ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត បានចោទសួរពី«ភាពស្អាតស្អំ»នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ខែ កក្កដា ដែលបក្សនេះបាន ដណ្តើមអាសនៈសភាទាំងអស់ ។ លោកស្រីថាជ័យជម្នះរបស់គណបក្សកាន់អំណាចនេះនឹងនាំកម្ពុជាក្លាយជារដ្ឋឯកបក្សនៅអាណត្តិថ្មីនេះ។
ប្រតិកម្មទៅនឹងតំណាងអង្គការសហប្រជាជាតិ ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជជាតិបានសម្តែងការខកចិត្ត ដោយចាត់ទុកថា សេចក្ដីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត មិនស្របនឹងភាពជឿនលឿននៃលំហប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
លោកធូវិរៈជូនសេចក្តីរាយការណ៍!
មហាសន្និបាតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅកាលពីថ្ងៃពុធទី២៦កញ្ញានៅទីក្រុងហ្សេណែវប្រទេសស្វិស។ក្នុងឱកាសនោះលោកស្ត្រីរ៉ូណាស្មីត(RhonaSmith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីអំពីសិទ្ធមនុស្សនៅកម្ពុជា បានចោទសួរអំពី«ភាពស្អាតស្អំ» នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាច្រើនទសត្សរ៍មកហើយនោះត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រក្នុងការដឹកនាំរយៈពេល៥ឆ្នាំទៅមុខទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៦ កញ្ញា ម្សិលមិញ។
លោក ស្រី រ៉ូណា ស្មីត បានសួរជាថ្មីអំពីស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជា ដោយភ្ជាប់នឹងការបោះឆ្នោត ដែលលោស្រីបានសួរអំពី«ភាពស្អាតស្អំ»។
លោកស្រីក៏បានភ្ជាប់ករណីចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ការរឹតត្បិតសេរីភាពព័ត៌មាន និងសង្គមស៊ីវិលផងដែរ។
លោកស្រី រ៉ូណា ស្មីត កត់សម្គាល់ដូចនេះថា៖«ហេតុដូច្នេះកម្ពុជាក្លាយជារដ្ឋឯកបក្សតាមព្រឹត្តន័យ ហើយប្រជាធិបតេយ្យសេរីពហុបក្សមានចែងនៅក្នុងរដ្ឋធម្មនុញ្ញត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រក្នុងរយៈពេល៥ឆ្នាំទៀតក្នុងអាណត្តិរដ្ឋសភាបច្ចុប្បន្ន»។
ការបោះឆ្នោតកាលពីចុងខែកក្កដា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះតែម្នាក់ឯង ដោយទទួលបានអាសនៈរដ្ឋសភាទាំងអស់ ១២៥ ទោះបីជា បោះឆ្នោតនោះ មានគណបក្ស ចំនួន២០បានចូលរួមក៏ដោយ។ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសម្ដែងមោទនភាពដែលការបោះឆ្នោតលើកនេះ មានគណបក្សចូលរួមច្រើនជាងអាណត្តិមុនដល់ទៅជាង២ដង។
គណបក្សសង្គ្រោះជាតិមិនបានចូលរួមទេព្រោះត្រូវបានតុលាការកំពូលរំលាយកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ខណៈដែលមន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨ រូប ត្រូវបានហាមធ្វើនយោបាយរយៈពេល៥ ឆ្នាំ។
លោកស្រី រ៉ូណា ស្មីត បន្ថែមថា ការប្រើប្រាស់ច្បាប់ដាក់កំហិតការសម្តែងមតិទៅលើប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយមានជំហរជំទាស់ អង្គការសង្គមស៊ីវិល រួមទាំងការចោទប្រកាន់ដោយបទព្រហ្មទណ្ឌផងគឺជាការបំបិទសេរីភាពមួយនៅកម្ពុជា។
ខណៈដែលលោកស្រីបានបញ្ចេញរបាយការណ៍វាយបន្ថោក កម្ពុជានៅលើឆាកអន្តរជាតិបែបនេះ លោក ណី សំអុលឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជជាតិបានសម្តែងការខកចិត្តជាខ្លាំងដែលលោកស្រី រ៉ូណា ស្មីត លើកឡើងពីផលអវិជ្ជមានច្រើន ដោយមិនបានផ្តល់តម្លៃលើសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើអោយ លទ្ធិប្រជាធិបតេយ្យមានភាពជឿនលឿន តាមរយៈការបោះឆ្នោតដែលពលរដ្ឋកម្ពុជាបានចេញទៅបោះឆ្នោតជាង៨០ភាគរយ គឺស្ដែងច្បាស់ណាស់ថាកម្ពុជាកំពុងលើកតម្លើនសិទិ្ធមនុស្ស។
តាមរយៈសេចក្ដីថ្លែងការណ៍ លោក ណី សំអុល តំណាងប្រទេសកម្ពុជា បានចាត់ទុករបាយករណ៍របស់លោកស្រី រ៉ូណា ស្មីត មានមូលដ្ឋានតែទៅលើប្រភពមិនឯករាជ្យដែលមិនអាចទុកចិត្តបាន និងមានលក្ខណៈនយោបាយ ។ លោកថា ការរៀបចំរបាយការណ៍នេះមិនត្រឹមត្រូវ ពិសេសតែព័ត៌មានផ្តល់ពីអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។
លោក ណី សំអុល បន្តថា អវត្តមានអតីតគណបក្សប្រឆាំងតែមួយមិនគួរបកស្រាយថាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិនៅកម្ពុជាមានការរំលោភបំពាននិងរឹតត្បិតនោះទេ។
យ៉ាងនេះក្ដី លោកស្រី រ៉ូណា ស្មីត បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងរួមគ្នាលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា «ខ្ញុំសូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតអោយបរិយាកាសអំណោយផលដល់សង្គមស៊ីវិលអាចដំណើរការ ដែលជាជំហានដ៏សំខាន់ក្នុងការបង្កើតឱកាសសម្រាប់ការពិភាក្សាដោយសេរីផ្តល់ព័ត៌មានលើបញ្ហានានា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសន្តិភាពយូរអង្វែងនៅកម្ពុជា»។
ដោយប្រតិកម្ម ដដែលនេះ លោក ណី សំអុល លើកឡើងថា ទោះបីជាមានការវាយតម្លៃអវិជ្ជមានជាច្រើន ក៏កម្ពុជានៅតែប្តេជ្ញាចិត្តបន្តលើកកម្ពស់ការពារ និងគោរពសិទ្ធិដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
គេរំពឹងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្ហាញថែមទៀតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនេះ។ សម្ដេចបានបញ្ជាក់នៅលើហ្វេសប៊ុករបស់សម្ដេចថាការថ្លែងទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលមានសម្ដេចជាតំណាងប្រទេសកម្ពុជា គឺជាការស្ដារមុខមាត់កម្ពុជាឡើងវិញនៅឆាកអន្តរជាតិដោយសាររយៈពេលចុងក្រោយនេះ ក្រុមប្រឆាំងបានបង្ខូចមុខមាត់កម្ពុជាយ៉ាងខ្លាំង៕