en     km
en     km

កុមារ​គ្មាន​ការ​ថែទាំ​ពី​គ្រួសារ​ នឹង​ត្រូវ​ទទួល​កិច្ច​គាំទ្រ​បន្ថែម​ ពី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​

Share

​ភ្នំពេញ​ ៖​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ (​ក្រសួង​ ស​.​អ​.​យ​)​ ដោយ​មានការ​គាំទ្រ​ពី​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ​ (​យូ​នី​សេ​ហ្វ​)​ បាន​ប្រកាស​ផ្សព្វផ្សាយ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ម្សិលមិញ​ ដើម្បី​ជា​មគ្គុទ្ទេសក៍​ណែនាំ​ដល់​ការ​បន្ត​កិច្ច​ខិតខំ​នៅ​ថ្នាក់​ជាតិ​ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ថែទាំ​កុមារ​ ក្នុង​គោលដៅ​កាត់​បន្ថយ​ចំនួន​មណ្ឌល​ថែទាំ​កុមារ​ និង​បង្កើន​សេវា​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​។​

​ឯកសារ​ទី​មួយ​ គឺជា​ផែនការ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​កិច្ច​គាំទ្រ​គ្រួសារ​ ការ​ថែទាំ​ដោយ​ឪពុក​ម្ដាយធម៌​ និង​ស្មុំ​កូន​ក្នុង​ប្រទេស​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​ការិយាល័យ​អចិន្ត្រៃយ៍​នៃ​សន្និសីទ​ក្រុង​ឡា​អេ​ស្ដី​ពី​ច្បាប់ឯកជន​អន្តរជាតិ​(HCCH)​ និង​សេវា​សង្គម​អន្តរជាតិ​ (ISS)​។​ ផែនការ​នេះ​ ដាក់​ចេញ​នូវ​ចំណាត់ការ​សំខាន់ៗ​ ដែល​ក្រសួង​ ស​.​អ​.​យ​ ស្ថាប័ន​រដ្ឋាភិបាល​ដទៃ​ទៀត​ និង​ដៃគូ​នានា​ ត្រូវការ​ចាំបាច់​ ដើម្បី​កែ​លម្អ​សេវា​ថែទាំ​សម្រាប់​កុមារ​ដែល​គ្មាន​ការ​ថែទាំ​ពី​ឪពុក​ម្ដាយ​ សំដៅ​ធានា​ថា​កុមារ​នៅ​តែ​អាច​រស់នៅ​ក្នុង​បរិយាកាស​គ្រួសារ​ដែល​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍ​ពេញលេញ​របស់​ពួក​គេ​។​

​លោក​ វង​ សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ បាន​មាន​ប្រសាសន៍​ថា​ “​ក្រសួង​ ស​.​អ​.​យ​ បាន​ចាប់ផ្ដើម​អនុវត្ត​អនុសាសន៍​មួយ​ចំនួន​នៅ​ក្នុង​ផែនការ​នេះ​រួច​ហើយ​។​ ជា​ការងារ​អាទិភាព​ ក្រសួង​នឹង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​អំពី​កុមារ​គ្រប់​រូប​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​ជំនួស​ ដើម្បី​ធានា​ថា​កុមារ​គ្រប់​រូប​ទទួល​បាន​ប្រយោជន៍​ពី​ជម្រើស​ការ​ថែទាំ​ល្អ​បំផុត​។​ យើង​ក៏​កំពុង​អភិវឌ្ឍ​នីតិវិធី​ និង​ឧបករណ៍​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ស្ដី​ពី​ការ​ថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ​ ការ​ថែទាំ​ដោយ​ឪពុក​ម្ដាយធម៌​ និង​ស្មុំ​កូន​ក្នុង​ប្រទេស​ផង​ដែរ​។​ យើង​ចាំបាច់​ត្រូវ​រៀបចំ​ឱ្យ​មាន​កិច្ច​ការពារ​ប្រកបដោយ​សុវត្ថិភាព​ និង​បទដ្ឋាន​កាន់តែ​រឹង​មាំ​ជាង​មុន​។​ យើង​ត្រូវ​ធ្វើការ​ប៉ាន់​ប្រមាណ​ រៀបចំ​ត្រៀមលក្ខណៈ​ និង​តាមដាន​ដោយ​ប្រុង​ប្រយ័ត្ន​ ទៅ​លើ​អ្នក​ថែទាំ​ជា​ឪពុក​ម្ដាយធម៌​ និង​ឪពុក​ម្ដាយចិញ្ចឹម​គ្រប់​រូប​ ដើម្បី​ធានា​ថា​ពួក​គេ​ផ្ដល់​ការ​ថែទាំ​បាន​ល្អ​ដល់​កុមារ​។​”

