន​ ដែល​បាន​ចែ​យ​ឋាន​ទៅ​ «​ដើម្បី​ជូន​ដល់​យាយ​តា​ បងប្អូន​ទាំងអស់​ ដែល​បាន​ចែក​ឋាន​ទៅ​»​។​

ឈរ​មិន​ឆាយ​ពី​គ្នា​ប៉ុន្មាន​ លោក​ តា​ វ័យ​ប្រហែល​៧០​ឆ្នាំ​ ដៃ​មាន​យួរ​ចានស្រាក់​ គឺ​ លោកតា​ ញឹក​ សា​រុន​ មាន​ប្រសាសន៍​ថា​ តាម​បរម​បុរាណ​មក​ ខ្មែរ​តែងតែ​ទៅ​វត្ត​ យក​បាយ​សម្ល​ទៅ​ ប្រគេន​ព្រះសង្ឃ​  ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់​ទៅ​។​ ហើយ​ទើប​ជំនឿ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ការយ​កបាយ​សម្ល​ទៅ​ប្រគេន​ព្រះសង្ឃ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​អនុវត្ត​ត​គ្នា​បែប​នេះ​រៀង​មក​។​ លោកតា​ បន្ដ​ថា​ កាលណា​បាន​ធ្វើបុណ្យ​ ធ្វើ​ឲ្យ​អារម្មណ៍​pchum-ben-01ដែល​សៅហ្មង​ មានការ​ជ្រះស្រឡះ​ក្នុង​ចិត្ត​ ។​ ប៉ុន្ដែ​បើកាលណា​លោកតា​មិន​បាន​ អញ្ជើញ​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ​ និង​ឧទ្ទិស​កុស​ដល់​ញាតិសន្ដាន​ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មួយ​ឆ្នាំ​ម្ដងនេះ​ទេ​ លោកតា​ មិន​សប្បាយចិត្ត​នោះ​ទេ​។​ «​តាម​បុ​រម​បុរាណ​មក​ចឹ​ង​  យើង​មក​វត្ត​ដើម្បី​យើង​យក​មក​ប្រគេន​លោក​  ប្រគេន​ លោក​ បាន​ដល់​អ្នក​ស្លាប់​ទៅ​។​ បាន​ដល់​អ្នក​ស្លាប់​ទៅ​ ម្ល៉ោះហើយ​ជំនឿ​ជឿ​តាំងពី​ណា​ពី​ណី​មក​ចឹ​ង​ទៅ​ហើយ​ ធ្វើ​តាម​គ្នា​ចឹ​ង​ ព្រោះ​មក​ចឹ​ង​។​ បាន​ធ្វើបុណ្យ​ ធ្វើ​ឲ្យ​អារម្មណ៍​ជ្រះស្រឡះ​ក្នុង​ចិត្ត​ ដូច​ថា​យើង​ សប្បាយចិត្ត​រីករាយ​ បាន​ធ្វើបុណ្យ​តែ​មួយ​ឆ្នាំ​ម្ដង​ ណឹ​ង​ហើយ​ចឹ​ង​ ហើយ​ណាស៎​ កុំ​ឲ្យ​ថា​មិន​បាន​មក​វា​អត់​សប្បាយចិត្ត​ មក​នឹង​គេ​នឹង​ឯង​ចឹ​ង​ទៅ​វា​សប្បាយចិត្ត​ ធូរចិត្ត​»​។​

​គ្រង​ដោយ​សំពត់​ហួល​និង​អាវប៉ាក់​ ឈរ​រង់ចាំ​ស្វាមី​ អ្នកស្រី​ ហៀ​ង​ មាន​ប្រសាសន៍​ថា​ ក្រោយ​ ពេល​ដែល​បាន​យក​បាយ​សម្ល​ទៅ​ប្រគេន​ព្រះសង្ឃ​ និង​ឧទ្ទិស​កុសល​ទៅ​ដល់​ញាតិសន្ដាន​ ដែល​ចែក​ឋាន​រួច​ហើយ​ ធ្វើ​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍​ ជ្រះស្រឡះ​ក្នុង​ចិត្ត​។​ «​មាន​អារម្មណ៍​ថា​ ដូច​យើង​បាន​ធ្វើបុណ្យ​ទៅ​ វា​ស្រឡះ​ក្នុង​ចិត្ត​ចឹ​ង​។​ ដល់​ពេល​យើង​មិន​បាន​មក​ ដូច​យើង​ថា​ ដូច​យើង​មិន​អស់ចិត្ត​។​ មិន​អស់ចិត្ត​ដូច​ថា​ ជីដូន​ ជីតា​អី​ ចាំ​មើល​ចឹ​ង​។​ យើង​មិន​បាន​ធ្វើបុណ្យ​ខ្លាច​គាត់​ចាំ​មើលផ្លូវ​កូនចៅ​ចឹ​ង​»​។​

