ភ្នំពេញ៖ សាលាដំបូងរាធានីភ្នំពេញសម្រេចផ្ដន្ទាទោសមន្ត្រីនិងអតីតមន្ត្រីអាដហុកម្នាក់ៗ៥ឆ្នាំ តែយ៉ាងណាក្ដីទោសនោះត្រូវបានព្យួរ។ យ៉ាងណាមិញ មុននេះមួយថ្ងៃគឺថ្ងៃទី ២៥ កញ្ញា ម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានទទួចឱ្យកម្ពុជាទម្លាក់ការចោទប្រការលើមន្ត្រីអាដហុកទាំង៥រូបនោះ។
លោក សោម លាភ រាយការណ៍ ៖
សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមសម្រេចផ្ដន្ទាទោសមន្ត្រីអាដហុកទាំង ៥រូប ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងម្នាក់ៗ តែទោសនេះត្រូវបានព្យួរ បន្ទាប់ពីសវនាការកាលពីខែមុន ដែលមានប្រធានចៅក្រមជំនុំជម្រះគឺ លោក ឌុច សុខ សារីន។
វិទ្យុស្រ្តីមិនអាចសុំការអធិប្បាយបន្ថែមពីលោក មេធាវី សុខ សុគង់ បានទេនៅពេលនេះ ដោយហៅចូលហើយមិនមានអ្នកទទួល។
មន្ត្រីអង្គការអាដហុកទាំង ៥នោះ រូបរួមមានលោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន លោកស្រី លឹម មុនី និងអតីតបុគ្គលិកអង្គការអាដហុក លោក នី ចរិយា ដែលបច្ចុប្បន្នជាមន្ត្រីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មន្ត្រីអាដហុកទាំងនេះ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «សូកប៉ាន់សាក្សី»។ ពួកគាត់ត្រូវបានចោទថា ជាប់ពាក់ព័ន្ធនឹងករណីផ្តល់សេវាគាំទ្រទៅកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ ដែលត្រូវបានគេចោទប្រកាន់ថា ជាស្រីកំណាន់របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជម្រុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលនូវបទចោទប្រកាន់ទាំងអស់ទៅលើអតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា (អាដហុក) ទាំង៥រូបជាបន្ទាន់។
អង្គការអន្តរជាតិមួយនេះ ទាមទារឱ្យកម្ពុជាទម្លាក់ចោលរាល់ការចោទប្រកាន់លើមន្ត្រីអាដហុក ដោយធានាថា ពួកគេអាចធ្វើសកម្មភាពរបស់ពួកគេ ក្នុងការការពារនិងលើកស្ទួយសិទ្ធិមនុស្សនៅក្នុងបរិយាកាសមួយដែលសេរីនិងមានសុវត្ថិភាពដោយគ្មានលក្ខខ័ណ្ឌព្រោះអ្នកទាំងនេះមិនបានប្រព្រឹត្តខុសនោះទេ។
ទោះបីជាស្ថិតក្នុងរូបភាពណាក៏ដោយ ក៏អង្គការលើកលែងទោសអន្តរជាតិមួយនេះ ថាការចាប់ខ្លួនចោទប្រកាន់ប្រឆាំងនឹងមន្ត្រីទាំងនេះ មានចរិតនយោបាយ ដែលជាហេតុធ្វើឱ្យមានផលមិនល្អប៉ះពាល់ដល់កម្ពុជា និងសិទ្ធិមនុស្សនៃប្រទេសនេះ។
គួររំលឹកថា មន្ត្រីអាដហុកទាំង ៥ រូបត្រូវបានឃុំខ្លួនមុនការជំនុំជម្រះអស់រយៈពេលជាង ១៤ ខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០១៦ ដោយអង្គភាពប្រឆាំងអំពើពុករលួយហើយបន្ទាប់មកតុលាការបានចោទប្រកាន់ពួកគេពីបទសូកប៉ាន់សាក្សី កញ្ញា ស្រីមុំ ទៅតាមមាត្រា ៥៤៨ ដែលពួកគេប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ។ យ៉ាងណាមិញពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែមិថុនា ឆ្នាំ ២០១៧៕
អត្ថបទ៖ លោក សោម លាភ