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​ឱ្យ​ភ្ញាក់ផ្អើល​មាន​កុមារ​ជា​ច្រើន​អ្នក​កំពុង​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​ បើ​ទោះបីជា​ពួក​គេ​ភាគច្រើន​ យ៉ាង​ហោច​ណាស់​នៅ​មាន​ឪពុក​ ឬ​ម្ដាយ​ម្នាក់​នៅ​រស់នៅ​ទ្បើ​យ​។​ ជា​លទ្ធផល​ ការ​ថែទាំ​កុមារ​តាម​មណ្ឌល​ បាន​ក្លាយជា​សេវា​ចម្បង​សម្រាប់​កុមារ​ងាយ​រង​គ្រោះ​ បើ​ទោះបីជា​គោលការណ៍​ណែនាំ​របស់​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ចែង​ថា​កុមារ​គ្រប់​រូប​មាន​សិទ្ធិ​ចម្រើន​វ័យ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន​ លើកលែងតែ​ស្ថានភាព​គ្រួសារ​របស់​ពួក​គាត់​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយ​គ្រួ​សារបាន​។​

​លោកស្រី​ ដេ​បូ​រ៉ា​ កូ​មី​នី​ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសា​ស​ថា​ “​កុមារ​មិន​គួរ​ត្រូវ​បាន​បំបែក​ពី​ឪពុក​ម្ដាយ​ ដោយសារ​តែ​ភាព​ក្រីក្រ​នោះ​ទេ​។​ គ្រួសារ​គួរ​ទទួល​បាន​កិច្ច​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ផ្តល់​ការ​ថែទាំ​សម​ស្រប​ដល់​កូន​របស់​ពួក​គាត់​បាន​”​។​ លោកស្រី​ បាន​បន្ថែម​ទៀត​ថា​ “​បើ​ទោះបីជា​នៅ​ពេល​គ្រួសារ​ពុំ​មាន​លទ្ធភាព​អាច​ផ្ដល់​ការ​ថែទាំ​គ្រប់គ្រាន់​ដល់​កុមារ​ក៏​ដោយ​ ក៏​ពួក​គេ​គួរ​ទទួល​បាន​កិច្ច​គាំទ្រ​ថែទាំ​ជំនួស​សម​ស្រប​នៅ​សហ​គម​ន៏​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ និង​នៅ​តែ​អាច​បង្ក​លក្ខណៈ​ឱ្យ​ពួក​គេ​អាច​លូតលាស់​នៅ​ក្នុងផ្ទះ​មួយ​ប្រកបដោយ​ក្ដី​ស្រឡាញ់​ និង​ទទួល​បាន​សិទ្ធិ​ទាំងអស់​របស់​ខ្លួន​”​។​

​ការ​ថែទាំ​តាម​គ្រួសារ​ ដូច​ជា​ការ​ថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ​ ការ​ថែទាំ​ដោយ​ឪពុក​ម្ដាយធម៌​ និង​ស្មុំ​កូន​ក្នុង​ប្រទេស​ គឺជា​ជម្រើស​ថែទាំ​ជំនួស​នៅ​តាម​សហគមន៍​ជំនួស​ការ​ថែទាំ​នៅ​តាម​មណ្ឌល​ ដែល​ក្រសួង​ ស​.​អ​.​យ​ និង​យូ​នី​សេ​ហ្វ​ ព្រមទាំង​ដៃគូ​ដទៃ​ទៀត​កំពុង​លើកកម្ពស់​។​ បើ​ទោះជា​ដូច្នេះ​ក្ដី​ ការ​ថែទាំ​ក្នុង​ទម្រង់​ទាំង​អស់នេះ​ ទាមទារ​ឱ្យ​មាន​បទដ្ឋាន​ និង​ការ​ត្រួតពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ធានា​ដល់​កិច្ច​ការពារ​កុមារ​ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។​

​ផែនការ​អភិវឌ្ឍ​សមត្ថភាព​នេះ​ ក៏​បាន​រក​ឃើញ​បញ្ហា​ប្រឈម​ចម្បងៗ​ចំនួន​ពីរ​ដែល​នៅ​សេសសល់​ ហើយ​ត្រូវ​ដោះស្រាយ​មុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើង​វិញ​។​ ទី​មួយ​ ស្មុំ​កូន​អន្តរប្រទេស​ គប្បី​ត្រូវ​បាន​ដាក់​បញ្ចូល​ឱ្យ​បាន​សម​ស្រប​ទៅ​ក្នុង​ប្រព័ន្ធ​ការពារ​កុមារ​ក្នុង​ប្រទេស​ ដោយ​ផ្តល់​អាទិភាព​លើ​ដំណោះស្រាយ​ថែទាំ​តាម​គ្រួសារ​ក្នុង​ប្រទេស​។​ ទី​ពីរ​ ចាំបាច់​ត្រូវ​អនុវត្ត​ឱ្យ​បាន​គ្រប់គ្រាន់​នូវ​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​ តាម​រយៈ​ការ​ធានា​ឱ្យ​បាន​ថា​ អាជ្ញាធរ​ទាំងអស់​ដែល​ចូលរួម​នៅ​ក្នុង​នីតិវិធី​ស្មុំ​កូន​ មាន​អំណាច​ ធនធាន​ ចំណេះដឹង​ និង​បទ​ពិសោធ​ចាំបាច់​ ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​កុមារ​ និង​ស្មុំ​កូន​នៅ​ក្នុង​ប្រទេស​។​

