en     km
en     km

ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​ដោយសារ​មីន​ មានការ​កើនឡើង​

Share

​ភ្នំពេញ​ ៖​ របាយការណ៍​របស់​អាជ្ញាធរ​មីន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៨​ខែ​ដើមឆ្នាំ​ ២០១៨​នេះ​ ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ មានការ​កើន​ឡើងជា​កាលពី​ឆ្នាំ​២០១៧​។​ មូលហេតុ​នៃ​ការ​កើនឡើង​នេះ​ មន្ដ្រី​របស់​អាជ្ញាធរ​មីន​ បញ្ជាក់​ថា​ ដោយសារ​អ្នកខ្លះ​គិត​ថា​ គ្រាប់​ខូចគុណភាព​យក​មក​កែ​ច្នៃ​ និង​អ្នកខ្លះ​ទៀត​គ្រោះថ្នាក់​ ដោយ​ចៃដន្យ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​សំណល់​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ​បាន​កប់​ក្នុង​ដី​ កាលពី​សម័យ​កម្ពុជា​ជួប​និង​សង្គ្រាម​។​ គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ មាន​ពល​ដ្ឋ​ជា​ច្រើន​បាន​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​សំណល់​ជាតិ​ផ្ទុះ​ទាំងនោះ​។​ យោង​តាម​របាយការណ៍​ ពី​អាជ្ញាធរ​មីន​ បាន​បញ្ជាក់​ថា​ ឆ្នាំ​២០១៨​នេះ​ ចំនួន​នៃ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ទាំងនោះ​មានការ​កើនឡើង​។​

​លោក​ អេ​ង​ ភាព​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ របស់​អាជ្ញាធរ​មីន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ក្នុង​ឆ្នាំ​២០១៨​នេះ​ មាន​ចំនួន​ ៤៣​នាក់​។​ លោក​បន្ដ​ថា​ ក្នុង​ចំណោម​អ្នក​ទាំង​ ៤៣​នាក់​នេះ​ មាន​បុរស​ ២៥​នាក់​ ស្ដ្រី​ ៣​នាក់​ កុមា​រា​ ១៣​នាក់​ និង​កុមារី​ ២​នាក់​។​ បន្ថែម​ពី​នេះ​ ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់មាន​ ៨​នាក់​ ហើយ​ ៣៤​នាក់​រង​របួស​ និង​ពិការ​ ។​ អ្នក​ស្លាប់​ទាំង​ ៨​នាក់​ ៥​នាក់​ជា​បុរស​ និង​ ៣​ នាក់​ ជា​កុមា​រា​។​

​យ៉ាងណា​តាម​តួលេខ​នេះ​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ របស់​អាជ្ញាធរ​មីន​ បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ ចំនួន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ​ មានការ​កើនឡើង​ បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។​ ក្នុង​រយៈពេល​ ៨​ខែ​ដើមឆ្នាំ​២០១៧​ ជន​រង​គ្រោះ​មាន​ចំនួន​ ៣៩​នាក់​។​ លោក​បន្ដ​ថា​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​មាននៅ​ ១៥​ខេត្ដ​ ហើយ​ភាគច្រើន​ស្ថិត​ក្នុង​ខេត្ដ​ភាគ​ខាងលិច​ នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ដូច​ជា​ពោធិ៍សាត់​ បាត់ដំបង​ និង​ខេត្ដបន្ទាយមានជ័យ​ជាដើម​។​

​លោក​ អេ​ង​ ភាព​ យល់​ឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ​ មានការ​កើនឡើង​ដូច្នេះ​ពីព្រោះ​តែ​ មាន​អ្នកខ្លះ​គិត​ថា​ គ្រាប់​ទាំងនោះ​អស់​ឥទ្ធិពល​ បាន​យក​ទៅ​កែ​ច្នៃ​ ហើយ​អ្នកខ្លះ​ទៀត​ បាន​យក​ទៅ​សំណល់​ជាតិ​ផ្ទុះ​ទាំងនោះ​ទៅ​លេង​ និង​អ្នកខ្លះ​ទៀត​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ ៖«​ភាគច្រើន​ គឺ​ពួក​គាត់​ច្រើន​តែ​ទៅ​ភ្ជួរ​ ហើយ​និង​ជូន​កាល​គាត់​យក​គ្រាប់​ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ហ្នឹង​ គាត់​យក​មក​ដំ​លេង​ ឬ​ក៏​កែ​ច្នៃ​អីហ្នឹង​»​។​

​យោង​តាម​តួលេខ​ ដែល​មានការ​កើនឡើង​នេះ​ មន្ដ្រី​ របស់​អាជ្ញាធរ​មីន​ មាន​ក្ដី​ព្រួយបារម្ភ​ ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ជុំវិញ​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​នេះ​។​ ជាមួយ​គ្នា​នេះ​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ របស់​អាជ្ញាធរ​មីន​ អំពាវនាវ​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដែល​មាន​ និង​សម្បូរ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ នៅ​ពេល​ដែល​ឃើញ​ វត្ថុ​អ្វី​ដែល​មានការ​សង្ស័យ​ សូមកុំ​ប៉ះពាល់​ ហើយ​រូស​រាន់​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ ជា​ពិសេស​សូមកុំ​ព្យាយាម​ចូល​ទៅ​តំបន់ហាមឃាត់​ ដែល​បាន​ដាក់​សញ្ញា​ក្បាល​ខ្មោច​ ៖«​អ​ញ្ចឹ​ង​សុំ​ឲ្យ​គាត់​កុំ​ប៉ះពាល់​ ហើយ​សុំ​កុំ​ចូល​ទៅ​តំបន់​ទាំង​អស់នោះ​ ដែល​មាន​ដាក់​ផ្លា​ក​សញ្ញា​ហាមឃាត់​ គឺ​សញ្ញា​ក្បាល​ខ្មោច​ផ្សេងៗ​។​ អ​ញ្ចឹ​ង​សុំ​គាត់​កុំ​ប្រថុយប្រថាន​ ចូល​ទៅ​ក្នុង​តំបន់​ទាំងនោះ​ បើ​ឃើញ​របស់​ណា​សង្ស័យ​ថា​ ជា​គ្រាប់​មីន​ ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ត្រូវ​រាយការណ៍​ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ មាន​នគរបាល​ មាន​ភូមិ​ឃុំ​អី​ ដើម្បី​ខាង​អាជ្ញាធរ​ គាត់​នឹង​ចាត់វិធានការ​ ដើម្បី​ពិនិត្យ​មើល​តំបន់​ទាំងនោះ​ ឬ​កម្ទេច​គ្រាប់​ទាំងនោះ​ចោល​»​។​

​សូម​ជម្រាប​ថា​ យោង​តាម​រយ​បា​ការណ៍​ របស់​អាជ្ញាធរ​មីន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០០០​ ដល់​ ៨​ខែ​ឆ្នាំ​២០១៨​នេះ​ មាន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ មាន​ចំនួន​ ៧៦៣៦​នាក់​ ក្នុង​នោះ​ស្លាប់​ ១៤៤៤​នាក់​ និង​រង​របួស​ចំនួន​ ៦១៩២​នាក់​៕​

Share

Image
Image
Image