ភ្នំពេញ ៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា សមាគមនៅតែរក្សាជំហរ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅសួនច្បារមុខវត្ដភ្នំ តាមសេចក្ដីជូនដំណឹងរបស់ខ្លួនដាក់ទៅសាលារាជធានី។ តែយ៉ាងណាមន្ដ្រីនាំពាក្យ សាលាក្រុងរាជធានីព្រមានថា សមាគមនេះនឹងប្រឈមចំពោះផ្លូវច្បាប់ បើបំពាននឹងការហាមប្រាមរបស់សាលារាជធានី។
លោក លៀ ស៊ីណា រាយការណ៍ ៖
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចថា នឹងធ្វើការជួបគ្នាដើម្បីសម្ដែងមតិនៅថ្ងៃទី០៥ ខែតុលា នៅសួនច្បារមុខវត្ដភ្នំ ដើម្បីចូលរួមអបអរទិវាគ្រូបង្រៀនពិភពលោក ហើយក្រោយពីការជួបជុំគ្នាសម្ដែងមតិហើយ សមាគមក៏នឹងហែញត្ដិយកទៅដាក់នៅក្រសួអប់រំ និងខុទ្ទកាល័យសម្ដេច ហ៊ុន សែន ផងដែរ។ សមាគមនេះ បានដាក់លិខិតសុំការអនុញ្ញាតប្រារព្ធទីវានេះទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី២១កញ្ញាដោយសុំធ្វើទិវានៅសួនច្បារមុខវត្ដភ្នំ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បាឲ្យដឹងវិទ្យុស្ត្រីដឹងថា រហូតមកដល់ពេលនេះ លោកស្រីមិនទាន់ទទួលបានលិខិត ឬក៏ការទូរស័ព្ទទៅប្រាប់លោកស្រី ពីការអនុញ្ញាត ឬក៏ហាមប្រាមនោះទេ។ តែលោកស្រីថា បានឃើញនៅលើបណ្ដាញផ្សាយព័ត៌មានមួយ បានបញ្ជាក់អំពីការហាមប្រាម។ លោកស្រី អ៊ុក ឆាយ៉ាវី បានអះអាងថា បើទោះបានទទួលលិខិត ពីការហាមប្រាមមិនអនុញ្ញាតឲ្យយកសួនច្បារមុខវត្ដភ្នំ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក៏ដោយ ក៏សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនផ្លាស់ប្ដូរជំហររបស់ខ្លួនឡើយ គឺនឹងប្រារព្ធនៅទីតាំងដែលបានជម្រាបទៅសាលារាជធានី ៖«ជំហររបស់សមាគម ថា ត្រូវតែធ្វើនៅទីតាំងដែលដាក់សេចក្ដីជូនដំណឹងទៅសាលាក្រុង ព្រោះអីដោយជិតនិងក្រសួងអប់រំផង ខុទ្ទកាល័យផង។ អញ្ចឹងក្នុងនាមខ្ញុំ ប្រធានសមាគមត្រូវតែប្រកាន់ជំហរ នៅតែប្រារព្ធនៅថ្ងៃទី០៥ តុលា ហ្នឹងនៅទីតាំងដែលយើងបានជូដំណឹង»។
លើសពីនេះលោកស្រី បន្ថែមថា បើសិនជាសមាគមខ្លាច ហើយបញ្ឈប់គម្រោងរបស់ខ្លួន គឺបានន័យថា សិទ្ធសេរីភាពទាំងអស់ហ្នឹង គឺចប់រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ញ្ញត្ដិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលគ្រោងយកទៅដាក់ជូនក្រសួងអប់រំ និងខុទ្ទការល័យសម្ដេចនាយករដ្ឋមន្ដ្រី គឺស្នើសុំឲ្យមានការគិតគូដល់ការផ្ដល់ប្រាក់ខែកូន ប្រពន្ធ-ប្ដី និងសុំឲ្យប្រាក់ខែគ្រូកម្រិតទាបបំផុត ២លានរៀល។
តែយ៉ាងណាមន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ ថា សាលាក្រុងមិនហាមឃាត់ក្នុងការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះទេ ក៏ប៉ុន្ដែគឺត្រូវតែទៅប្រារព្ធទិវានេះ តាមការចង្អុលបង្ហាញពីអាជ្ញាធរ។ សាលាក្រុង មិនអញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បារព្ធទិវានេះ នៅសួនច្បារមុខវត្ដភ្នំឡើយ។
មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឲ្យមានការប្រារព្ធទិវានេះ នៅសួនច្បារមុខវត្ដភ្នំ ពីព្រោះតែទីនោះ គឺជាសួនច្បាប់ ហើយមិនមែនជាទីកន្លែងសម្រាប់បញ្ចេញមតិនោះទេ។ លើសពីនេះចំពោះគម្រោងនៃការហែក្បូនតាមផ្លូវសាធារណៈ ដើម្បីយកញត្ដិទៅដាក់នៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលមានដូចជាក្រសួងអប់រំជាដើម នោះសាលារាជធានីក៏មិនអនុញ្ញាតដែរ ៖«យើងគិតថា អាចប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សារធារណៈ ការកកស្ទះចរាចរណ៍ រាំងស្ទះដល់ការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ។ ក៏ប៉ុន្ដែពួកគាត់អាចយកញត្ដិទៅដាក់ហ្នឹង ដោយចាត់តំណាង ប៉ុន្មាននាក់ទៅ ហើយប្រមធ្យោបាយយានជំនិះអីធម្មតាអញ្ចឹងទៅ ទៅដល់មុខក្រសួងអប់រំ ឬក៏ទីតាំងផ្សេងៗ ដែលលោកចង់ដាក់ញ្ញត្ដិហ្នឹង ហើយដាកញ្ញត្ដិជូនតែម្ដងចុះ។ អញ្ចឹងញត្ដិនៅតែអាចប្រគល់ជូនទៅដល់ស្ថាប័នដែលម្ចាស់សំណើរចង់ គ្រាន់តែពុំអាចធ្វើការហែក្បូនមនុស្សសម្រាប់យកញត្ដិទៅដាក់ហ្នឹងបានទេ»។
មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ បន្ថែមថា ក្នុងករណីដែលសមាគមនៅតែធ្វើបំពានលើអ្វី ដែលសាលារាជធានីភ្នំពេញ ហាមប្រាម ពួកគាត់នឹងប្រឈមមុខចំពោះផ្លូវច្បាប់។ យ៉ាងណាលោករំពឹងថា សមាគមនឹងមិនបំពានលើអ្វីដែលសាលារាជធានីហាមនេះទេ។
ទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០១៨នេះ នឹងលើកយកប្រធានបទ “សិទ្ធិទទួលបានការអប់រំ និងសិទ្ធទទួលបានគ្រូបង្រៀនមានគុណភាព”។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អាចនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះបាន គឺត្រូវទៅប្រារព្ធនៅទីលានប្រជាធិបតេយ្យថ្មី គឺស្ថិតនៅតាមបណ្ដោយជាតិលេខ ៥។
សូមជម្រាបថាទីលានប្រជាធិបតេយ្យថ្មី ដែលរាជរដ្ឋាភិបាលរៀបចំសម្រាប់ឲ្យគ្រប់ភាគីទូទៅដើម្បីធ្វើការជួបជុំ បញ្ចេញមតិ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ ០៦ ខណ្ឌឬស្សីកែវ មុខឃ្លាំងសូគីម៉ិច នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ។ ទីលានថ្មីនេះ ត្រូវបានបង្កើតឡើងក្រោយពីមានការណែនាំ ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី បន្ទាប់ពីសម្ដេចយល់ឃើញថា ទីលានប្រជាធិបតេយ្យចាស់ ស្ថិតនៅមុខវត្ដភ្នំ បានបង្កការរំខាន ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលទៅកម្សាន្ដនៅវត្ដភ្នំ។ ជាងនេះសម្ដេចថា ទីលានប្រជាធិបតេយ្យចាស់ ក៏នៅជិតតំបន់ពាណិជ្ជកម្ម អ្នកការទូត ដែលគួរតែប្ដូរចេញ ដើម្បីបញ្ចៀសការរំខាន៕