​ក្នុង​បរិវេណ​សាលាឆាន់​ មាន​ស្ត្រី​ចំណាស់​មួយ​រូប​ គ្រង​ដោយ​សម្លៀក​បំពាក់​អាវ​ស​ សំពត់​បត់​ពណ៌​ខ្មៅ​វែង​ អង្គុយបត់ជើង​ទន្ទឹម​នឹង​ស្ត្រី​វ័យ​ចំណាស់​ជា​ច្រើន​ទៀត​។​

​នោះ​ជា​លោកយាយ​ កង​ ស៊ឹ​ម​ លោកយាយ​មាន​ប្រសាសន៍​ថា​ ការ​ដែល​គាត់​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ និង​ថ្វាយ​ព្រះ​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ មាន​ប្រយោជន៍​ ដោយសារ​តែ​ថា​ បុណ្យ​ដែល​បាន​ធ្វើ​នោះ​ នឹង​បាន​ដល់​ជីដូន​ជីតា​។​ តែបើ​អ្នក​ដែល​បាន​ទៅ​ធ្វើបុណ្យ​ហើយ​ មានចិត្ត​មិន​ស្មោះ​ចំពោះ​ការ​ធ្វើបុណ្យ​នេះ​ ក៏​មិន​បាន​ដល់​ជីដូន​ជីតា​ដែរ​ «​ការ​ធ្វើបុណ្យ​នឹង​មាន​ប្រយោជន៍​ដល់​គុណមាតា​បិតា​ ចែក​ឋាន​ប៉ុនណា​ មានគុណ​ដល់​ណ្ណឹ​ង​ ដែល​គាត់​កើត​ទៅ​ ដែល​គាត់​កើត​ទៅ​ កើត​ទី​ឯណា​ ចេះ​តែ​ធ្វើ​ណ៎ះ​ កូន​ណ៎ះ​។​ ជំនឿ​ពី​ម៉ែ​ ពី​ឪ​យើង​មក​ ស្រេច​តែ​ជំនឿ​ជឿ​វា​អ៊ីចឹង​ហើយ​ ពុទ្ធសាសនា​ហ្នឹង​។​ ម៉ែឪ​យើង​ចែក​ឋាន​ទៅ​ណា​ ហើយ​គាត់​ស្លាប់​នៅ​ទីណា​ អី​ណា​ យើង​ចេះ​តែ​ធ្វើបុណ្យ​បន្ដ​ទៅ​ ចឹ​ង​ទៅ​កូន​ វា​ចឹ​ង​ហើយ​កូន​។​ ហើយ​បើសិន​អ្នក​ដែល​មិន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​លោក​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ​  អត់​បាន​ទេ​ ទាល់​ត្រូវ​យក​មក​ប្រគេន​លោក​ ត្រូវ​ប្រសិទ្ធ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង​មក​កូន​។​ យើង​យក​មក​បង្សុកូល​ ម៉ា​កាក់​ម៉ា​សេន​ម៉ា​បាត​ ថា​សទ្ធា​យើង​ មួយ​រយ​ពី​រយ​ក៏​បាន​ ប៉ុន្មាន​ក៏​បាន​ដែរ​  ដល់​គុណ​ជីដូន​ជីតា​យើង​ ទាំង​ប្រាំពីរ​សន្ដាន​ចែក​ឋាន​ ទៅ​ប៉ុន្មាន​ ។​ លោក​ចែក​ឋាន​ទៅ​កាន់​ ទៅ​ទីណា​ អី​ណា​ លោក​មក​ទទួលផល​យក​ទៅ​ទៅ​។​ បើ​យើង​មិន​ស្មោះ​ចំពោះ​មកនេះ​ មិន​បាន​បុណ្យ​ដែរ​កូន​»​។​
pchum-ben-02
​ត្រឡប់​ទៅ​មើល​ការ​រាប់បាត្រ​ នៅ​ខាងក្រៅ​សាលាឆាន់​វិញ​ ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​គួរសម​ ដែល​ម្នាក់ៗ​កំពុង​មមាញឹក​នឹង​ការ​រាប់បាត្រ​។​ ឈរ​មិន​ឆា្ង​យ​ពី​ទីនោះ​ប៉ុន្មាន​ មាន​លោកតា​មួយ​រូប​ដែល​ទំនងជា​អ្នក​ចាត់ចែង​ការ​រាប់បាត្រ​។​ លោកតា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោកតា​ ជា​អាចារ្យ​នៅ​ក្នុង​វត្ត​នេះ​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​។​ លោកតា​ សា​រឿ​ន​ មាន​ប្រសាសន៍​ថា​ ការ​រាប់បាត្រ​នេះ​ ជា​ប្រពៃណី​ពី​បុរាណ​មក​។​ ហើយ​ការ​រាប់បាត្រ​នេះ​ដែរ​ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ទៅ​ដល់​ញាតិសន្ដាន​ដែល​បាន​ចែ​ន​ឋាន​ទៅ​ «​ជា​ប្រពៃណី​ខ្មែរ​យើង​ពី​បុ​រម​បុរាណ​មក​ ហេតុ​ដូច្នេះ​រាប់បាត្រ​ហ្នឹង​  ដើម្បី​បញ្ជូន​មគ្គផល​ ដល់​ញាតិ​ការ​ប្រាំពីរ​សន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​ ខណៈ​លោក​ខាង​មុខ​ ។​ គឺថា​ យើង​មក​ត្រូវ​រាប់បាត្រ​ហ្នឹងហើយ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​លោក​វេរ​បញ្ជូន​ទៅ​ឲ្យ​យើង​ ពីព្រោះ​អ្នកមាន​សីល​។​ យើង​បញ្ជូន​ខ្លួន​យើង​អត់​ដល់​ទេ​»​។​

