សមាជិកសភានៃប្រទេសកាណាដា កាលពីថ្ងៃទី២៧កញ្ញា បានបោះឆ្នោតជាឯកច្ឆន្ទសម្រេចដកសញ្ជាតិកិត្តិយសឋានៈជាពលរដ្ឋនៃប្រទេសកាណាដាពីលោកស្រី អង់ សានសូជី សមាជិកក្រុមប្រឹក្សារដ្ឋភូមាដោយសារវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា។
សភាប្រទេសកាណាដាបានផ្ដល់អោយលោកស្រីនូវឋានៈជាសញ្ជាតិកាណាដា ដោយសារលោកស្រី បានទទួលពានរង្វាន់នូប៊ែលពិភពលោកក្នុងការ លើកស្ទួយសិទិ្ធមនុស្ស និងប្រជាធិបតេយ្យនៃប្រទេសភូមា។
សភាប្រទេសកាណាដាបានផ្ដល់ឋានៈជាសញ្ជាតិកាណាដាទៅអោយលោកស្រី សូជី នៅឆ្នាំ២០០៧។
អ្នកនាំពាក្យ ក្រសួងការបរទេសកាណាដា លោក Adam Austen ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Channel News Asia បាននិយាយថាសមាជិកសភា បានអនុម័តដូចនេះ ដោយសំឡេងគាំទ្រលើសលប់អោយដកឋានៈសញ្ជាតិពលរដ្ឋកាណាដាពីលោកស្រី។
លោកស្រីអ៊ុងសានសូជី គឺជាសមាជិកក្រុមប្រឹក្សារដ្ឋផងនិងជារដ្ឋមន្ត្រីការបរទេសភូមាផងដែរ។ លោកស្រីគឺជាមេដឹកនាំគណបក្ស សម្ព័ន្ធជាតិដើម្បីលទិ្ធប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៃប្រទេសភូមា។ លោកស្រីត្រូវបានរិះគន់ថា បណ្ដោយអោយពួកយោធាបង្ក្រាបទៅលើសហ គមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ដោយបណ្ដាលអោយមនុស្សស្លាប់ជាច្រើនរយនាក់ និងបង្ខំអោយសហគមន៍នេះ ភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេស ជាង ៦៥ម៉ឺននាក់។ ឮករណីនេះ ឧត្តមសេនីយយោធា ជាង ១០នាក់ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅរបស់អង្គការសិទ្ធិមនុស្សករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ពួកឧត្តមសេនីយទាំងនេះក៏កំពុងប្រឈមនឹងស៊ើបអង្កេតនិងកាត់ទោស ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ៕