ភ្នំពេញ ៖ ក្រពើភ្នំ មួយក្បាលដែលបានជាប់មងពលរដ្ឋនៅខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកញ្ញា ត្រូវបានអាជ្ញាធរខេត្ដនេះ សម្រេចយកទៅព្រលែងវិញនៅថ្ងៃទី២៦ កញ្ញា បន្ទាប់ពីអាជ្ញាធរបានប្រជុំគ្នារួច។ ក្រពើនេះមានទម្ងន់រហូតដល់ ១៧០គីឡូ និងមានប្រវែង ២ម៉ែត្រ ៩៣សង់ទីម៉ែត្រ (២.៩៣ម)។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៧ ខែកញ្ញាថា ក្រពើភ្នំ ដែលជាប់មងនោះ គឺជាប្រភេទសត្វកម្រ ហើសត្វក្រពើនេះ គឺប្រជាពលរដ្ឋតែងឃើញជារឿយៗ ប៉ុន្ដែវាមិនដែលវាយប្រហារមនុស្សឡើយ។ លោកបន្ដថា ក្រពើភ្នំនេះ គឺជាក្រពើ ទី៩២ ដែលត្រូវបានគេព្រលែងនៅតំបន់នេះ កាលពីឆ្នាំ២០១១។
លោកប្រធានមន្ទីរកសិកម្ម បន្ដថា ដំបូងឡើយអង្គការ វាយអេត ស្នើយកទៅដាក់នៅភ្នំតាម៉ៅ ក៏ប៉ុន្ដែប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ដនេះ យល់ថា ក្រពើនេះធ្លាប់រស់នៅតំបន់នេះយូរមក ទើបសម្រេចព្រលែងនៅកន្លែងដើមវិញ។ ក្រពើភ្នំ គឺជាសត្វកម្រ លោក ឡាយ វិសិដ្ឋ អំពាវនាវសុំឲ្យពលរដ្ឋ អ្នកនេសាទ ឬព្រានព្រៃ ចូលរួមក្នុងការថែរក្សាសត្វព្រៃកម្រផ្សេងៗ ប្រសិនបើនេសាទ ឬបរបាញ់បាន សត្វកម្រនៅមានជីវិត គួរតែព្រលែងទៅវិញ ដើម្បីរក្សាពួកវា ៖«អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដល់អ្នកនេសាទ ក៏ដូចជាព្រានព្រៃអីហ្នឹង។ បើឃើញសត្វកម្រៗអស់ហ្នឹង គឺថា បើមានចាប់បានហើយវាមិនស្លាប់ គួរតែលែងវាទៅវិញទៅដើម្បីអភិរក្ស ការរស់នៅលើទឹកដីយើងវិញ។ នេះគឺជាការអំពាវនាវសំណូមពរទូទៅ ទាំងអ្នកនេសាទ ទាំងព្រាន ប្រមាញ់ បើគិតថា ជារបស់កម្របែបនេះ គួរតែឲ្យគ្នារស់ផង»។
ជាមួយគ្នានេះ បុរសអ្នកនេសាទ ដែលបានរាយការណ៍ពីករណីក្រពើនេះ ត្រូវបានអាជ្ញាធរខេត្ដពោធិ៍សាត់ ដែលមានដូចជា ខណ្ឌរដ្ឋបាលជលផល អភិបាលស្រុកវាលវែង មេបញ្ជាការវរសេនាតូច ការពារព្រំដែនគោកលេខ ៨២៥ និងក្រុមហ៊ុនចិន ផ្ដល់ប្រាក់លើកទឹកចិត្ដចំនួន ៦០០ដុល្លារ។
គួររំឮកថា កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងភូមិកណ្ដោល ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ បានជួបក្រពើមួយក្បាលជាប់មង ស្ថិតនៅស្ទឹងមេទឹក។ ក្រោយពីឃើញសត្វក្រពើជាប់មង ពលរដ្ឋរូបនោះបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីអន្ដរាគមន៍យកសត្វក្រពើមួយក្បាលនោះ។ ក្រោយទទួលការរាយការណ៍ អាជ្ញាធរ បានរក្សាទុកនៅទីបញ្ជាការវរការពារព្រំដែនគោកលេខ ៨២៥។
