ថ្នាក់ដឹកនាំនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងជួបពិភាក្សាគ្នាជាថ្មីទៀត នៅថ្ងៃសុក្រ ទី៩ ខែតុលាខាងមុខនេះ អំពីបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងវិសោធនកម្ម ច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកាលថ្ងៃទី០៦ ខែ តុលា ឲ្យដឹងថា ការជួបពិភាក្សាគ្នានោះនឹងធ្វើនៅវេលាម៉ោង១៧ : ០០ល្ងាច នៅវិមានរដ្ឋសភា ដោយ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក ស ខេង ជាប្រធាន ចំណែក គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សម រង្ស៊ី ជាប្រធាន រួមទាំងក្រុមការងារចម្រុះនៃគណបក្សទាំងពីរផងដែរ។
គួរម្លឹកថា ការចរចារវាងគណបក្សទាំងពីរ កាលល្ងាចថ្ងៃព្រហស្បតិ៍ទី១ ខែតុលាកន្លងទៅ បានបញ្ចប់ ដោយមិនបានបង្ហាញលទ្ធផលជាដុំកំភួនដល់អ្នកសារព័ត៌មាននោះទេ ។ អ្នកនយោបាយនៃគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រាន់តែប្រាប់ថា មានចំណុចត្រូវរូវគ្នាច្រើន ហើយចំណុចសេសសល់តិចតួចទៀត នឹងពិភាក្សាបន្តនៅសប្ដាហ៍ក្រោយ ព្រមទាំងអះអាងផងដែរថា នឹងបង្ហាញលទ្ធផលនៅពេលក្រោយ៕