en     km
en     km

សម្ដេច ហ៊ុន សែន ថា សម្ដេចប្រើនយោបាយការទូតបម្រើជាតិជៀសវាងសង្គ្រាម

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថា សម្ដេចនឹងបម្រើកម្ពុជា ដោយការប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ព្រោះសម្ដេចមិនចង់កូនខ្មែរជំនាន់ក្រោយស្គាល់រស់ជាតិសង្គ្រាមដូចជំនាន់សម្ដេចឡើយ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី២៧ កញ្ញានេះ។

យោងតាមការចុះផ្សាយនេះបញ្ជាក់ថា  ការបង្ហាញជំហរបែបនេះនៅពេលដែលសម្ដេចដឹកនាំប្រតិភូទៅចូលរួមប្រជុំនៅមហាសន្និបាទអង្គការសហប្រជាជាតិនៅថ្ងៃទី ២៧ កញ្ញា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

សម្ដេចសរសេរតាមរយៈទំព័រហ្វេសថា ប្រជាជនខ្មែរគ្រប់រូបនិយមបទចម្រៀងក្រោមចំណងជើងថា លាទៅបម្រើជាតិដោយការបម្រើជាតិនាសម័យនោះគឺយកជីវិតប្រថុយជាមួយនឹងសង្គ្រាមដែលពោពេញដោយអាវុធ។ សម្ដេចបន្ថែមថា សម្ដេចធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ ដូច្នេះសម្ដេចមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ទៀតថា សម្ដេចសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីបានឡើយបើទោះបីជាស្ថិតក្នុងរូបភាពណាមួយក៏ដោយ ។ ជាងនេះ សម្ដេចចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹង និងស្មុគស្មាញ។

នាយករដ្ឋមន្ត្រីដែលដឹកនាំកម្ពុជាចំនួន ៦អាណត្តិនេះ នឹងជួបជាមួយអ្នកគាំទ្រសម្ដេចនិងអ្នកគាំទ្រកម្ពុជាដោយសម្ដេចនឹងរាយការណ៍អំពីស្ថានការណ៍ទូទៅនៅកម្ពុជាទៅពួកគាត់។

សម្ដេច ហ៊ុន សែន អំពាវនាវទៅអ្នកមិនគាំទ្រសម្ដេច ត្រូវបែងចែកឱ្យដាច់រវាងប្រយោជន៍ និងមុខមាត់ជាតិ ឱ្យដាច់ពីប្រយោជន៍ និងមុខមាត់បុគ្គល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់ខ្លួន។ សម្ដេច​ ហ៊ុន សែន មិនភ្លេចទេនូវការជូនពរប្រជាជនខ្មែរទាំងអស់ឱ្យជួបតែសេចក្តីសុខគ្រប់គ្នា៕

អត្ថបទ៖ លោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image