​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ថ្ងៃនេះ​ ក្រសួង​ ស​.​អ​.​យ​ ក៏​បាន​ផ្សព្វផ្សាយ​នូវ​ការ​សិក្សា​ស្ដី​ពី​ការ​អនុវត្ត​ថែទាំ​ជំនួស​ចំពោះ​កុមារ​នៅ​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​ រាប់​បញ្ចូល​ការ​ថែទាំ​នៅ​តាម​វត្ត​អារាម​ផង​ដែរ​។​ ការ​សិក្សា​នេះ​ គឺជា​ការ​សិក្សា​លើក​ ទី​មួយ​ក្នុង​វិស័យ​នេះ​ ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ទម្រង់​នៃ​ការ​ថែទាំ​ជំនួស​ផ្សេងៗ​ ដែល​បាន​នឹង​កំពុង​អនុវត្តន៍​នៅ​ក្នុង​សហគមន៍​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ កន្លែង​ថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ​ និង​ដោយ​ឪពុក​ម្ដាយធម៌​ទាំងអស់​ ពុំ​សុទ្ធតែ​បាន​ចុះបញ្ជី​ជាមួយ​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​នោះ​ទេ​ ម្យ៉ាងវិញទៀត​ គ្រួសារ​សាច់ញាតិ​ និង​ឪពុក​ម្ដាយធម៌​ដែល​ផ្តល់​ការ​ថែទាំ​កុមារ​ គប្បី​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ រៀបចំ​ត្រៀមលក្ខណៈ​ និង​ទទួល​បាន​កិច្ច​គាំទ្រ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ​។​ បន្ថែម​ពី​នេះ​ទៀត​ នៅ​ពុំ​ទាន់​មាន​បទដ្ឋាន​អប្បបរមា​សម្រាប់​ការ​ថែទាំ​កុមារ​នៅ​តាម​អន្តេវាសិកដ្ឋាន​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស​គួរ​ផ្ដល់​ព័ត៌មាន​ដល់​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ អំពី​ចំនួន​កុមារ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នោះ​។​ លើស​ពី​នេះ​ ការ​សិក្សា​បាន​ស្នើ​ថា​ វត្ត​អារាម​ និង​មណ្ឌល​សាសនា​ដទៃ​ទៀត​ ដែល​ផ្តល់​ការ​ថែទាំ​កុមារ​លើស​ពី​១០​នាក់​ គប្បី​ជ្រើសរើស​អ្នក​ថែទាំ​ម្នាក់​ដែល​បាន​ទទួល​បានការ​បណ្ដុះបណ្ដាល​ ដើម្បី​បម្រើ​ការងារ​ផ្តល់​ការ​ថែទាំ​ពេញ​ម៉ោង​។​

​ការ​សិក្សា​នេះ​ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​បង្កើន​ចំនួន​បុគ្គលិក​សង្គមកិច្ច​ ដែល​មាន​អាជីព​វិជ្ជាជីវៈ​នៅ​ក្នុង​ក្រសួង​ ស​.​អ​.​យ​ និង​អង្គការ​ដៃគូ​ ដើម្បី​ធ្វើការ​គ្រប់គ្រង​ករណី​ និង​ផ្តល់​សេវា​គាំទ្រ​ដល់​កុមារ​ និង​គ្រួសារ​ងាយ​រង​គ្រោះ​នៅ​ក្នុង​សហគមន៍​ ឱ្យ​បាន​សម​ស្រប​។​

​លោក​ វង​ សូត​ មាន​ប្រសាសន៍​ថា​ “​ក្រសួង​ ស​.​អ​.​យ​ ពិចារណា​ទៅ​លើ​អនុសាសន៍​ស្តី​ពី​ការ​បង្កើន​ចំនួន​បុគ្គលិក​សង្គមកិច្ច​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ ជា​អាទិភាព​ មិនមែន​សម្រាប់​តែ​កិច្ច​ការពារ​កុមារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ច​ខិតខំ​ផ្នែក​គាំពារ​សង្គម​ រាប់​បញ្ចូល​ទាំង​កម្មវិធី​ជាតិ​សង្ឃ​ហ​ធម៌​សង្គម​ផង​ដែរ​”​។​ លោក​បាន​បន្ថែម​ថា​ “​ដោយ​មាន​កិច្ច​គាំទ្រ​ពី​យូ​នី​សេ​ហ្វ​ ក្រសួង​ ស​.​អ​.​យ​ កំពុង​អនុវត្ត​ករណី​គំរូ​មួយ​សម្រាប់​ការងារ​សង្គមកិច្ច​ ដែល​យើង​នឹង​ប្រើប្រាស់​ករណី​នេះ​ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​ធនធាន​ហិរញ្ញវត្ថុ​ និង​ធនធានមនុស្ស​នៅ​កម្រិត​ថ្នាក់​ជាតិ​ លើ​ការងារ​សង្គមកិច្ច​។​”៕

Share

Image
Image
Image