យ៉ាងណា ជុំវិញរឿងនេះលោកមេឃុំថ្មដា បានប្រាប់វិទ្យុស្ដ្រីដែរថា គេតែងតែឃើញក្រពើនេះជាញឹកញាប់ ហើយនៅតំបន់ស្ទឹងមេទឹកនោះ មិនមែនមានតែក្រពើភ្នំមួយក្បាលនេះទេ។ ជានិច្ចកាលគេតែងប្រទះឃើញសត្វក្រពើភ្នំ បង្ហាញខ្លួន ក្នុងអន្លង់ជ្រៅៗ ចាប់ពី១០ម៉ែត្រឡើងទៅ។ លោកមេឃុំអះអាងថា រហូតមកដល់ពេលនេះ គ្មានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះព្រោះការវាយប្រហារដោយក្រពើភ្នំនេះទេ។ តែបើទោះជា ក្រពើភ្នំជាពពួកសត្វដែលស្លូត មិនវាយប្រហារមនុស្សក៏ដោយ ក៏លោកមេឃុំថ្មដា សំណូមពរឲ្យប្រជាពលរដ្ឋដែលចេញទៅដាក់មង រកត្រីនៅតំបន់ស្ទឹងមេទឹកនេះ ត្រូវមានការប្រុងប្រយ័ត្ន។ គួរទៅដោយគ្នាចាប់ពីរនាក់ឡើងទៅ។
ក្រពើភ្នំ ឬគេហៅម្យ៉ាងទៀតបានថា ក្រពើត្រី សត្វក្រពើប្រភេទនេះ គឺជាពពួកសត្វល្មួនជិតផុតពូជបំផុតនៅលើសាកលលោក ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ចំនួនរបស់ក្រពើភ្នំ ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយ។ តាមឯកសាររបស់អង្គការ WCS បានបញ្ជាក់ថា សត្វក្រពើភ្នំ ឬក្រពើត្រីនេះ មានរស់នៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងប្រទេសវៀតណាម តែប៉ុណ្ណោះ។ បន្ថែមពីនេះចំនួនរបស់ពួកវា នៅលើសាកលលោក មានប្រមាណជា ៤១០ក្បាល ហើយចន្លោះពី ១០០ ទៅ ៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិ នៃប្រទេសកម្ពុជា។ យ៉ាងណាយោងតាម វិដេអូ ឯកសារ របស់អង្គការ Fauna and Flora International បាននិយាយថា ក្នុងចំណោមព្រៃធម្មជាតិ នៃប្រទេសកម្ពុជា ជូរភ្នំក្រវ៉ាញ ខេត្ដពោធិ៍សាត់ មានវត្ដមានរបស់ក្រពើភ្នំ ប្រមាណជាង ៦០ក្បាល កំពុងរស់នៅទីនោះ។
ក្រពើភ្នំ អាចមានទម្ងន់រហូតដល់ ៣៥០ គីឡូក្រាមឡើងទៅ និងមានបណ្ដោយខ្លួន ៤ម៉ែត្រ។ វាអាចសំងំនៅក្នុងទឹក បានជាច្រើនម៉ោង ដើម្បីរង់ចាប់ចំណីរបស់វា។ ធ្មេញក្រពើ នឹងដុះសារជាថ្មីរហូតដល់ ៣០០០ដង ដើម្បីជំនួសធ្មេញដែលខូចបាក់បែក ក្នុងរយៈពេល ៧០ឆ្នាំ នៃវដ្ដជីវិតរបស់វា។ ក្រពើភ្នំ បច្ចុប្បន្នបានស្ថិតក្នុងការគំរាមកំហែង ឈានទៅរកការវិនាសផុតពូជ ព្រោះតែការបរបាញ់ ការបាត់បង់ទីជម្រក៕