កាលពីថ្ងៃទី ២៦ កញ្ញា តុលាការរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសមន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកម្នាក់រយៈពេលប្រាំតែសាលក្រមនេះ បានផ្ទេរដោយការព្យួរទោសទៅវិញ។ ករណីនេះ អង្គការជាតិនិងអង្គការក្នុងស្រុក ជិត១០០ បានចេញសេចក្ដីសម្ដែងការខកចិត្តនិងថ្កោលទោសសាលក្រមនេះ។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួង យុត្តិធម៌ធ្លាប់ប្រតិកម្មនឹងអង្គការទាំងនេះម្ដងហើយដោយចាត់ទុកថាជាអំណាចនៃតុលាការកម្ពុជា។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
សេចក្ដីថ្លែងការណ៍របស់អង្គការទាំងនេះ បានធ្វើឡើងក្រោយពី២ថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចអោយលោកនីចរិយាអតីតមន្ត្រីការពារសិទិ្ធមនុស្ស នៃសមាគមអាដហុក ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោកនីសុខា លោក យីសុខសាន លោកណៃ វង់ដា និងលោកស្រីលឹមមុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកក្នុងម្នាក់ៗមានទោស ៥ឆ្នាំ។
មន្ត្រីទាំង៥រូបនេះត្រូវបាន គណៈកម្មាធិាការប្រឆាំងអំពើពុករលួយប្ដឹងទៅតុលាការក្រោមបណ្ដឹងសូកប៉ាន់ សាក្សី នាងខុមចាន់តារី ហៅស្រីមុំហើយក្រោយមកតុលាការបានឃុំខ្លួនជាង១៤ខែ។ ពួកគេត្រូវបានដោះអោយក្រៅឃុំរហូតមានការចេញសាលក្រមកាត់ទោស ៥ឆ្នាំដោយព្យួរទោស។
អង្គការអន្តរជាតិដែលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស មានដូចជាអង្គការលើកលែងអន្តរជាតិ Amnesty International អង្គការ វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ អង្គការFreedom House អង្គការ ការពារឈានមុខ។ ចំណែកអង្គការក្នុងស្រុកមានចំនួន ៩៤ អង្គការក្នុងនោះ អង្គការខុមហ្វ្រែល អង្គការលីកាដូ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាជាដើម។
អង្គការជាតិនិងអន្តរជាតិ ទាំងនេះ បានទាមទារអោយ សហគមន៍អន្តរជាតិជំរុញទៅរដ្ឋាភិបាលកម្ពុជាអោយដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ ហើយដកចេញនូវការចោទប្រកាន់និងការផ្តន្ទាទោសទាំងអស់ ដោយគ្មានលក្ខខណ្ឌ បញ្ចប់ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកែប្រែ ឬលុបចោលច្បាប់ទាំងឡាយដែលបិទសិទិ្ធសេរីភាពពលរដ្ឋ។
វិទ្យុស្រ្តីមិនអាច សុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំបានទេ ដោយគ្មានប្រភពទាក់ទង។ តែយ៉ាងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិតម៉ាលីនធ្លាប់ច្រានចោលរាល់ការចោទថា កម្ពុជា កាត់ទោស អ្នកការពារសិទិ្ធមនុស្សក្រោមហេតុផលនយោបាយ។ អ្នកនាំពាក្យរូបនេះថា តុលាការមានបុព្វសិទ្ធរបស់ខ្លួនដើម្បីធ្វើសេចក្ដីសម្រេចកាត់ទោស ជនជាប់ចោទ ទៅតាមច្បាប់និងភស្តុតាងដាក់បន្ទុក។
គួររំលឹកថា អ្នកទាំងប្រាំរូបនេះ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «សូកប៉ាន់សាក្សី»។ ពួកគាត់ត្រូវបានចោទថា ជាប់ពាក់ព័ន្ធនឹងករណីផ្តល់សេវាគាំទ្រទៅកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ ដែលត្រូវបានគេចោទប្រកាន់ថា ជាស្រីកំណាន់របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ករណីនេះ នាំអោយ លោក កឹម សុខា ឃុំខ្លួនឯងនៅក្នុងស្នាក់ការគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែលើរយៈពេល៦ខែ ទើបមានដំណោះស្រាយមួយធ្វើ់ឡើង ក្រោយពី លោក កឹម សុខា សន្ទនាជាមួយសម្ដេច ហ៊ុន សែន តាមទូរស័ព្ទ ហើយសម្ដេចបានថ្វាយលិខិតទៅព្រះមហាក្សត្រ សុំការលើកលែងទោស ៕