​លោក​ តា​ សា​រឿ​ន​ បញ្ជាក់​ ថា​ ការ​មក​ធ្វើបុណ្យ​ទាន​ក្នុង​ថ្ងៃ​បុណ្យ​ ភ្ជុំ​បិ​ណ្ឌេ​នេះ​ ជា​ឱកាស​ ដែល​មាន​តែ​មួយ​ឆ្នាំ​ម្ដង​ ដែល​អាច​បញ្ជូន​កុសលផល​បុណ្យ​ទៅ​កាន់​ជី​ដូ​ជីតា​ «​វា​មាន​អត្ថប្រយោជន៍​ដែល​បាន​ ដូច​ថា​យើង​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង​ ម្ដង​ហ្នឹង​ ដើម្បី​បញ្ជូន​ឲ្យ​ជីដូន​ជីតា​យើង​ដែល​បាន​ស្លាប់​ទៅ​ ជួនកាល​គាត់​ក៏​បាន​ទៅ​កើត​ខ្ពង់ខ្ពស់​ទៅ​ ខ្លះ​ក៏​ទៅ​ជា​ប្រេត​ទៅ​។​ ហេតុ​ដូច្នេះ​ គឺថា​ យើង​យក​ធ្វើ​ក្នុង​ម្ដង​ហ្នឹង​ បញ្ជូន​ទៅ​ឲ្យ​គាត់​។​ បញ្ជូន​ទៅ​ឲ្យ​គាត់​ហ្នឹង​ យើង​បញ្ជូន​ខ្លួនឯង​អត់​បាន​ទេ​ ទាល់តែ​លោក​អ្នកមាន​សីល​។​ ម្ល៉ោះហើយ​ យើង​រាប់បាត្រ​ ដើម្បី​ប្រគេន​ព្រះសង្ឃ​ទៅ​ ហើយ​ព្រះសង្ឃ​វេរ​បញ្ជូន​ទៅ​ឲ្យ​»​។​

​ជម្រាប​ជូន​ដែរ​ថា​ ភ្ជុំបិណ្ឌ​ ជា​ពិធីបុណ្យ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ​ជា​ច្រើន​ ដែល​ប្រជា​ ពលរដ្ឋ​ខ្មែរ​តែង​ប្រារ​ព្វ​ពិធី​នេះ​ឡើង​តាំងពី​យូរណាស់​មក​ហើយ​។​  រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅ​តែ​មានការ​គោរព​ និង​ប្រតិបត្តិ​ពី​ប្រជាពលរដ្ឋ​ខ្មែ​៕

Share

Image
Image
Image