ភ្នំពេញ៖ ប្រជាកសិករបើកគោយន្តទៅចំការបានកិនគ្រាប់មីនតោនមួយគ្រាប់សេសសល់កាលពីសម័យសង្គ្រាមផ្ទុះបណ្តាលឱ្យរងរបួសស្រាលបីនាក់។ ប៉ូលិសស្រុក អះអាងថា ពួកគាត់មានស្ថានធូរស្រាលឡើងវិញហើយ។
លោក ធូ វិរៈ រាយការណ៍

កាលពីថ្ងៃ ពុធ ទី ២៦ កញ្ញា នៅសប្ដាហ៍នេះ កសិករនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកគោយន្តទៅចំការ ដោយបានកិនមីនតោនមួយគ្រាប់សល់ពីសម័យសង្គ្រាមផ្ទុះបណ្តាលរងរបួសស្រាលបីនាក់ ហើយគោយន្តខូចខាតស្ទើរទាំងស្រុង។
យោងតាមរបាការណ៍ប៉ូលិស បញ្ជក់ថា កសិករបើកគោយន្តកិនមីនតោនមួយគ្រាប់ផ្ទុះនៅវេលាម៉ោង ៣ រលៀស ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
របាយការណ៍នេះបន្ថែមថា ជនរងគ្រោះទាំងបីនាក់ ឈ្មោះ ទិត្យ រីទ្ធី ភេទប្រុស អាយុ ៤៣ ឆ្នាំ។ លោក កឹម សុភ័ក្ត្រា អាយុ ៣៣ ឆ្នាំ និង លោក ភឿន សុភាព អាយុ ៣០ ឆ្នាំ ជាអ្នកបើកគោយន្ត។
លោកវរៈសេនីយ៍ត្រី ឱ សេង អធិការស្រុកជាំក្សាន្ត ប្រាប់វិទ្យុស្ត្រីថា ជនរងគ្រោះពីរនាក់របួសស្រាល ហើយអ្នកបើកគោយន្តគ្មានរបួសអ្វីទេ តែគោយន្តរងការខូចខាតស្ទើរទាំងអស់។ ពួកគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។
លោក ឱ សេង៖«និយាយចំទៅថាវាអត់មានដាចអ្វីទេ វាគ្រាន់តែខ្ទំក្នុងអញ្ចឹងណា ហើយបងប្អូនគាត់បញ្ជូនទៅពេទ្យបង្អែកស្រុកជាំក្សាន្តខេត្តព្រះវិហារ ឥឡូវបានធូរហើយ ម្នាក់ទៀតអត់មានរបួសអ្វីផង តៃកុងអត់របួសផង»។
លោក ឱ សេង អធិការស្រុកជាំក្សាន្ត បញ្ជាក់ថា គ្រាប់មីនកប់នៅក្នុងដីច្រើនណាស់ក្នុងព្រៃក្នុងខេត្តព្រះវិហារ។លោកថា ករណីផ្ទុះនេះជាករណីទី៣ សម្រាប់ឆ្នាំនេះ។
បើយោងតាមរបាយការណ៍អាជ្ញាធរមីនកម្ពុជាគឺ ចាប់ពីខែ មករា ឆ្នាំ ២០១៧ ដល់ ខែ មិថុនា ឆ្នាំ ២០១៨ បង្ហាញថា ខេត្តព្រះវិហារ បាត់ដំបង ឧត្តមានជ័យ កំពង់ចាម និងកំពង់ស្ពឺ ជាខេត្តរងផលប៉ះពាល់ខ្លាំងបំផុតដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយអ្នករងរបួស និងស្លាប់ដោយគ្រាប់មីន និងយុទ្ធមិនទាន់ផ្ទុះសរុបចំនួន ៥០ នាក់ នៅក្នុងខេត្តទាំងនោះ។
អ្នករងគ្រោះភាគច្រើនជាបុរសមានរហូត ៦២ភាគរយ និងស្រ្តីមាន ៩ ភាគរយ ហើយជនរងគ្រោះជាក្មេងប្រុស ២២ ភាគរយ និងក្មេងស្រី ៧ ភាគរយ។ ជនរងគ្រោះ ដោយសារគ្រាប់មីន ២៨ ភាគរយ និងរងគ្រោះដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះមានរហូតដល់ ៧២ ភាគរយ។
លោក អេង ភាព ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអាជ្ញាធរមីន បង្ហាញរបាយការណ៍រយៈ៨ ខែ ដើមឆ្នាំ ២០១៨ ថា ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនផ្ទុះគ្រប់ប្រភេទមានចំនួន ៤៣ នាក់។ក្នុងចំណោមនោះមានបុរស ២៥ នាក់ ស្ត្រី ៣ នាក់ កុមារា ១៣ នាក់ និងកុមារី ២ នាក់។
លោក អេង ភាព បន្ថែមថា ជនរងគ្រោះរហូតដល់ស្លាប់មាន ៨ នាក់ និងរងបួស និង ពិការ ៣៤ នាក់។
បើយោងតាមរបាយការណ៍អាជ្ញាធរមីនចាប់ពីឆ្នាំ ២០០០ មកដល់ ៨ ខែដើមឆ្នាំ ២០១៨ ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនផ្ទុះគ្រប់ប្រភេទមានចំនួន ៧៦៣៦ នាក់ ក្នុងនោះស្លាប់ ១៤៤៤ នាក់ និងរបួស ៦១៩២ នាក់៕