(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា នៅវេលាម៉ោង ៣រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់ក្រសួងមហាផ្ទៃ ជុំវិញការស្នើសុំអន្ដរាគមលើលិខិតលាលែងពីតំណែងជាប្រធានគណបក្សអំណាចខ្មែរ។
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរបានផ្ដល់បទសម្ភាសឱ្យវិទ្យុស្រ្ដីនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឱ្យដឹងបន្ថែមថា លោកមិនបានធ្វើលិខិតលាលែងចេញពីតំណែងប្រធានបក្សអំណាចខ្មែរនោះទេ ហើយអ្វីដែលលោកនឹងចូលរួមតាមកោះហៅរបស់ក្រសួងមហាផ្ទៃ គឺ ជាពាក្យស្នើសុំអន្តរាគមន៍ដែលលោកបានដាក់ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
សូមស្ដាប់ការលើកឡើងរបស់លោក សួន សេរីរដ្ឋា !
គួរម្លឹកដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកគណៈអចិន្រ្តៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី និងបក្ខពួក ដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ដោយចោទថា អ្វីដែល លោក សួង សុភណ្ឌ និងបក្ខពួកដាក់ជូនក្រសួងមហាផ្តៃនោះ ជាល្បិចដើម្បីគ្រប់គ្រងគណបក្សនេះទាំងមូល។
ក្នុងលិខិតស្នើទៅសម្តេចក្រឡាហោម ស ខេង ក្រុមសមាជិកគណៈអចិន្រ្តៃយ៍នៃគណបក្សអំណាចខ្មែរបានអះអាងថា ពួកគេនៅតែទទួលស្គាល់ លោក សួន សេរីរដ្ឋា ជាប្រធានដឹកនាំស្របច្បាប់របស់គណបក្សអំណាចខ្មែរដដែល។
ក្រុមសមាជិកអចិន្រ្តៃយ៍នៃគណបក្សសំខាន់មួយនេះ បានចាត់ទុកថា លោក សួង សុភ័ណ្ឌ បានភូតកុហករបស់ពួកគេ ដោយធ្វើលិខិតលាលែងក្លែងក្លាយបន្លំហត្ថលេខាលោកសួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសមញ្ញ លួចប្លន់យកគណបក្សអំណាចខ្មែរទៅគ្រប់គ្រង។
ជាមួយនឹងការស្នើសុំបែបនេះ ក្រុមសមាជិកអចិន្រ្តៃយ៍គណបក្សអំណាចខ្មែរ ក៏បានស្នើសម្តេចក្រឡាហោម ចាត់វិធានការចំពោះ លោក សួង សុភ័ណ្ឌ និងបក្ខពួកទៅតាមផ្លូវច្បាប់ផងដែរ៕