ភ្នំពេញ ៖ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញនូវសេចក្ដីអំពាវនាវមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ ស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីរីករាយចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលកន្លងមកបានចូលរួម គោរពច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់ កាត់បន្ថយការបាត់បង់ជីវិត និងរបួស ក៏ដូចជាការខូចខាតទ្រព្យសម្បត្ដិដោយគ្រោះថ្នាក់ចរាចរណ៍។ តែយ៉ាងណាសម្ដេច សង្កត់ធ្ងន់ថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬ ខ្ជីខ្ជាមិនគោរពច្បាប់។
លើសពីនេះសម្ដេច ស ខេង បន្ដថា ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌខាងមុខ ចន្លោះពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ កញ្ញា នឹងមានកំណើនយានយន្ដធ្វើចរាចរណ៍ កើនឡើងខ្ពស់ ដែលអាចនាំឲ្យករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ឬការកកស្ទះចរាចរណ៍ ដូចក្នុងពិធីបុណ្យនានាពេលកន្លងទៅដែរ។ ដូច្នេះសម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស នូវចំណុចមួយចំនួន ដែលមានដូចជា ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដមុនពេលធ្វើដំណើរ។ កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសចំណុះ។ ត្រូវពាក់មួយកសុវត្ថិភាពជានិច្ច ពេលធ្វើដំណើរ។ ត្រូវគោរពសិទ្ធិអាទិភាព។ មិនត្រូវបើកលើសល្បឿនកំណត់។ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយដេក ហើយត្រូវបើកបរដោយមានស្មារតីប្រុងប្រយ័ត្នជានិច្ច។
សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋចំនួន ២៦នាក់បានស្លាប់ និង៩០នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល។ នេះបើយោងតាមផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ៕